អន្តរជាតិ
តើ​អវកាសយានិក​ត្រូវ​ប្រឈម​បញ្ហា​គ្រោះថ្នាក់​អ្វីខ្លះ​ពេលធ្វើ​ដំណើរ​ទៅ​ភព​អង្គារ​?
04, Aug 2019 , 3:59 pm        
រូបភាព
​ប្រទេស​មហាអំណាច​ពិភពលោក​មាន​អាមេរិក ជប៉ុន ចិន រុស្សី ឥណ្ឌា និង​ប្រទេស​ខ្លះទៀត​នៅក្នុង​អឺរ៉ុប​ខាងលិច រួមចំណែក​សំខាន់ និង​ជា​អ្នក​នាំមុខ​ក្នុងការ​រុករក ស្រាវជ្រាវ​អំពី​លំហ និង​អវកាស​វិទ្យា​។ ការរុករក​នេះ​ទាមទារ​ឲ្យ​មានការ​វិនិយោគ​ក្នុង​កម្រិត​មួយ​ធំ ចំណាយពេល​ច្រើន កម្លាំង​ធនធានមនុស្ស និង​ហានិភ័យ​ខ្ពស់​។ អំឡុង​ឆ្នាំ​១៩៦០ អាមេរិក​បាន​ក្លាយជា​ប្រទេស​ដំបូង​គេ និង​ជា​ប្រទេស​តែមួយគត់​ដែល​បាន​បង្ហោះ​មនុស្ស​ក្នុង​យានអវកាស​ទំនើបៗ និង​បានដាក់​មនុស្ស​លើ​ភព​ព្រះ​ចន្ទ ក្នុង​បេសកម្ម​មួយ​ដែល​គេ​ដាក់ឈ្មោះថា Apollo ។

 
​នៅពេល​អនាគត​ប្រទេស​ជាច្រើន​សំឡឹងមើល​ទៅកាន់​ភព​ព្រះ​អង្គារ ដែលជា​ភព​លើ​គន្លង​ទី​៣ ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ​។ វា​ជា​ភព​មួយ​ដែល​មនុស្ស​ពិបាក​ក្នុងការ​រស់នៅ​។ បើតាម​គេហទំព័រ space.com និង earthsky.org នៅក្នុង​ខែត្រជាក់ ភព​ព្រះ​អង្គារ​អាចមាន​សី​តុ​ណ្ណ​ភាពចុះ​ទៅដល់ ១២៥ ក្រោម​សូន្យ​អង្សារ​សេ​។ ចំណែកឯ​ខែ​ក្តៅ​វិញ​សី​តុ​ណ្ណ​ភាព​មាន​ត្រឹមតែ ២០​អង្សារ​សេ​ប៉ុណ្ណោះ​។ 
 
​នៅ​ទីនោះ​កម្រិត​អុកស៊ីសែន​មិនមាន​គ្រប់គ្រាន់​សម្រាប់​មនុស្ស​ប្រើប្រាស់​ឡើយ​។ ចំពោះ​ទឹក ភព​អង្គារ​គ្មាន​ទឹក​ដូចជា​បឹង​ឬ​ទន្លេ​នោះទេ​។ វា​មាន​ទឹកជា​ទម្រង់​ទឹកកក​ដែល​អ្នកជំនាញ​ត្រូវ​ជីក​យកមក​ក្រៅ​ដើម្បី​ធ្វើការ​ចម្រាញ់​។ ដី​នៅ​ទីនោះ​ក៏​មិនបាន​ជីវជាតិ​គ្រប់គ្រាន់​សម្រាប់ធ្វើ​ការដាំ​ដុះ​ដំណាំ​ដែរ​។​
 
 ទាំងអស់​ខាងលើ គឺជា​បញ្ហា​មួយចំនួន​ដែល​អ្នកវិទ្យាសាស្ត្រ​នានា​កំពុង​រក​វិធី​ដោះស្រាយ និង​រក​វិធីសាស្ត្រ​ពិសេសៗ​ដើម្បី​ទ្រទ្រង់​ជីវិត​មនុស្ស​នៅពេល​ពួកគេ​ទៅដល់​។ ចុះ​មុនពេល​និង​ក្នុងពេល​ធ្វើដំណើរ តើ​អ្នក​ទាំងនោះ​ត្រូវ​វប្រ​ឈម​នឹង​រឿង​អ្វី​ខ្លះទៀត​?
 
​រយៈ​ចម្ងាយ​ខ្លី​ជាងគេ​រវាង​ភពផែនដី និង​ភព​អង្គារ​គឺ ៥៥​លាន​គីឡូម៉ែត្រ និង​ត្រូវការ​រយៈពេល​ប្រមាណ​ជាង​៨​ខែ​ក្នុងការ​ធ្វើដំណើរ​។ រឿង​លំបាក​ចាប់ផ្តើម​ដំបូង​នៅទីនេះ​។ អវកាសយានិក​ត្រូវបាន​សុខភាព​មាំមួន​ខ្លាំង មានចំណេះដឹង​ខ្ពង់ខ្ពស់ លាយឡំ​ជាមួយ​លក្ខ​ណៈស​ម្ប​តិ្ត​សមស្រប​។ 
 
​ពួកគេ​ត្រូវ​រស់នៅ​ជាមួយនឹង​ក្រុម​អ្នក​អវកាសយានិក​ដទៃទៀត នៅក្នុង​យាន​មួយ​ដែលមាន​លក្ខណៈ​ចង្អៀត ព្រមទាំង​គ្រោះថ្នាក់​។ ពួកគេ​ត្រូវ​ចេះ​សហការ ការយោគយល់​គ្នា និង​មាន​វិន័យ​ខ្ពស់​។ បន្ទាប់មកទៀត អ្នក​ទាំងនោះ​អាច​ជួបប្រទះ​ជំងឺ «​ពុល​លំហ​»  ស្រដៀង​គ្នា​ទៅនឹង​ការ​ពុលរលក​សមុទ្រ​ដែរ ដោយសារ​ក្នុង​លំហ ទំនាញ​មាន​កម្លាំង​ខ្សោយ​។ ការបាត់បង់​បរិមាណ​សាច់ដុំ​អាច​កើតឡើង​ដោយសារ​មនុស្ស​ត្រូវ​អណ្តែត​ក្នុង​លំហ​ដែល​គ្មាន​ទំនាញ​អស់​រយៈពេល​យូរ​។​
 
​នៅលើ​ផែនដី មនុស្ស​ត្រូវ​ជម្នះ​ទំនាញ ដោយសារ​ប្រើប្រាស់​សាច់ដុំ​ដើម្បី​ឡើងជណ្តើរ ឬ​លើក​របស់របរ​ធ្ងន់ៗ​ជាដើម​។ 
 
​ដូចនេះ អវកាសយានិក​ត្រូវ​ហាត់ប្រាណ​ក្នុង​មួយថ្ងៃ​ដល់​ទៅ​ជាង​បី​ម៉ោង​ឯណោះ​ដើម្បី​រក្សា​បរិមាណ​សាច់ដុំ​ឲ្យ​នៅបាន​ប្រសើរ​។ ការរង​សារធាតុ​វិទ្យុសកម្ម​ខ្ពស់​មកពី​ព្រះអាទិត្យ​ក៏​ជា​បញ្ហា​គ្រោះថ្នាក់​ធំ​។ នៅលើ​ផែនដី មនុស្ស​អាច​រស់រានមានជីវិត​បាន​គឺ​ដោយសារ​ស្រទាប់​បរិយាកាស​ដ៏​ក្រាស់​។ តែ​នៅក្នុង​យានអវកាស អ្នក​ទាំងនោះ​ត្រឹមតែ​បានការ​ពារ​ដោយ​ស្រទាប់​សារធាតុ​ការពារ​ពិសេស​ប៉ុន្មាន​ជាន់​តែប៉ុណ្ណោះ​។ សារធាតុ​វិទ្យុសកម្ម​ទាំងនោះ អាច​បង្ក​ឲ្យ​មាន​ជំងឺ​ជាច្រើន ឬ​បង្ក​ឲ្យ​មានការ​ផ្លាស់ប្តូរ​ក្នុង DNA ។ 
 
​បន្ទាប់មកទៀត​គឺ​របប​អាហារ​។ អាហារ​ដែល​ស្រស់ៗ​ពិបាក​ក្នុង​ការរក្សា​ដល់​ទៅ​៨​ខែ​ណាស់​។ ដូចនេះ ពួកគេ​ត្រូវ​បរិភោគ​អាហារ​ដែល​គេ​បាន​ចម្រាញ់​ឲ្យ​ទុក​បានយូរ​។ 
​ទាំងនេះ គ្រាន់តែ​ជាការ​រៀបរាប់​អំពី​បញ្ហា​មួយចំនួន​ដែល​អ្នក​អវកាសយានិក​ត្រូវ​ជួបប្រទះ​ប៉ុណ្ណោះ​។ គេ​រំពឹងថា មនុស្ស​ដំបូង​នឹង​ជាន់​លើដី​ភព​អង្គារ​នៅក្នុង​ឆ្នាំ​២០៣០ ខាងមុខ​៕

Tag:
 ​ចំណេះដឹង​ទូទៅ​
  ភព​អង្គារ
© រក្សាសិទ្ធិដោយ thmeythmey.com