ជាតិ
រយៈពេល​២០​ថ្ងៃ អាជ្ញាធរ​ស្ដារ​សំរាម និង​ភក់ ជាង​៤​ពាន់​ម៉ែត្រ​គុប ចេញពី​ប្រឡាយ​បឹងត្របែក​
03, Aug 2019 , 6:29 pm        
រូបភាព
​ដោយ​៖ សុវណ្ណ ស្រី​ពេជ្រ​
 
​ភ្នំពេញ​៖ សំរាម និង​ភក់ ជាង​៤​ពាន់​ម៉ែត្រ​គុប ត្រូវបាន​អាជ្ញាធរ​ស្ដារ​ចេញពី​ប្រឡាយ​ទឹកស្អុយ​បឹងត្របែក ក្នុង​រយៈពេល​២០​ថ្ងៃ គិត​ចាប់​ពីថ្ងៃ ១២ ខែកក្កដា ដល់​ថ្ងៃទី ១ ខែសីហា ឆ្នាំ​២០១៩​។  លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ កាលពី​ថ្ងៃទី​១ សីហា យ៉ាង​ដូច្នេះ​។​


 
​សាលា​រាជធានី​ភ្នំពេញ និង​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បានដាក់​គ្រឿងចក្រ និង​ឡាន​សម្រាប់​កាយ និង​ស្ដារ​សំរាម​នៅ​ទីតាំង​ប្រឡាយ​បឹងត្របែក ដើម្បី​សម្រួល​ប្រព័ន្ធ​លូបង្ហូរទឹក ក៏ដូចជា​សោភ័ណភាព​ទីតាំង​នេះ​។ នេះ​បើតាម លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​។ លោក​បន្ត​ដូច្នេះ​៖«​គិត​មក​ត្រឹម​ថ្ងៃនេះ (​ថ្ងៃទី​១ សីហា​) គឺ​២០​ថ្ងៃ​មកហើយ ក្នុង​ដំណើរ​ការសម្អាត​សំរាម និង​ភក់​ទាំងនេះ​។ ហើយ​ចំនួន​ដែល​ស្ដារ​បាន ជាង ៤​ពាន់​ម៉ែត្រ​គីប​។ បើ​និយាយ​ជា​ភាគរយ ក្នុង​៤​ពាន់​ម៉ែត្រ​គុប​នេះ គឺ​បាន​១៣​ភាគរយ​ហើយ ដោយ​ប្រើ​គ្រឿងចក្រ​៣​គ្រឿង និង​ឡាន​៩​គ្រឿង​»​។​
 
​លោក សាំ ពិសិដ្ឋ បាន​បន្ថែមថា ការកាយ​សម្អាត​នេះ មិនមែន​យកតែ​សំរាម​ទេ គឺ​ផ្ដោតលើ​ការបារ​ភក់ជ្រាំ ដែលមាន​ក្នុង​បាត​ប្រឡាយ​ទឹកស្អុយ​បឹងត្របែក​។ ប្រធាន​មន្ទីរ​សាធារណការ​រូបនេះ អះអាងថា ភក់ជ្រាំ​ទាំងនេះ​កើតចេញពី​កាកសំណល់​ផ្ទះបាយ និង​បន្ទប់ទឹក ដែល​ហូរ​មកពី​ប្រភព​ផ្សេងៗ ក្នុង​រាជធានី​ភ្នំពេញ ដែល​បង្ក​ជា​បញ្ហា​ពិបាក និង​ធ្វើ​ឲ្យ​ប្រព័ន្ធ​ទឹកលូ​ស្ទះ​។ បើតាម លោក សាំ ពិសិដ្ឋ សំរាម​ដែល​បាន​កាយ​ចេញពី​ប្រ​ឡាញ​បឹងត្របែក ត្រូវបាន​យកទៅ​ចាក់​នៅ​ទីលាន​ចាក់សំរាម​បឹង​ជើងឯក​។ ចំណែកឯ ភក់​ដែល​ស្ដារ​បាន យកទៅ​ចាក់ចោល​នៅ​ដីឡូត៍​នៅក្នុង​ខណ្ឌដង្កោ​៕ 
 


Tag:
 សំរាម​
  ភក់​
  ប្រឡាយ​បឹងត្របែក​
© រក្សាសិទ្ធិដោយ thmeythmey.com