ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តឲ្យក្រុមហ៊ុន៦ មានទុនវិនិយោគសរុប ៤១.៨ លានដុល្លារអាមេរិក និងផ្ដល់ឱកាសការងារដល់ប្រជាពលរដ្ឋប្រមាណ ៣, ២៤១ កន្លែង។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃ៣១ ខែមិថុនា ឆ្នាំ២០១៩។
ក្រុមហ៊ុនថ្មីទាំង៦ ដែល CDC បានចុះបញ្ជីជាស្ថាពរ មានក្រុមហ៊ុន២ ស្ថិតនៅរាជធានីភ្នំពេញ។ ក្រុមហ៊ុន NEW EAST SOLAR ENERGY (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផ្គុំដំឡើងបន្ទះសូឡា ដែលមានទីតាំងវិនិយោគស្ថិតនៅ សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ។ ក្រុមហ៊ុននេះ មានទុនវិនិយោគប្រមាណ ៦,៥ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២២០កន្លែង។
ក្រុមហ៊ុន THE PRESTIGE HOSPITAL CO., LTD គម្រោងសាងសង់ និងអាជីវកម្មមន្ទីរពេទ្យអន្តរជាតិចំនួន១០០គ្រែ ដែលមានទីតាំងវិនិយោគស្ថិតនៅ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន មានទុនវិនិយោគចំនួន ៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៤៨កន្លែង។
ក្រុមហ៊ុនចំនួន២ទៀត មានទីតាំងស្ថិតនៅក្នុងខេត្តកណ្ដាល។ ក្រុមហ៊ុន CHENGHAOSHIYE (CAMBODIA) FASHION CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិត នៅក្នុងស្រុកកណ្តាលស្ទឹង មានទុនវិនិយោគប្រមាណ ៤.១ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,៤១៥កន្លែង។
ក្រុមហ៊ុន CHAMATHARN CO., LTD គម្រោងបង្កើតរោងចក្រផលិតទឹកកក ដែលមានទីតាំងវិនិយោគ ស្ថិតនៅស្រុកស្អាង មានទុនវិនិយោគប្រមាណ ១៦.៥ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣១២កន្លែង។
ដោយឡែក ក្រុមហ៊ុនចំនួន២ទៀត មានទីតាំងស្ថិតក្នុងខេត្តព្រះសីហនុ និងខេត្តតាកែវ។ ក្រុមហ៊ុន NAT BEST (CAMBODIA) ELECTRICAL & HOME APPLIANCE CO., LTD គម្រោងបង្កើតរោងចក្រផ្គុំដំឡើងគ្រឿងបរិក្ខាអគ្គិសនី និងគ្រឿងអេឡិចត្រូនិកគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅស្រុកបាទី ខេត្តតាកែវ។ ក្រុមហ៊ុននេះ មានទុនវិនិយោគប្រមាណ ៣.៧ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦២៩ កន្លែង។
ក្រុមហ៊ុន CAMBODIAN JINGU NEW BUILDING MATERIALS CO., LTD គម្រោងបង្កើតរោងចក្រផលិតឥដ្ឋគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគ ស្ថិតនៅស្រុកព្រៃនប់ មានទុនវិនិយោគប្រមាណ ៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣១៧កន្លែង៕