ជាតិ
បទយកការណ៍ / បទសម្ភាសន៍
តើ​ការសិក្សា​ទស្សនវិជ្ជា​មាន​សារៈសំខាន់​ដូចម្តេច ចំពោះ​សង្គមជាតិ​?
03, Aug 2019 , 7:59 pm        
រូបភាព
លោកបណ្ឌិត ឈុត ប៊ុនថង សាស្រ្តាចារ្យទស្សនវិជ្ជានៅរាជបណ្ឌិត្យសភាកម្ពុជា
លោកបណ្ឌិត ឈុត ប៊ុនថង សាស្រ្តាចារ្យទស្សនវិជ្ជានៅរាជបណ្ឌិត្យសភាកម្ពុជា
ដោយ:
​ភ្នំពេញ​៖ មាន​ពលរដ្ឋ​ខ្មែរ​តិចតួច​ណាស់ ដែល​បាន​ស្គាល់​មុខវិជ្ជា​ទស្សនវិជ្ជា ពីព្រោះ មុខវិជ្ជា​ដ៏​ចំណាស់​មួយ​នេះ ពុំមាន​នៅក្នុង​កម្មវិធី​សិក្សា​ថ្នាក់​ចំណេះដឹង​ទូទៅ ស្របពេល​ដែលមាន​និស្សិត​មិន​ច្រើន​នោះឡើយ ដែល​កំពុង​សិក្សា​មុខវិជ្ជា​នេះ​នៅ​ថ្នាក់​មហាវិទ្យាល័យ​។ លោក​បណ្ឌិត ឈុត ប៊ុន​ថង សាស្ត្រាចារ្យ​ទស្សនវិជ្ជា​នៅ​រាជបណ្ឌិត្យសភាកម្ពុជា បាន​លើកឡើងថា មុខវិជ្ជា​ទស្សនវិជ្ជា បាន​បណ្តុះ​មនុស្ស​ឲ្យ​មាន​ការគិត​សម​ហេតុផល (Critical Thinking) បង្រៀន​មនុស្ស​ឲ្យ​មានការ​វិភាគ ក្នុងការ​ដោះស្រាយ​បញ្ហា​ក្នុង​ជីវិត ព្រមទាំង​ជួយ​តម្រង់​មនុស្ស​ឲ្យ​មាន​សីលធម៌ ដែលជា​គ្រឹះ​ក្នុងការ​ក​រស់នៅ​ក្នុងសង្គម​ជាមួយគ្នា ដោយ​សុខដុមរមនា​។

 
​តើ​ទស្សនវិជ្ជា​ជា​អ្វី​? តើ​មុខវិជ្ជា​នេះ​មាន​សារសំខាន់​ដូចម្តេច​? ជា​បន្ត​សូម​អញ្ជើញ​ស្តាប់​បទ​សម្ភាស​រវាង លោក រ៉ឹ​ម ភា​រី អ្នកសារព័ត៌មាន​នៃ​សារព័ត៌មាន​ថ្មីៗ និង​លោក​សាស្ត្រាចារ្យ​ទស្សនវិជ្ជា ឈុត ប៊ុន​ថង ដូចតទៅ​៖
 


 
​លោក​បណ្ឌិត ឈុត ប៊ុន​ថង សាស្ត្រាចារ្យ​ទស្សនវិជ្ជា​នៃ​រាជបណ្ឌិត្យសភាកម្ពុជា បាន​មានប្រសាសន៍ថា មុខវិជ្ជា​ទស្សនវិជ្ជា គឺជា​មុខវិជ្ជា​ដ៏​ចំណាស់​មួយ​នៅលើ​ពិភពលោក និង​ជា​មុខវិជ្ជា​ដ៏​មានតម្លៃ​ណាស់ សម្រាប់​បុគ្គល គ្រួសារ និង​សង្គមជាតិ​។ លោក​បាន​អត្ថាធិប្បាយ​ថា​៖ «​ទីមួយ អ្នកសិក្សា​ទស្សនវិជ្ជា អាច​ឈានទៅ​ពង្រីក​ការពិចារណា និង​ជំនាញ​នៃ​ការគិត​ម៉ត់ចត់​សព្វ​ជ្រុងជ្រោយ ផ្អែកលើ​ហេតុផល​គ្រប់គ្រាន់ ឬ​គេ​ច្រើន​ហៅថា Critical Thinking​។ ទី​ពីរ ពិភពលោក​គេ​ទទួលស្គាល់ថា ជំនាញ​ទស្សនវិជ្ជា វា​មាន​ប្រយោជន៍​នៅក្នុង​ជំនាញ​ផ្សេងៗ​ទៀត មានន័យថា អ្នកជំនាញ ដូចជា គ្រូពេទ្យ អ្នកច្បាប់ អ្នកប្រវត្តិសាស្ត្រ អ្នកសេដ្ឋកិច្ច ក៏​ត្រូវការ​ទស្សនវិជ្ជា​ដែរ​។ ដូច្នេះ បានជា​នៅ​ថ្នាក់​ឆ្នាំ​សិក្សា​មូលដ្ឋាន​ក្នុង​បណ្តា​ប្រទេស​ជាច្រើន គេ​តម្រូវ​ឲ្យ​រៀន​មុខវិជ្ជា​ទស្សនវិជ្ជា​យ៉ាងតិច​មួយ​Term​ដែរ​…»​។                    
 
​បើតាម​លោក​សាស្ត្រាចារ្យ ឈុត ប៊ុន​ថង មុខវិជ្ជា​ដ៏​ចំណាស់​មួយ​នេះ ចាប់កំណើត​ឡើង​នៅ​ប្រទេស​ក្រិច​បុរាណ​តាំងពី​សតវត្ស​ទី​៦ ឬ​ទី​៧​មុន​គ្រឹ​ស្ដ​សករាជ​។ បច្ចុប្បន្ន មុខ​វិជ្ជមាន​នេះ ត្រូវបាន​ពិភពលោក​បែងចែក​ជា​៣​ប្រភេទ គឺ​ទស្សនវិជ្ជា​បូព៌ា​ប្រទេស ទស្សនវិជ្ជា​បស្ចិមប្រទេស និង​ទស្សនវិជ្ជា​អន្តោគ្រាម​។  
 
​ដោយឡែក ទស្សនវិជ្ជា​ខ្មែរ​វិញ ដ្បិត​មិនមាន​ឯកសារ​បញ្ជាក់​ច្បាស់លាស់ ប៉ុន្តែ​លោក​សាស្ត្រាចារ្យ​សន្និដ្ឋានថា ផ្អែក​តាម​ប្រវត្តិសាស្ត្រ​របស់​ខ្មែរ ដែលមាន​ភាពរុងរឿង​នា​សម័យអង្គរ ខ្មែរ​មាន​ទស្សនវិជ្ជា​មិន​អន់​ឡើយ​។ លោក​អះអាងថា ទស្សនវិជ្ជា​ខ្មែរ តែងតែមាន​បង្កប់​នៅក្នុង​រឿងព្រេង អក្សរសិល្ប៍ និង​ក្រោយ​សម័យ​ទំនើប ទស្សនវិជ្ជា​ខ្មែរ មាននៅ​ក្នុង​ច្បាប់ក្រម​ង៉ុ​យ​។ 
 
​រីឯ​នៅ​ក្នុងសម័យ​សង្គមរាស្ត្រនិយម កម្ពុជា​មានការ​ប្រើប្រាស់​សៀវភៅ​ទស្សនវិជ្ជា​ជា​ភាសា​ខ្មែរ ប៉ុន្តែ​នៅក្នុង​សម័យ​រដ្ឋ​កម្ពុជា ពុំមាន​វត្តមាន​មុខវិជ្ជា​នេះ​នោះទេ ដោយមាន​រៀន​ពី​សីលធម៌​នយោបាយ​។ នេះ​ជាការ​អត្ថាធិប្បាយ​របស់​សាស្ត្រាចារ្យ ឈុត ប៊ុន​ថង ដោយ​បន្ថែមថា បន្ទាប់ពី​សម័យ​រដ្ឋ​កម្ពុជា ខ្មែរ​បាន​ផ្តើម​រៀន​មុខវិជ្ជា​ទស្សនវិជ្ជា​ម្តងទៀត ប៉ុន្តែ​ជា​ទស្សនវិជ្ជា​អឺរ៉ុប​ខាងកើត ដូចជា អាល្លឺម៉ង់ និង​រុស្សី តាមរយៈ​ការសិក្សា​ទ្រឹស្តី​ម៉ាក​លេនីន​ជាដើម​។  
 
​បើតាម​លោក ឈុត ប៊ុន​ថង ក្រោយ​ឆ្នាំ​១៩៩៣ កម្ពុជា​បាន​បញ្ជ្រាប​បណ្តើរៗ​នូវ​ការសិក្សា​ទស្សនវិជ្ជា​បស្ចិមប្រទេស​។ ប៉ុន្តែ​នៅ​ប្រហែល​ឆ្នាំ​២០០០ រហូតមកដល់​បច្ចុប្បន្ន នៅ​ថ្នាក់មធ្យមសិក្សា​ទុតិយភូមិ ស្រាប់តែ​បាត់​មុខវិជ្ជា​ទស្សនវិជ្ជា ជំនួស​មកវិញ​នូវ​មុខវិជ្ជា​សីលធម៌​ពលរដ្ឋ​វិជ្ជា ដែលមាន​បញ្ជ្រាប​មេរៀន​ទស្សនវិជ្ជា​ខ្លះៗ​ប៉ុណ្ណោះ​។ 
 
​នៅពេល​បញ្ចប់​ការសិក្សា​ជំនាញ​ទស្សនវិជ្ជា និស្សិត​ទស្សនវិជ្ជា​អាច​ក្លាយ​គ្រូបង្រៀន​សីលធម៌​ពលរដ្ឋ​វិជ្ជា មេធាវី អ្នកស្រាវជ្រាវ ទីប្រឹក្សា​ផ្នែក​ធនធានមនុស្ស អាជ្ញាធរ អ្នកកាសែត អ្នក​ប្រឹក្សា​យោបល់​ផ្លូវចិត្ត​…​។ នេះ​ជាការ​បញ្ជាក់​របស់​សាស្ត្រាចារ្យ ឈុត ប៊ុន​ថង ដោយ​បន្ត​ពន្យល់ថា បើសិន​ប្រព័ន្ធ​អប់រំ មាន​កម្មវិធីសិក្សា​ទស្សនវិជ្ជា​ច្បាស់លាស់ ដូច​ប្រទេស​ជឿនលឿន​មួយចំនួន​មែន​នោះ នោះ​និស្សិត​ដែល​បញ្ចប់​មុខវិជ្ជា​ទស្សនវិជ្ជា នឹង​អាច​ទៅធ្វើ​ការងារ​ខាងលើនេះ​បាន​៕      

Tag:
 ទស្សនវិជ្ជា​
  ឈុត ប៊ុន​ថង​
  អប់រំ​
  សីលធម៌​
© រក្សាសិទ្ធិដោយ thmeythmey.com