អន្តរជាតិ
ជប៉ុន​ជួយ​វៀតណាម​ធ្វើ​ទំនើបកម្ម​ប្រព័ន្ធគ្រប់គ្រង​ពន្ធដារ​
04, Aug 2019 , 2:59 pm        
រូបភាព
អគ្គនាយក​ធនាគារពិភពលោក​ប្រចាំ​ប្រទេស​វៀតណាម លោក Ousmane Dione​ ជួបជាមួយនាយករដ្ឋមន្រ្តីវៀតណាម
អគ្គនាយក​ធនាគារពិភពលោក​ប្រចាំ​ប្រទេស​វៀតណាម លោក Ousmane Dione​ ជួបជាមួយនាយករដ្ឋមន្រ្តីវៀតណាម
ដោយ:
​រដ្ឋាភិបាល​ក្រុង​តូ​ក្យូ បានសម្រេច​ផ្តល់​ជំនួយឥតសំណង​ប្រមាណ​ជាង​បួន​លាន​ដុល្លារ​ដល់​វៀតណាម​សម្រាប់​អភិវឌ្ឍ​ប្រព័ន្ធ​ប្រមូល និង​គ្រប់គ្រង​ចំណូល ជាពិសេស​លើ​ការកសាង​ភាពរឹងមាំ​ផ្នែក​ច្បាប់​របស់​វៀតណាម​ឲ្យ​កាន់តែ​ល្អប្រសើរ​។ ជំនួយ​នេះ ត្រូវបាន​ផ្តល់​ឲ្យ​ស្រប​ពេលដែល​ក្រុង​តូ​ក្យូ កំពុងតែ​ជួយ​វៀតណាម​ក្នុង​ការកសាង​ប្រព័ន្ធ​ដឹកនាំ​រដ្ឋ​តាម​ប្រព័ន្ធ​ឌីជីថល ផងដែរ​។​

 
​រដ្ឋាភិបាល​ជប៉ុន​តាម​រយៈ​ធនាគារពិភពលោក នៅ​ថ្ងៃទី​២ សីហា បាន​ចុះហត្ថលេខា​លើ​អនុស្សារណៈ​យោគយល់​មួយ​ជាមួយនឹង​ភាគី​វៀតណាម​ស្តីពី​កិច្ចព្រមព្រៀង​ផ្តល់ជំនួយ ៤,២ លាន​ដុល្លារ ដែលជា​ជំនួយ​របស់​ប្រជាជន​ជប៉ុន សម្រាប់ធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​ពន្ធដារ​របស់​វៀតណាម​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​រដ្ឋ​វៀតណាម Nhan Dan​។ 
 
​តាម​ការអះអាង​របស់​អគ្គនាយក​ធនាគារពិភពលោក​ប្រចាំ​ប្រទេស​វៀតណាម លោក Ousmane Dione ជំនួយ​របស់​ជប៉ុន មាន​គោលដៅ​បង្កើន​ប្រសិទ្ធភាព​លើ​ការគ្រប់គ្រង​ពន្ធដារ ដែលជា​ប្រភព​គ្រប់គ្រង​ចំណូល​ស្នូល​របស់​ប្រទេស តាមរយៈ​ការគ្រប់គ្រង​ហានិភ័យ​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ និង​ប្រព័ន្ធគ្រប់គ្រង​តាម​ព័ត៌មានវិទ្យា ក៏ដូចជា​ការធ្វើ​ឲ្យ​កាន់តែ​ទំនើប​លើ​ក្របខណ្ឌ​គោលនយោបាយ​ពន្ធ​របស់​វៀតណាម​។ 
 
​លោក​បន្ថែមថា គម្រោង ដែល​នឹងត្រូវ​អនុវត្ត​ក្រោម​កម្មវិធី​អភិវឌ្ឍ​ធនធានមនុស្ស​ធនាគារ​ពិភពលោក និង​មាន​ជំនួយ​ពី​ប្រជាជន​ជប៉ុន​មួយ​នេះ នឹង​ជួយ​ដល់​វៀតណាម ក្នុងការ​វិភាគ​លើ​ផលប៉ះពាល់​នៃ​ការផ្លាស់ប្តូរ គោលនយោបាយ​ពន្ធដារ​សំខាន់ ដែល​ស្របតាម​យុទ្ធសាស្ត្រ​កំណែទម្រង់​របស់​វៀតណាម និង​ការអនុវត្ត​រួម​របស់​អន្តរជាតិ​។​
 
​គួរកត់សម្គាល់​ផង​នោះ នៅ​ចុងខែ​កក្កដា​កន្លងទៅ​ប្រតិភូ​ជាន់ខ្ពស់​របស់​ជប៉ុន ក៏​ទើបតែ​បញ្ចប់​ទស្សនកិច្ច​ផ្លូវការ​នៅ​វៀតណាម ដោយ​ភាគី​ទាំងពីរ​បាន​ព្រមព្រៀង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​។ ជប៉ុន សន្យា​បន្ត​ជួយ​វៀតណាម​ក្នុងការ​ធ្វើកំណែទម្រង់រ​ដ្ឋ​បាល ជាពិសេស​នោះ​លើ​ការកសាង​រដ្ឋាភិបាល តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ទៀតផង​៕ 

Tag:
 ជប៉ុន​
  វៀតណាម​
© រក្សាសិទ្ធិដោយ thmeythmey.com