ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មិន​ចង់​ឆាប់​មានការ​ភ្លេចភ្លាំង គួរតែ​ធ្វើ​បែបណា​ទើប​ល្អ​?
04, Aug 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ការដែល​មាន​អាយុ​ច្រើន គឺជា​កត្តា​ប្រឈមមុខ​ដ៏​ធំ​មួយ​នៃ​ភាព​ភ្លេចភ្លាំង​។ ដូច្នេះ​មនុស្ស​យើង​ចៀស​មិន​ផុត​ទេពី​ការឆ្លងកាត់​រឿងនេះ ប៉ុន្តែ​មិនមែន​មានន័យថា​យើង​ត្រូវតែ​បណ្តោយ​ខ្លួន​រង​ការ​ភ្លេចភ្លាំង​ដែរ​ឡើយ​។



ជាមួយគ្នានេះដែរ ខ្ញុំ​មាន​មធ្យោបាយ​មួយចំនួន​ដែល​អាចជួយ​អ្នក​បាន​តាមរបៀប​ដូច​ខាងក្រោម​នេះ​៖
 
​ឈប់​ជក់បារី​
 
​យោងទៅតាម​ការស្រាវជ្រាវ​តាមបែប​វិទ្យាសាស្ត្រ​បាន​ឲ្យ​ដឹងថា អ្នក​ដែល​ជក់បារី​គឺមាន​ការ​ប្រឈម​នឹង​ភាព​ភ្លេចភ្លាំង​ខ្ពស់ជាង​អ្នក​មិន​ជក់​រហូតដល់ ៥០​ភាគរយ​ឯណោះ​។ នេះ​ដោយសារតែ ការជក់បារី​អាច​បំផ្លាញ​សរសៃឈាម​រួមទាំង​សរសៃឈាម​ខួរក្បាល​សម្រាប់​ដឹកនាំ​អុកស៊ីសែន​និង និង​ជីវជាតិ​តែម្តង​។ 
 
​ហាត់ប្រាណ​ទៀងទាត់​
 
​ដើម្បី​ផ្គត់ផ្គង់​ឈាម​ទៅ​ខួរក្បាល​បាន​គ្រប់គ្រាន់ យក​ល្អ​អ្នក​គួរតែ​ព្យាយាម​ហាត់ប្រាណ​ឲ្យ​បាន​ទៀងទាត់ ជាពិសេស​យ៉ាងហោចណាស់ ២០​នាទី​ក្នុង​មួយថ្ងៃ​ក៏បាន​ដែរ​។ ការហាត់​ប្រាណ​ដ៏​ល្អ​បំផុត​ក្នុងការ​ទប់ស្កាត់​ភាព​ភ្លេចភ្លាំង​គឺ ការដើរ​លឿនៗ រត់​យឺតៗ រាំ ជិះ​កង់ និង​ហែល​ទឹក​។ 
 
​ហាត់​ការគិត​
 
​មិន​ត្រឹមតែ​រាងកាយ​ទេ​ដែល​អ្នកត្រូវការ​ជំរុញ​ឲ្យ​ហាត់ ប៉ុន្តែ​ចិត្តគំនិត​ក៏ត្រូវ​ហាត់​ដែរ​ដើម្បី​បង្កើន​ឱកាស​នៃ​ការមិន​មាន​ភាព​ភ្លេចភ្លាំង​នៅ​ថ្ងៃក្រោយ​។ អ្នក​អាច​ពង្រឹង​ដល់​សុខភាព​ខួរក្បាល​តាមរយៈ​ការដោះស្រាយ​ល្បែង​ល្បងប្រាជ្ញា និយាយ​ភាសាបរទេស រៀន​លេង​ឧបករណ៍​តន្ត្រី អាន​សៀវភៅ ជាដើម​។ 
 
​ញ៉ាំ​បន្លែ និង​ផ្លែឈើ​ឲ្យ​បាន​ច្រើន​
 
​មាន​ហេតុផល​ពីរ​យ៉ាង​នៅ​ពីក្រោយ​មូលហេតុ​នៃ​ការ​ញ៉ាំ​បន្លែ និង​ផ្លែឈើ​ទៀងទាត់​។ ទី​១ វា​ផ្តល់នូវ​អង់​ទី​អុកស៊ីដ​ង់​ច្រើន​សម្រាប់​ជួយ​ការពារ​កោសិកា​ខួរក្បាល​ពី​រ៉ាឌីកាល់​សេរី​។ ទី​២ បន្លែ​និង​ផ្លែឈើ​គ្មាន​កូ​ឡេ​ស្តេ​រ៉ុល តែមាន​ជាតិ​សរសៃ​ខ្ពស់ ដូច្នេះ​វា​អាចជួយ​ថែរក្សា​សរសៃឈាម​កុំ​ឲ្យ​មាន​កំណ​កបាន​។ 
 
​ញ៉ាំ​ត្រី​សម្បូរ​ខ្លាញ់​
 
​អ្នក​អាច​ញ៉ាំ​ត្រី​រហូតដល់​ពីរដង​ក្នុង​មួយថ្ងៃ​បាន ជាពិសេស​ត្រី​សាល​ម៉ុង​តែម្តង​។ នេះ​ដោយសារតែ​វា​សម្បូរ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​បី ដែល​មិន​ត្រឹមតែ​ជួយ​ការពារ​សុខភាព​ខួរក្បាល​ទេ តែ​ក៏​ជួយ​ការពារ​សរសៃឈាម​ឲ្យ​មាន​សុខភាព​ល្អ និង​សរីរាង្គ​ផ្សេងៗ​ធ្វើការ​ល្អ​ដែរ​។ 
 
​បន្ថយ​ស្ត្រេ​ស និង​ការ​ថប់​អារម្មណ៍​
 
​ការដែល​ស្ត្រេ​ស និង​ថប់​អារម្មណ៍​ច្រើនពេក និង​គ្រប់ពេល អាច​នាំ​ឲ្យ​ខូច​ខួរក្បាល​បាន​។ ហេតុ​ដូច្នេះហើយ​ការគ្រប់គ្រង​ស្ត្រេ​ស​គឺជា​រឿង​ដែល​ល្អ​ដែល​អ្នក​គួរតែ​ធ្វើ​បើសិនជា​មិន​ចង់​ឲ្យ​ឆាប់​ភ្លេចភ្លាំង​ទេ​។ អ្នក​អាច​ប្រើ​វិធី​ជាច្រើន​ដើម្បី​គ្រប់គ្រង ឬ​បន្ថយ​ស្ត្រេ​ស ដូចជា ការតាំង​សមាធិ ឬ​ហាត់ប្រាណ​។ 
 
​គេង​ឲ្យ​បាន​ច្រើន​នៅពេល​យប់​
 
​ចូរ​ប្រាកដថា អ្នក​បាន​គេង​លក់​ស្កប់ស្កល់​ពី ៧ ទៅ​៩​ម៉ោង និង​មិនមាន​ការរំខាន​អ្វី​ទាំងអស់​។ រឿងនេះ​នឹង​ជួយ​ឲ្យ​ខួរក្បាល​ធូរស្រាល​ឡើងវិញ​ពី​ភាព​អស់កម្លាំង និង​ស្ត្រេ​សបាន​។ 
 
​ញ៉ាំ​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​មធ្យម​
 
​កម្រិត​មធ្យម​ត្រង់ចំណុច​នេះ​គឺថា បុរស​អាច​ញ៉ាំ​បាន​២​កែវ​ក្នុង​មួយថ្ងៃ ខណៈពេល​ស្ត្រី​បាន ១​កែវ ព្រោះ​កម្រិត​ប៉ុណ្ណេះ​ក៏​ផ្តល់​ប្រយោជន៍​ដល់​សុខភាព​ដែរ​។ យ៉ាងណាមិញ​អ្នកវិទ្យាសាស្ត្រ​និយាយថា ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើនពេក មិន​ត្រឹមតែ​ប៉ះពាល់​ដល់​សុខភាព​ទេ ថែមទាំង​ប្រឈម​ខ្ពស់​នឹង​ភាព​ភ្លេចភ្លាំង​បាន​។ 
 
​បន្ថយ​ការ​ញ៉ាំ​ផ្អែម​
 
​យោងទៅតាម​ការស្រាវជ្រាវ​បាន​ឲ្យ​ដឹងថា មាន​ទំនាក់ទំនង​ដ៏​ខ្លាំងក្លា​មួយ​រវាង​ជំងឺ​ទឹកនោមផ្អែម និង​ជំងឺ​ភ្លេចភ្លាំង​ពេល​ចាស់ជរា ដែល​រឿងនេះ​គឺជា​មូលហេតុ​ដំបូង​នៃ​ភាព​ភ្លេចភ្លាំង​តែម្តង​។ យ៉ាងណាមិញ យក​ល្អ​គួរតែ​កាត់បន្ថយ​ការ​ញ៉ាំ​ផ្អែម​ឲ្យ​បាន​បើសិនជា​អ្នក​មិន​ចង់​កើត​ជំងឺ​ភ្លេចភ្លាំង​នៅពេល​អនាគត​ទេ​៕​

ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com