ជាតិ
ពលរដ្ឋ សិល្បករ និង​មន្ត្រីរាជការ ចូលរួម​ដាំ​កូនឈើ​ប្រណីត​ជិត​២​ម៉ឺន​ដើម នៅ​ខេត្តកំពង់ស្ពឺ​,​បាត់ដំបង​,​ឧ​ត្ត​រ​មានជ័យ និង​សៀមរាប​
04, Aug 2019 , 7:29 pm        
រូបភាព
រូបភាពពីទំព័រហ្វេសប៊ុក​ក្រសួង​បរិស្ថាន
រូបភាពពីទំព័រហ្វេសប៊ុក​ក្រសួង​បរិស្ថាន
​ភ្នំពេញ​៖ នៅ​ថ្ងៃទី​៣ សីហា​នេះ ព្រះសង្ឃ ប្រជាពលរដ្ឋ សិល្បករ សិល្បការិនី និង​មន្ត្រីរាជការ ជិត​១​ម៉ឺន​នាក់​បាន​ចូលរួម​ដាំ​កូនឈើ​ប្រណីត​ចំនួន ១​ម៉ឺន​៨​ពាន់​ដើម នៅ​ខេត្តកំពង់ស្ពឺ​, បាត់ដំបង​, សៀមរាប និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។  ពិធី​ដាំ​កូនឈើ​នេះ ស្ថិតក្នុង​យុទ្ធនា​ការដាំ​កូនឈើ ១០​ម៉ឺន​ដើម ក្រោម​ប្រធានបទ «​រួមគ្នា​ព្យាបាល​ដំបៅ​ផែនដី​»​។


 
​យុទ្ធនា​ការដាំ​កូនឈើ ១០​ម៉ឺន​ដើម ក្រោម​ប្រធានបទ «​រួមគ្នា​ព្យាបាល​ដំបៅ​ផែនដី​» មាន​គាំទ្រ​ពី​ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខា​ប្រ​ម៉ាញ់ និង​នេសាទ​, អាជ្ញាធរ​មូលដ្ឋាន សមាគម​សិល្បករ​ខ្មែរ រួមទាំង​វិស័យ​ឯកជន ដើម្បី​បង្ហាញ​ការចូលរួម​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ​។ លោក តាន់ គឹម​សួរ អ្នកដឹកនាំ​យុទ្ធនា​ការដាំ​កូនឈើ ១០​ម៉ឺន​ដើម បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា​៖ «​យុទ្ធនា​ការដាំ​កូនឈើ​នេះ ក្នុង​គោលបំណង​ស្ដារ​ព្រៃឈើ​ឡើងវិញ និង​ដើម្បី​ចូលរួម​អភិរក្ស​ធនធានធម្មជាតិ​ដែល​បាត់បង់​។ ជាពិសេស​ក្នុង​យុទ្ធនាការ​នេះ យើង​បានជ្រើសរើស​កូនឈើ​ប្រភេទ​ឈើ​ប្រណី​តម​កដាំ​»​។​


រូបភាពពីទំព័រហ្វេសប៊ុក​ក្រសួង​បរិស្ថាន
 
​បើតាម​លោក តាន់ គឹម​សួរ យុទ្ធនាការ​នៅ​ថ្ងៃទី ៣ សីហា​នេះ បាន​ដាំ​កូនឈើ​ចំនួន ១​ម៉ឺន​៨​ពាន់​ដើម ក្នុងនោះ​ដាំ​ក្នុង​សហគមន៍​ការពារ​ធម្មជាតិ​សាមគ្គី នា​ខេត្តកំពង់ស្ពឺ ចំនួន ៦​ពាន់​ដើម​, ខេត្តសៀមរាប នា​ព្រៃ​សហគមន៍​ទទឹងថ្ងៃ ចំនួន ៥​ពាន់​ដើម​, ខេត្តបាត់ដំបង ក្នុង​វត្ត​ដ​ណ្ដូ​ង​ត្នោត​ចំនួន ៤​ពាន់​៥​រយ​ដើម និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ នា​ព្រៃ​សង្ឃ​រុក្ខ​វ័ន​ចំនួន ២​ពាន់​៥​រយ​ដើម​។​
 
​កូនឈើ​ប្រណីត​ទាំង​១​ម៉ឺន​៨​ពាន់​ដើម រួមមាន កូនឈើ​គ្រញូង​, បេង​, នាងនួន​, គគីរ​, ធ្នង់ និង​កូនឈើ​ប្រណីត​ផ្សេងៗ​ទៀត ដែល​ឧបត្ថម្ភ​ដោយ​ក្រសួងបរិស្ថាន និង​រដ្ឋបាល​ព្រៃឈើ​។ លោក តាន់ គឹម​សួរ លើកឡើងថា​៖ «​ការចូលរួម​ដាំ​កូនឈើ​ពី​សំណាក​ព្រះសង្ឃ ប្រជាពលរដ្ឋ សិស្សានុសិស្ស សិល្បករ និង​មន្ត្រីរាជការ កាលពី​ថ្ងៃទី ៣ សីហា​នេះ ធ្វើ​ឲ្យ​ខ្ញុំ​រំភើប និង​សប្បាយ​ខ្លាំង​លើសពី​ការរំពឹងទុក​។ ដោយសារ​បេសកកម្ម​ដែល​រៀបចំ​ជាច្រើន​ខែ ហើយ​ទទួលបាន​លទ្ធផល​ល្អ​បែបនេះ​»​។​
 
​សូមបញ្ជាក់ថា នៅ​ថ្ងៃទី​៣ សីហា ដែលជា​ថ្ងៃ​ចាប់ផ្តើម​នៃ​យុទ្ធនាការ​រួមគ្នា​ដាំ​កូនឈើ មាន​អ្នកចូលរួម​ជិត​១​ម៉ឺន​នាក់​។ យុទ្ធនាការ​នេះ នៅ​ឆ្នាំក្រោយ នឹង​រៀបចំ​នៅ​ថ្ងៃ ៩ កក្កដា ស្រប​ជាមួយ​ទិវា​រុក្ខទិវា ដោយ​បន្ត​ដាំ​ឲ្យ​គ្រប់​ចំនួន ១០​ម៉ឺន​ដើម​៕


រូបភាពពីទំព័រហ្វេសប៊ុក​ក្រសួង​បរិស្ថាន 

Tag:
 ដាំ​ដើមឈើ
© រក្សាសិទ្ធិដោយ thmeythmey.com