ជាតិ
សង្គមជាតិ
ព្រះមហាក្សត្រ តែងតាំង​លោកស្រី Maureen Harding Clark ជា​ចៅក្រម​អន្តរជាតិ​នៅ​សាលាក្តី​ខ្មែរក្រហម​
03, Aug 2019 , 10:29 pm        
រូបភាព
លោកស្រីMaureen Harding Clark ជាចៅក្រមអន្តរជាតិនៅសាលាក្តីខ្មែរក្រហម រូបភាពពី AKP
លោកស្រីMaureen Harding Clark ជាចៅក្រមអន្តរជាតិនៅសាលាក្តីខ្មែរក្រហម រូបភាពពី AKP
ដោយ:
​ភ្នំពេញ​៖ ព្រះមហាក្សត្រ ព្រះបាទ ព្រះបរមនាថ នរោត្តម សីហមុនី បាន​ត្រាស់បង្គាប់​តែងតាំង​លោកស្រី  Maureen Harding Clark ជា​ចៅក្រម​អន្តរជាតិ នៅ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (ECCC) ជំនួស​លោកស្រី Agnieszka Klonowiecka-Milart ជា​ជនជាតិ​ប៉ូឡូញ ដែល​បាន​លាឈប់ កាលពី​ចុងឆ្នាំ​២០១៨​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​សាលាក្តី​ខ្មែរក្រហម កាលពី​ថ្ងៃទី​២ ខែសីហា​។


 
​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ដដែល លោកស្រី Maureen Harding Clark កន្លងមក​បាន​បំពេញការងារ​ជា​ចៅក្រម​បំពេញ​កិច្ច​(ad litem) នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ សម្រាប់​អតីត​ប្រទេស​យូ​ហ្គោ​សា្ល​រី ពី​ឆ្នាំ​២០០១ ដល់​២០០៣ ហើយ​បាន​ជាប់​ជា​ចៅក្រម នៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ពី​ឆ្នាំ​២០០៣ ដល់​២០០៦​។ ក្រោយមកទៀត លោកស្រី Clark បាន​បំពេញការងារ​ជា​ចៅក្រម នៅ​តុលាការ​ជាន់ខ្ពស់​របស់​អៀរ​ឡង់ រហូតដល់​ឆ្នាំ​២០១៤​។ នៅ​ឆ្នាំ​២០១៥ លោកស្រី Clark ក៏បាន​បំពេញ​តួនាទី​ជា​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ​បម្រុង​ផងដែរ​។ 
 
​មុន​លោកស្រី​ទទួលបាន​ការតែងតាំង ឲ្យ​កាន់តំណែង​ក្នុង​វិស័យ​តុលាការ លោកស្រី មាន​វិជ្ជាជីវៈ​មេធាវី​ពី​ឆ្នាំ​១៩៧៥ និង​ទទួលបាន​ការតែងតាំង​ជា​មេធាវី​ជាន់ខ្ពស់ នៅ​ឆ្នាំ​១៩៩១​។ លោកស្រី បានទទួល​សញ្ញាបត្រ​ប​ណ្ឌិ​ត​ច្បាប់ (Honoris causa) និង​សញ្ញាបត្រ​បរិញ្ញាបត្រ​ផ្នែក​ច្បាប់ រដ្ឋប្បវេណី​ពីស​កល​វិទ្យាល័យ College Dublin ព្រមទាំង​សញ្ញាបត្រ​មេធាវី ពី​គណៈមេធាវី Honourable Society of king’s Inns៕ 

Tag:
 ព្រះមហាក្សត្រ​
 ​ចៅក្រម​
  Maureen Harding Clark
  ECCC
© រក្សាសិទ្ធិដោយ thmeythmey.com