ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក គឹម ហាក់ ថា​គម្រោង​«​រស់រាន​»​មិនមែន​មានតម្លៃ​ត្រឹម​កម្ពុជា តែ​សម្រាប់​ពិភពលោក​
03, Aug 2019 , 9:29 pm        
រូបភាព
​ភ្នំពេញ​៖«​រស់រាន​» គឺជា​គម្រោង​រុករក​បែប​ផ្សងព្រេង​មួយ របស់ លោក គឹម ហាក់ ដែល​ផ្ដើម​ពី​ស្រុកកំណើត​របស់ខ្លួន ទៅ​បណ្ដា​ប្រទេសមួយ​ចំនួន​ក្នុង​ពិភពលោក ដើម្បី​ស្វែងរក​ប្រជាជន​ខ្មែរ ដែល​នៅ​រស់រានមានជីវិត ក្រោយ​របប​ខ្មែរក្រហម​។ តាមរយៈ​ការចងចាំ​របស់​ប្រជាជន​ខ្មែរ ដែល​បាន​ឆ្លង​ផុត ពី​សេចក្ដីស្លាប់ ក្នុងសម័យ​សង្គ្រាមលោក គឹម ហាក់ សង្ឃឹមថា វា​នឹង​ក្លាយជា​កញ្ចក់​ឆ្លុះ ដល់​សង្គ្រាម​នៅ​ជុំវិញ​ពិភពលោក ដែល​ប្រៀបបាន​នឹង​ភ្នំភ្លើង​ផ្ទុះ បំផ្លាញ​ជីវិត​មនុស្ស​មិន​រើសមុខ​នោះ​។


 
​នា​វេលាយប់​ម៉ោង​ប្រមាណ ៧ ពន្លឺព្រះអាទិត្យ​បាន​ចាកចោល​ភពផែនដី ដោយ​ជំនួស​មកវិញ​នូវ​ពន្លឺ​អគ្គិសនី​ដ៏​ស្រទន់ ដើម្បី​បំភ្លឺ​រូបថត​ចំនួន​១៨​ផ្ទាំង ដែល​បាន​តាំងពិព័រណ៍​ក្នុង​មជ្ឈមណ្ឌល​បុប្ផា​ណា​។ រូបថត​បង្ហាញ​ពី​គ្រឿងអលង្ការ វត្ថុ​បុរាណ ក្រមា ដែល​ដាក់​នៅលើ​អង្រឹង ទៃ​អង្ករ ដែលមាន​កន្ត្រៃ​នៅ​ពីលើ ឯកសារ​ជា​សៀវភៅ ខ្សែលួស វត្ថុ​ប្រើប្រាស់​ក្នុង​ផ្ទះបាយ និង​មាន​ច្រើន​ទៀត ដែល​រំលេច​ពណ៌​ដ៏​ស្រស់ស្អាត​របស់ខ្លួន ចេញពី​ក្នុង​ស៊ុម​ពណ៌​ខ្មៅ​។ វា​ហាក់​បង្ហាញ​ពី​ភាពឈឺចាប់ ដែល​នៅ​ពីក្រោយ​ភាព​រីករាយ​ដូច្នោះ​ដែរ​។​


 
​ស្ថិតក្នុង​ចំណោម​មនុស្ស​ប្រមាណ ៤០​នាក់ ដែល​មក​ចូលរួម​ក្នុង​ថ្ងៃ​សម្ពោធ​ពិព័រណ៍​របស់ខ្លួន លោក គឹម ហាក់ ថា​យ៉ាងហោចណាស់ លោក​ត្រូវការ​ពេល​ប្រមាណ​ជា​១០​ឆ្នាំ ដើម្បី​បញ្ចប់​គម្រោង​«​រស់រាន​»​នេះ​។ ឆ្លើយ​ប្រាប់​សារព័ត៌មាន​ថ្មីៗ ចំ​ថ្ងៃ​បើកសម្ពោធ ការតាំងពិព័រណ៍​រូបថត​ក្នុង​ជំពូក​ទី​៣ សិល្បករ​ឯករាជ្យ គឹម ហាក់ ថា​ពិព័រណ៍​ថ្ងៃនេះ ផ្ដោត​សំខាន់​លើ​បទពិសោធ​ជន​អន្តោ​ប្រវេ​ស​ខ្មែរ ដែល​រស់នៅក្នុង​ប្រទេស​នូ​វែ​ល​សេ​ឡង់​។ ពិព័រណ៍​នេះ ភាគច្រើន​បង្ហាញ​ពី​គ្រឿងអលង្ការ និង​របស់របរ​ប្រើប្រាស់ ជាប់​ពាក់ព័ន្ធ​ទៅនឹង​សម័យ​សង្គ្រាម ដែល​អ្នក​រស់រានមានជីវិត​បាន​រក្សាទុក​។ 
 
​បុរស​រាង​ខ្ពស់​សម្បុរ​ស្រអែម​រូបនេះ បញ្ជាក់​ស្របពេល​អ្នកទស្សនា​ដើរ​មើល​រូបថត​របស់ខ្លួន​នា​យប់​ថ្ងៃទី​១ សីហា ឆ្នាំ​២០១៩ បន្តថា​៖«​ពិព័រណ៍​នេះ ខ្ញុំ​ផ្ដោត​សំខាន់​លើ​របស់របរ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​សម័យ​ខ្មែរក្រហម​។ របស់​ខ្លះ វា​មាន​វត្តមាន​មុន​សម័យ​សង្គ្រាម​។ ខ្លះទៀត នៅក្នុង​សម័យ​សង្គ្រាម ហើយ​ខ្លះទៀត ក្រោយ​សង្គ្រាម​។ របស់​ខ្លះ ពួកគាត់​ភៀសខ្លួន​ទៅហើយ ទើប​គាត់​មាន​។ ខ្ញុំ​បង្ហាញ​ពី​វត្ថុ ព្រោះ​ខ្ញុំ​គិតថា វា​អាច​ត្រូវ​នឹង​រឿង​របស់​មនុស្ស​ច្រើន​គ្នា​។ វា​ហាក់​បង្ហាញ​ពី​សិល្បៈ​ច្រើន ប៉ុន្តែ​នៅ​ពីក្រោយ​រូបភាព​ទាំងនោះ វា​បាន​បង្ក​ត់​នូវ​រឿង​ជាច្រើន​»​។ 


 
​មុន​តាំង​បង្ហាញ​នៅ​ប្រទេស​កម្ពុជា រូបថត​ដាក់​ក្នុង​ស៊ុម​កញ្ចក់​ពណ៌​ខ្មៅ ចំនួន​១៨​ផ្ទាំង​ដែល​នីមួយៗ​មាន​ទំហំ​ប្រមាណ​មួយ​ម៉ែត្រ​នោះ បាន​តាំង​បង្ហាញ​ក្នុង​វិចិត្រសាល Objectspace នៅឯ​ទីក្រុង Auckland ប្រទេស​នូ​វែ​ល​សេ​ឡង់ កាលពី​ថ្ងៃទី​១ ខែមិថុនា រហូតដល់​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៩ ដែលមាន​ចំនួន​៣០​ផ្ទាំង រួមជាមួយ​នឹង​វត្ថុ​ទាំងនោះ​ផង​។​
 
​ដោយមាន​ការគាំទ្រ​ពី​មូលនិធិ Rei Foundation ក្នុង​ឆ្នាំ​២០១៨ លោក គឹម ហាក់ អាច​ចំណាយពេល​ជាមួយ​ប្រជាជន​កម្ពុជា ចំនួន​១២​គ្រួសារ នៅ​ប្រទេស​នូ​វែ​ល​សេ​ឡង់ ដើម្បី​ធ្វើ​កិច្ចការ​របស់ខ្លួន​។ ស្ថិតក្នុង​វ័យ​៣៨​ឆ្នាំ លោក គឹម ហាក់ ដែលមាន​ស្រុកកំណើត នៅ​ខេត្តបាត់ដំបង ត្រូវ​ប្រឹងប្រែង​ស្រាវជ្រាវ​បញ្ចប់​គម្រោង​របស់ខ្លួន ព្រោះតែ​ការមើល​ឃើញថា មនុស្ស​ចាស់ៗ​កាន់តែ​បាត់បង់​ជា​បន្តបន្ទាប់​។ ចាយ​ពេល​អស់​៥​ឆ្នាំ ទើប​អាច​បញ្ចប់​បាន​៣​ជំពូក សិល្បករ​រូបនេះ ត្រូវការ​ពេល​យ៉ាងហោចណាស់​៥​ឆ្នាំ​បន្តទៀត ដើម្បី​បញ្ចប់​៤​ជំពូក​បន្ទាប់​។​
 
​ការស្វែងរក​ប្រភព គឺជា​រឿង​ដ៏​លំបាក​មួយ ប៉ុន្តែ​អ្វីដែល​កាន់តែ​លំបាក​ជាងនេះទៅទៀត គឺ​ការស្វែងរក​ជំនួយ​។ លោក គឹម ហាក់ ត្អូញត្អែរ​នៅ​ចំ​កណ្ដាល​វិចិត្រសាល​នាម​ជ​ម្ឈ​មណ្ឌល​សោតទស្សន៍​បុប្ផា​ណា ខណៈពេល​អ្នកទស្សនា កំពុង​ពិភាក្សា គ្នា​ពី​រូបថត​ដែល​ពួកគេ​កំពុង​មើល​ដូច្នេះ​ថា​៖«​វា​ពិតជា​រឿង​លំបាក ក្នុងការ​ស្វែងរក​ជន​ជាតិខ្មែរ​រស់នៅរ​បទេស ដែល​ធ្លាប់​ឆ្លងកាត់​សង្គ្រាម​។​ខ្ញុំ​ត្រូវ​ស្វះ​ស្វែងរក​ពួកគាត់ តាមរយៈ​សហគមន៍​ខ្មែរ នៅតាម​ប្រទេស​ទាំងនោះ​។ ពេលខ្លះ ខ្ញុំ​បាន​ជួប​គាត់​ហើយ ប៉ុន្តែ​គាត់​មិន​ចង់​រំឭក​រឿង​ឈឺចាប់​ទាំងនោះ​ទៀត​។ ហើយ​អ្វី​ដែលជា​ឧបសគ្គ​ធំ គឺ​ជំនួយ​។ ម្ចាស់​ជំ​នូ​យ គេ​ទាមទារ​ឯកសារ​ច្រើនណាស់ ព្រោះតែ​ខ្ញុំ​ត្រូវការ​ប្រាក់​ច្រើន​»​។​


 
​គម្រោង​«​រស់រាន​»​បែង​បែក​ជា​៧​ជំពូក​។ មកដល់ពេលនេះ សិល្បករ​ឯករាជ្យ គឹម ហាក់ បញ្ចប់​គម្រោង​របស់ខ្លួន​បាន ៣​ជំពូក ដោយ​នៅសល់ ៤ ជំពូក​ទៀត​។ ជំពូក​ទី​១ លោក គឹម ហាក់    បាន​ជាមួយ​ប្រជាជន​ខ្មែរ​នៅក្នុង​ប្រទេស​។ ចំណែក​ជំពូក​ទី ២ ធ្វើការ​ជាមួយ​ប្រជាជន​ខ្មែរ​នៅ​អូស្ត្រាលី និង​ជំពូក​ទី​៣ ជាមួយ​ខ្មែរ​នៅ​ប្រទេស​នូ​វែ​ល​សេ​ឡង់​។  
 
​សម្រាប់​ជំពូក​ទី​៤ ដែលជា​ការងារ​បន្ទាប់​លោក គឹម ហាក់ គ្រោង​ដាក់​ទៅ​ជប៉ុន​។ បន្ទាប់មក​គម្រោង​ទី​៥ ទៅ​បារាំង ហើយ​គម្រោង​ទី​៦ ទៅ​អាមេរិក និង​ដំណើរ​ចុងក្រោយ គឺ​ទៅ​ប្រទេស​កាណាដា​។ បន្ទាប់ពី​បាន​ទៅគ្រប់​ប្រទេស​ទាំងអស់ ដែលមាន​នៅក្នុង​គម្រោង​រួចហើយ អ្នកស្រាវជ្រាវ​រូបនេះ មានការ​ងារ​មួយ​ចុងក្រោយ​មួយទៀត គឺ​ធ្វើការ​ជាមួយ​កូន​ខ្មែរ ដែល​កើត​នៅ​បរទេស ប៉ុន្តែ​ពួកគេ​បាន​ត្រឡប់មក​កម្ពុជា ដែលជា​ប្រទេស​កំណើត របស់​ម្ដាយ​ឪពុក​ពួកគេ ដើម្បី​ស្វែងរក​ឫសគល់​។ 


 
​អះអាង​ទាំង​មិនសូវមាន​ទំនុកចិត្ត លោក គឹម ហាក់ ថា ទោះជា​យ៉ាងណា​ជំពូក​ទាំង​៤​ចុងក្រោយ ដែល​ស្ថិតក្នុង​គម្រោង​នៅឡើយ​នោះ លោក​នឹង​ប្រឹងប្រែង​ស្វែងរក​ជំនួយ​បន្ត​។ «​ទោះជា​យ៉ាងណា ខ្ញុំ​នឹងធ្វើ​ទៅតាម​លទ្ធភាព​។ រាល់​ការងារ​ទាំងអស់ ខ្ញុំ​ចាប់ផ្ដើម​សរសេរ​គម្រោង​សុំ​ជំនួយ​ជា​បណ្ដើរៗ​។ ខ្ញុំ​មិន​ចាំ​ឱ្យ​ការងារ​ចាស់​ចប់​ហើយ ទើប​ខ្ញុំ​ចាប់ផ្ដើម​សុំ​ជំនួយ​នោះទេ​»​។ នេះ​ជាការ​បញ្ជាក់បន្ថែម របស់លោក គឹម ហាក់​។   
 
​បុរស​ដែល​កើត​ក្រោយ​សម័យ​សង្គ្រាម​ប៉ុលពត ត្រឹម​២​ឆ្នាំ​រូបនេះ ត្រូវ​ចំណាយ​ប្រាក់​រាប់ម៉ឺន​ដុល្លារ​អាមេរិក សម្រាប់​ការងារ​ស្រាវជ្រាវ តាម​ប្រទេស​នីមួយៗ ដែល​ការងារ​នេះ បានចាប់ផ្ដើម តាំងពី​ឆ្នាំ​២០១៤​មក​នោះ​។​
 
​មិន​រារែក​ក្នុងការ​ប្រាប់​ពី​បំណង​ធំ​របស់ខ្លួន សិល្បករ​ឯករាជ្យ គឹម ហាក់ ថា​នឹង​ចងក្រង​អ្វី ដែល​លោក​ប្រមូល​បានជា​សៀវភៅ  សម្រាប់​ទុកជា​ឯកសារ​នៃ​ការចងចាំ ដល់​ក្មេងជំនាន់ក្រោយ​។ ទោះជា​យ៉ាងណា មុន​ចងក្រង​សឿ​វ​ភៅ​ក្បាល​ធំ លោក ហាក់ នឹង​បោះពុម្ព​សៀវភៅ​ស្ដីពី​ជំពូក​ទី​៣​របស់ខ្លួន នៅក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​។ លោក​បញ្ជាក់បន្ថែម​ដូច្នេះ​៖«​យើង​ត្រូវតែ​ដឹង​ពី​រឿង​ប្រវត្តិសាស្ត្រ​ខ្លួន​។ ខ្មែរ​ជំនាន់​ក្រោយ មិនអាច​ប្រហែស​ខ្លួន​បានទេ បើ​ពុំ​ដូច​នោះទេ យើង​អាច​នឹង​ដើរ​ជាន់​ដាន​ចាស់​។ ពិភពលោក នៅតែមាន​សង្គ្រាម​។ ដូច្នេះ​ឯកសារ​មួយ​នេះ នឹង​ក្លាយជា​សារ​មួយ​ព្រមាន​ជាស​កល​»​។ 
​ការតាំងពិព័រណ៍​រូបថត​ក្នុង​គម្រោង​«​រស់រាននេះ ចាប់ផ្ដើម​ពីថ្ងៃ​ទី​១ ខែសីហា ដល់​ថ្ងៃទី​៣១​ខែសីហា ឆ្នាំ​២០១៩៕ 





 

Tag:
 គឹម ហាក់​
 ​ពិព័រណ៍​រូបថត​
 ​ប៉ុលពត​
 ​រស់រាន​
 ​វិចិត្រសាល​
 ​ភៀសខ្លួន​
 ​សង្គ្រាម​
© រក្សាសិទ្ធិដោយ thmeythmey.com