អន្តរជាតិ
តើ​ការ​តម​អាហារ នឹង​អាចជួយ​ព្យាបាល​«​ជំងឺមហារីក​»​បាន​មែន​ទេ​?
03, Aug 2019 , 4:59 pm        
រូបភាព
ដោយ​៖ ឈួន ឈី​វ​អ៊ីង​

​ការ​តម​អាហារ គឺជា​គន្លឹះ​ដើម្បី​គ្រប់គ្រង​ស្ថានភាព​ជំងឺ​មួយចំនួន ដូចជា​ទឹកនោមផ្អែម និង​លើសឈាម​។ យ៉ាងណាក៏ដោយ ការស្រាវជ្រាវ​ថ្មី​មួយ​បាន​បង្ហាញថា ការ​តម​អាហារ​នេះ ក៏​អាចជួយ​ដល់​ការព្យាបាល​ជំងឺមហារីក បាន​ផងដែរ​។​


 
​ការស្រាវជ្រាវ​វេជ្ជសាស្ត្រ​បង្ហាញថា ការទប់ស្កាត់​ការទទួល​ទាន ពពួក​អាមីណូអាស៊ីត ដូចជា សារធាតុ​មេ​ត្យូ​នី​ន អាច​ចូលរួម​បន្ថយល្បឿន នៃ​ការលូតលាស់​ដុំ​សាច់​មហារីក​បាន​។ ជាធម្មតា ពពួក​អាមីណូអាស៊ីត មាន​ក្នុង​សាច់​ក្រហម និង​ស៊ុត ហើយ​វា​មាន​មុខងារ​បង្កើនល្បឿន​មេ​តា​ប៉ូលីស ក្នុង​ការផលិត​កោសិកា​មហារីក​។​
 
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក Jason Locasale ជា​សាស្ត្រាចារ្យ​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ Duke បង្ហាញ​តាមរយៈ​ការស្រាវជ្រាវ​ខ្លួន​ថា វា​មាន​លក្ខខណ្ឌ​ជាច្រើន ដែល​ថ្នាំ​តែមួយ​មុខ អាច​គ្មាន​ប្រសិទ្ធភាព​។ ប៉ុន្តែ​ប្រសិនបើ​គេ​ប្រើប្រាស់​ថ្នាំ រួមទាំង​តម​អាហារ នោះ​វា​នឹង​ទប់ស្កាត់​ការលូតលាស់ របស់​កោសិកា​មហារីក​បាន​។​
 
​ដំបូង​ឡើយ អ្នកស្រាវជ្រាវ​បាន​សាកល្បង​តេស្ត ជាមួយ​សត្វ​កណ្ដុរ​មិនមាន​ជំងឺ ដើម្បី​បញ្ជាក់​ពី​ល្បឿន​មេ​តា​ប៉ូលីស បន្ទាប់មក​ប្តូរ​ទៅធ្វើ​តេស្ត ជាមួយ​សត្វ​កណ្ដុរ​មាន​ជំងឺមហារីក​ពោះវៀនធំ និង​ជាលិកា​សាច់ដុំ​។ ពួកគេ​បាន​រកឃើញថា ការព្យាបាល​ដោយ​ប្រើ​សារធាតុ​គីមី មិនមាន​ឥទ្ធិពល​លើ​ជំងឺ​នោះឡើយ ដរាបណា គ្មាន​ការរួម​ផ្សំ​នឹង​ការ​តម​អាហារ​។​
 
​លោក Paul Pharoah សាស្ត្រាចារ្យ​ខាង​ផ្នែក​រោគ​មហារីក នៃ​សកល​វិទ្យាល័យ Cambridge បាន​ឲ្យ​ដឹងថា មុននឹង​សន្និដ្ឋាន​អំពី​ការ​តម​អាហារ​ថា ជា​វិធីសាស្ត្រ​ដើម្បី​ព្យាបាល​ជំងឺមហារីក​បាន គឺ​ត្រូវមាន​ការសិក្សា​ពី​មនុស្ស​ជា​ចាំបាច់​។​
 
​លោក Locasale និង​មិត្ត​រួមការ​ងារ​បាន​ពង្រឹង​ការស្រាវជ្រាវ ដោយ​ពិសោធ​លើ​ការ​តម​អាហារ​ទប់ស្កាត់​សារធាតុ​មេ​ត្យូ​នី​ន លើ​មនុស្ស​ដែលមាន​សុខភាព​ល្អ ប្រាំមួយ​នាក់ ហើយ​លោក​បាន​រកឃើញថា វា​មាន​ឥទ្ធិពល​ទៅលើ​ល្បឿន​មេ​តា​ប៉ូលីស ស្រដៀង​គ្នា​ទៅនឹង​សត្វ​កណ្តុ​រដែរ​។​
 
​លោក Tom Sanders សាស្ត្រាចារ្យ​ផ្នែក​អាហារូបត្ថម្ភ និង​របប​អាហារ នៃ​សាកលវិទ្យាល័យ King’s College London បាន​ព្រមាន​ថា ការសន្និដ្ឋាន​នេះ អាច​រហ័ស​ខ្លាំងពេក ហើយ​វា​ក៏​គ្មាន​ភស្តុតាង​ណា ដែល​បញ្ជាក់ថា​ការ​តម​អាហារ នឹង​អាចជួយ​អ្នកជំងឺ​មហារីក​បាន​នៅឡើយ​ទេ​។​
 
​កាលពី​ឆ្នាំ ២០១៨ ការសិក្សា​មួយ​បាន​បង្ហាញថា ការប្រើប្រាស់​សារធាតុ​គីមី​ដើម្បី​ព្យាបាល​កាន់តែ​មាន​ប្រសិទ្ធភាព រួមជាមួយ​ការទទួល​ទាន​អាហារ​មាន​ជាតិ​ស្ករ​ទាប និង​ប្រូតេអ៊ីន​ខ្ពស់​។ ចំណែក​ប្រភេទ​ជំងឺមហារីក​ផ្សេងទៀត អាច​អន់ថយ​ជាង​មុន ដោយ​គ្រាន់តែ​បរិភោគ​អាហារ​ដែលមាន​ជាតិ​ស្ករ​ទាប​មួយ​មុខ​ប៉ុណ្ណោះ​៕
 

Tag:
 មហារីក​
 ​សុខភាព​
  របប​អាហារ
© រក្សាសិទ្ធិដោយ thmeythmey.com