សង្គមអន្តរជាតិ​
អន្តរជាតិ
បណ្តា​ប្រទេស​នៅ​អាស៊ី បញ្ជូន​សំរាម​ទៅ​ប្រទេស​អ្នកមាន​វិញ​ជា​បន្តបន្ទាប់​
04, Aug 2019 , 8:59 am        
រូបភាព
ដោយ: ធីតា
​បណ្តា​ប្រទេស​នៅ​តំបន់​អាស៊ី ជាពិសេស​អាស៊ី​-​អាគ្នេយ៍ បាន​ក្លាយជា​គោលដៅ​នៃ​ការបញ្ជូន​សំរាម​ចេញ​របស់​ប្រទេស​អ្នកមាន ពោលគឺ​ក្រោយ​ពេលដែល​មហាអំណាច​ចិន ប្រកាស​ឈប់​នាំចូល​សំរាម​ប្លា​ស្ទិ​ក​កែច្នៃ​។

 
​ក្រុម​ប្រទេស​ទាំងនោះ រួមមាន ចិន ម៉ាឡេស៊ី ហ្វីលីពីន ឥណ្ឌូណេស៊ី ស្រីលង្ការ និង​កម្ពុជា ផងដែរ​នោះ បាន​បញ្ជូន និង​ប្រកាស​បញ្ជូន​សំរាម​ទាំងនោះ​ត្រឡប់​ទៅ​ប្រទេស​ដើម​វិញ​។​
 
​ចិន​៖ 
 
​កាលពី​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៨ ចិន​ប្រកា​សបិទ​ការ​នាំចូល​សំរាម​ប្លា​ស្ទិ​ក និង​ប្រទេស​ផ្សេងទៀត ក្នុង​គោលបំណង​ពង្រឹង​ការការពារ​បរិស្ថាន និង​គុណភាព​ខ្យល់​។ ការសម្រេច​របស់​រដ្ឋា​ភិ​បាល​ក្រុង​ប៉េកាំង បានធ្វើ​ឲ្យ​ក្រុមហ៊ុន​នានា​បង្វែ​ទិសដៅ​មកកាន់​តំបន់​អាស៊ីអាគ្នេយ៍​។​


 
​ម៉ាឡេស៊ី​៖ 
 
​កាលពី​ខែឧសភា​កន្លងទៅ ម៉ាឡេស៊ី​បានប្រកាស​បញ្ជូន​សំរាម​ប្លា​ស្ទិ​ក​៤៥០​តោន​ត្រឡប់​ទៅ​ប្រទេស​ដើម​វិញ​។ សំរាម​ទាំងនោះ មាន​ប្រភពពី​អូស្ត្រាលី បង់​ក្លា​ដែ​ស កាណាដា ចិន ជប៉ុន អា​រ៉ា​ប៊ី​សា​អូឌីត និង​សហរដ្ឋអាមេរិក​។​



​ហ្វីលីពីន​៖
 
៦៩​កុងតឺន័រ​សំរាម​ដែល​ទៅដល់​ហ្វីលីពីន​នា​រយៈពេល​៦​ឆ្នាំ​ចុង​ក្រោយនេះ ត្រូវបាន​បញ្ជូន​ត្រឡប់​ទៅកាន់​ប្រទេស​កាណាដា​វិញ កាលពី​ចុងខែ​មិថុនា កន្លងទៅ​។ ក្រុមហ៊ុន​កាណាដា នាំចូល​សំរាម​ទៅ​ហ្វី​លី​ពី​តាមរយៈ​ការដាក់​ឈ្មោះ​ផលិតផល​ទំនិញ​ផ្សេង​។​


 
​កម្ពុជា​៖ 
 
​កម្ពុជា​នៅ​ខែកក្កដា ឆ្នាំ​២០១៩​នេះ ឃើញ​កុងតឺន័រ​៨៣​ទូ ដែល​ផ្ទុក​សំរាម​ប្លា​ស្ទិ​កនៅ​កំពុងផែ​ខេត្ត​ព្រះសីហនុ​។ កម្ពុជា​ប្រកាស​បញ្ជូន​សំរាម​ដែលមាន​សរុប​ជិត​១៦០០​តោន​ទៅ​ប្រទេស​ដើម​វិញ ដែល​ក្នុងនោះ​៧០​ទូទៅ​សហរដ្ឋអាមេរិក និង​១៣​ទូ ទៅ​កាណាដា​។ ក្រុមហ៊ុន​ដែល​នាំចូល​ក៏​ទទួលរង​ពិន័យ​ផងដែរ​។​
 


​ស្រីលង្កា​៖

​អាជ្ញាធរ​ស្រីលង្ការ​នៅ​ខែកក្កដា នេះ​ផងដែរ បានសម្រេច​បញ្ជូន​សំរាម​១១១​កុងតឺន័រ ដែល​នៅ​ផែ Colombo ជិត​២​ឆ្នាំ​ត្រឡប់​ទៅ​ចក្រភព​អង់គ្លេស​វិញ​។ កុង​តឺ​នោះ ក៏ត្រូវ​បាន​គេ​ពិនិត្យឃើញថា មាន​បំណែក​សាកសព​មនុស្ស​ផងដែរ ប៉ុន្តែ​ស្ថិតក្រោម​ការស៊ើបអង្កេត​នៅឡើយ​។​


 
​ឥណ្ឌូណេស៊ី​៖
 
​ចុងខែ​កក្កដា នេះ ឥណ្ឌូណេស៊ី បញ្ជូន​សំរាម​ខុសច្បាប់​៧​កុងតឺន័រ​នៅ​ផែ Batam ទៅ​បារាំង និង​ហុងកុង​វិញ​។ ជាមួយគ្នានេះ អាជ្ញាធរ​ត្រៀម​បញ្ជូន​សំរាម​៤២​កុងតឺន័រ​ទៀត​ទៅ​សហរដ្ឋអាមេរិក អូស្ត្រាលី និង​អាល្លឺម៉ង់​។ រីឯ​សំរាម​ជាង​២១០​តោន​ដោយឡែក​ទៀត ក៏ត្រូវ​បញ្ជូនទៅ​អូស្ត្រាលី​វិញ​ផងដែរ​៕


 

Tag:
 ​សំរាម
© រក្សាសិទ្ធិដោយ thmeythmey.com