ជាតិ
សង្គមជាតិ
និស្សិត១០ប្រទេស កំពុងជួបជុំគ្នានៅកម្ពុជា ដើម្បីពិភាក្សាពីបញ្ហាបរិស្ថានធម្មជាតិ វប្បធម៌… មេដឹកនាំតំណាងឲ្យប្រទេសទាំង១០ ដែលឡើងមកចែករំលែកបទពិសោធន៍លើបញ្ហាបរិស្ថាន ដោយលើកយកពាក្យ សន្តិភាព សម្រាប់ឲ្យបរិស្ថានល្អប្រសើរ
× ភ្នំពេញ៖ កម្ពុជា កំពុងធ្វើជាម្ចាស់ផ្ទះនៃវេទិកាមួយស្តីពី«បរិស្ថានធម្មជាតិប្រវត្តិសាស្ត្រ វប្បធម៌ និងគុណតម្លៃ» ដែលជាផ្នែកមួយសម្រាប់ជំរុញឲ្យយុវជនស្រឡាញ់ និងការពារបរិស្ថាន។ វេទិកានេះ មានការចូលរួមពីនិស្សិតសាកលវិទ្យាល័យនានា នៃបណ្តាប្រទេសចំនួន ១០ ដូចជា វៀតណាម ថៃ ហ្វីលីពីន ចិន មីយ៉ាន់ម៉ា ឥណ្ឌូណេស៊ី កូរ៉េ ជប៉ុន ម៉ាឡេស៊ី រួមទាំងកម្ពុជាផង។
វេទិកានេះ ចាប់ផ្តើមពីថ្ងៃទី២ ដល់ថ្ងៃទី៦ ខែសីហា នៅភ្នំពេញ និងសៀមរាប ដើម្បីឲ្យនិស្សិតទាំង១០ប្រទេស អាចចែករំលែកពីពិធីថែទាំ និងការពារបរិស្ថាន និងលើកឡើងពីកង្វល់ និងចំណុចខ្វះខាតចំពោះការការពារបរិស្ថាន ដើម្បីកែប្រែឲ្យបរិស្ថានរបស់ប្រទេសខ្លួនមានភាពល្អប្រសើរដែលប្រកបដោយពណ៌បៃតង និងការលូតលាស់។
និស្សិតទាំង១០ប្រទេសកំពុងមានវត្តមាននៅកម្ពុជាសម្រាប់ពិភាក្សាលើប្រធានបទ បរិស្ថានធម្មជាតិ ប្រវត្តិសាស្ត្រ និងគុណតម្លៃ
នៅក្នុងវេទិកានោះមានមេដឹកនាំតំណាងប្រទេសរៀងៗខ្លួន មកចែករំលែកពីស្ថានភាពបរិស្ថានក្នុងប្រទេសនីមួយៗ ដើម្បីបានជាសារមួយសម្រាប់ផ្សាយភាយឲ្យយុវជនចូលរួមស្រឡាញ់ និងខ្វាយខ្វាល់ពីបញ្ហាបរិស្ថាន។
លោក យក់ ង៉ុយ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ដែលអញ្ជើញបើកវេទិកានេះ កាលពីថ្ងៃទី២ សីហា បានបញ្ជាក់ថា វេទិកានេះនឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការបណ្តុះស្មារតីយុវជនជំនាន់ក្រោយ ឲ្យគិតគូរពីបរិស្ថាន។ រដ្ឋលេខាធិការក្រសួងអប់រំ ក៏បានកត់សម្គាល់ផងដែរថា យុវជនបច្ចុប្បន្ន ហាក់បង្ហាញការយកចិត្តទុកដាក់ និងកាន់តែស្រឡាញ់ បរិស្ថាននិងគាំពារបរិស្ថានច្រើនជាងមុន ហើយលោកជឿជាក់ថាទៅថ្ងៃអនាគត បរិស្ថាននឹងល្អប្រសើរ។
សូមបញ្ជាក់ថា នៅថ្ងៃទី ៣ ខែសីហានេះ កម្ពុជា ដែលជាម្ចាស់ផ្ទះ ក៏កំពុងសម្របសម្រួលក្រុម ន៍និស្សិតទាំង១០ប្រទេសនេះ ទៅទស្សនកិច្ចនៅក្នុងខេត្តសៀមរាប ដើម្បីបង្ហាញពីប្រវត្តិសាស្ត្រ, សំណង់ប្រាសាទអង្គរវត្តដ៏អស្ចារ្យ និងរួមគ្នាដាំកូនឈើផងដែរ៕
Tag:
និស្សិត
អាស៊ាន
បរិស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com