ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ហាង​ថែ​សម្ផស្ស​មួយកន្លែង ផ្តល់​ការងារ និង​បណ្ដុះបណ្តាល​ជនពិការ​គ​ថ្លង់​ជាច្រើន​នាក់
04, Aug 2019 , 7:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ អ្នកស្រី កឹម ខេមរា និង​ស្វាមី​ដែលជា​ជនជាតិ​ជប៉ុន បាន​បង្កើត​ហាងថែរក្សា​សម្ផស្ស​បែប​ជប៉ុន ដោយ​ផ្តល់​ការងារ និង​បណ្តុះបណ្តាល ដល់​ជនពិការ​គ​ថ្លង់ និង​អ្នកក្រីក្រ​ជាច្រើន​នាក់​។ បង្កើតឡើង​តាំងពី ឆ្នាំ​២០១១ ប៊ិសាឡ​ន បាន​សហការ​ជាមួយ​កម្មវិធី​អភិវឌ្ឍន៍​មនុស្ស​ថ្លង់ (DDP) របស់​អាមេរិក ដើម្បី​បណ្តុះបណ្តាល​ដល់​ជនពិការ​គ​ថ្លង់ លើ​ជំនាញ​ធ្វើ​ក្រចក ផាត់មុខ ធ្វើ​សក់ និង​ជំនាញ​ថែរក្សា​សម្ផស្ស​ជាច្រើន​មុខ​ទៀត​។ បើតាម​អ្នកស្រី កឹម ខេមរា ក្រៅពី​បណ្តុះ​បណ្តុះ​ពួកគេ​ហើយ​នោះ អ្នកស្រី​ក៏បានផ្តល់​ការងារ​ដល់​ពួកគេ​ផងដែរ​។ ទន្ទឹមគ្នានេះ ស្ត្រី​ពិការ​គ​ថ្លង់​ជាច្រើន​នាក់ បានបង្ហាញ​អារម្មណ៍​រីករាយ​ដែល​ហាង​អ្នកស្រី កឹម ខេមរា មិន​រើសអើង​ជនពិការ តែ​បែរ​ជួយ​ជ្រោមជ្រែង​ជនពិការ​ឲ្យ​មាន​ជំនាញ​ច្បាស់លាស់ ដើម្បី​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ​។

 
​ប៊ិ សាឡ​ន គឺជា​កន្លែង​ថែរក្សា​សម្ផស្ស​ស្តង់ដារ​ជប៉ុន ដែល​មិន​ត្រឹម​តែមាន​បុគ្គលិក ដែលមាន​កាយសម្បទារ​ល្អ​កំពុង​បម្រើការ​នោះទេ ប៉ុន្តែ​នៅទីនេះ ក៏មាន​បុគ្គលិក​មួយចំនួន ​ជា​ជនពិការ​គ​ថ្លង់​ផងដែរ​។ អ្នកស្រី កឹម ខេមរា ស្ថាបនិក​​​ ប៊ិ សាឡ​ន បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា នៅទីនេះ​មាន​បុគ្គលិក​សរុប​ជាង ២០​នាក់​។ ក្នុងនោះ មាន​បុគ្គលិក​មាន​ពិការ​គ​ថ្លង់ ​ចំនួន ៥​នាក់ ដោយ ៣​នាក់​ជា​បុគ្គលិក និង​២​នាក់​ទៀត​ជា​សិស្ស​។​


 
ប៊ី សាឡ​ន ស្ថិតក្នុង​ផ្ទះ​វីឡា​ធំ​ល្មម​មួយ ក្នុង​សង្កាត់​បឹង​កេងកង រាជធានី​ភ្នំពេញ​។ នៅទីនេះ ​មាន​ឧបករណ៍​ថែរក្សាសម្ផស្ស​ច្រើន​ស្អេកស្កះ ប៉ុន្តែ​ទុកដាក់​យ៉ាង​មាន​របៀប​។ ប៊ិ សាឡ​ន បើក​ដំណើរការ​តាំងពី​ឆ្នាំ ២០១១​មកម្ល៉េះ និង​ក៏បានផ្តល់​ការបណ្តុះបណ្តាល និង​ផ្តល់​ការងារ​ដល់​ជនពិការ និង​អ្នក​ទីទាល់ក្រ តាំងពី​ពេលនោះ​មក​ដែរ​។ បើតាម​អ្នកស្រី កឹម ខេមរា ការបណ្តុះបណ្តាល​ជំនាញថែ​​សម្ផស្ស​រយៈពេល​មួយឆ្នាំ ត្រូវ​ចំណាយ​ចន្លោះ ពី​៥​ពាន់ ទៅ​១​ម៉ឺន​ដុល្លារ ក្នុង​ម្នាក់ៗ ព្រោះ​សម្ភារ និង​ផលិត​គ្រឿងសម្អាង​ពី​ប្រទេស​ជប៉ុន មានគុណ​ភាពល្អ និង​តម្លៃ​ថ្លៃ​។ 
 
​មូលហេតុ​ដែល អ្នកស្រី កឹម ខេមរា ផ្តល់​ការសិក្សា​ផ្នែក​សា​ឡាន​ឥត​បង់ថ្លៃ សម្រាប់​ជនពិការ គ​-​ថ្លង់ និង​អ្នកក្រីក្រ​នេះ ព្រោះតែ​ស្ថាបនិក ប៊ិ សាឡ​ន​រូបនេះ ធ្លាប់​ជួប​ព្រឹត្តិការណ៍​គ្រោះ​រញ្ជួយ​ដី​ដ៏​រន្ធត់​នៅ​ជប៉ុន កាលពី​ឆ្នាំ​២០១១ គ្រា​ដែល​អ្នកស្រី​កំពុង​ហ្វឹក​ហ្វា​ត់​ការងារ​ នៅ​មន្ទីរពេទ្យ​ធំ​មួយ នៅ​ប្រទេស​ជប៉ុន​។ គ្រោះ​រញ្ជួយ​ដី ដែល​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ជាច្រើន​នាក់នោះ​ហើយ បាន​ធ្វើ​ឲ្យ​ស្ដ្រី​ខ្មែរ​រូបនេះ តក់​ស្លុត​ខ្លាំង និង​ប្រញាប់ប្រញាល់ ធ្វើការ​ងារ​ជា​ប្រយោជន៍​ដល់​សង្គម​។ អ្នកស្រី កឹម ខេមរា​រៀបរាប់​ដូច្នេះ​៖«​តាមពិត ខ្ញុំ​មានគំនិត​ជួយ​សង្គម​យូរហើយ តែ​ព្រឹត្តិការណ៍​នោះ ធ្វើ​ឲ្យ​ខ្ញុំ​គិតថា ចុះបើ​ខ្ញុំ​ស្លាប់​បាត់ទៅ តើ​ខ្ញុំ​បាន​ជួយ​អ្វីខ្លះ​ដល់​សង្គម​? ដូច្នេះ​យើង​ត្រូវតែ​ប្រញាប់​ធ្វើ​វា​។ ពេល​ហ្នឹង ខ្ញុំ​គិតថា យើង​ត្រូវ​រស់នៅ ដោយ​គិតថា ថ្ងៃស្អែក យើង​អាច​នឹង​ស្លាប់​ក៏​មិនដឹង​។ ពេល​ហ្នឹង  យើង​នឹងធ្វើ​ទង្វើ​ល្អ​ជាមិនខាន​។ ក្រោយ​ត្រឡប់មក​កម្ពុជា​វិញ ខ្ញុំ​ក៏​ផ្តើម​បើក​សាឡ​ន ហើយក៏​ជ្រើសរើស​ស្ត្រី​ក្រីក្រ និង​ជនពិការ​មក​បង្រៀន មក​ធ្វើជា​បុគ្គលិក​»​។ 


 
​បច្ចុប្បន្ន ប៊ិ សាឡ​ន មាន​ពីរ​សាខា នៅ​រាជធានី​ភ្នំពេញ​។ ហើយ​រយៈពេល​បី​-​បួន​ឆ្នាំ​ចុងក្រោយ​នេះ អ្នកស្រី កឹម ខេមរា ដែលមាន​វ័យ​៣១​ឆ្នាំ​​ បានផ្តល់​អាហារូបករណ៍​ដល់​បង​ប្អូន​​​ជនពិការ​គ​-​ថ្លង់​ ជិត​៤០​នាក់​ផងដែរ ដោយ​ខ្លះ​មានឱកាស​បាន​កំពុង​បម្រើ​ការងារ​នៅទីនេះ និង​ខ្លះទៀត បាន​ត្រឡប់​ទៅ​បើកហាង​ដោយ​ខ្លួនឯង នៅឯ​ស្រុកកំណើត​តាម​បណ្តា​ខេត្ត​។ អ្នកស្រី កឹម ខេមរា បញ្ជាក់បន្ថែម​ដូច្នេះ៖​«​ចាប់តាំងពី​ខ្ញុំ​បើក​សាឡ​ន​មក ខ្ញុំ​ឲ្យ​អាទិភាព​ក្នុងការ​ជ្រើសរើស​បុគ្គលិក​ជា​កូនកំព្រា ស្ត្រី​ទុរគត ឬ​ស្ត្រី​ជួប​បញ្ហា​ផ្សេងៗ ដើម្បី​ផ្តល់ឱកាស​ឲ្យ​ពួកគាត់​មានការ​ងារ​ធ្វើ​។ អ្នក​ពិការ​គ​ថ្លង់ កើតមក មិន​ទទួល​ព័ត៌មាន​បាន​ច្រើន​ទេ ព្រោះ​គាត់​ស្តាប់​មិនបាន ថែមទាំង​រស់នៅ​ជាមួយ​ឪពុកម្តាយ ដែល​មិន​យល់​សញ្ញា​របស់គាត់ ខ្លះ​ថែមទាំង​ហៅ​គាត់​ថា អា គ មី គ ជាដើម​។ មើលទៅ​ពួកគាត់​គួរ​ឲ្យ​អាណិត​គាត់​ណាស់​។ ដូច្នេះ ខ្ញុំ​ផ្តល់​ជំនាញ​ដល់​គាត់ ហើយ​គាត់​ធ្វើការ​នៅទីនេះ គាត់​មាន​ស្នាមញញឹម​ច្រើន ព្រោះ​គាត់​មាន​ជំនាញ គាត់​មាន​អារម្មណ៍​ថា ខ្លួន​គាត់​មាន​ប្រយោជន៍​»​។​
 
​កញ្ញា ហែម ស្រី​លាភ ជា​ជនពិការ​គ​ថ្លង់ ដែល​បាន​សិក្សា​ជំនាញ​ថែរក្សា​សម្ផស្ស​នៅ​ប៊ិ​សាឡ​ន​ រយៈពេល​១​ឆ្នាំ ​ដោយ​មិន​បង់ប្រាក់ មុននឹង​ក្លាយជា​បុគ្គលិក​នៅទីនេះ​។ ស្រី​លាភ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាមរយៈ​ភាសា​សញ្ញា ដោយមាន​ការបកប្រែ​ពី​អ្នកបកប្រែ​ថា នាង​រីករាយ​ជាខ្លាំង ដែល​បានធ្វើការ​នៅទីនេះ ។ នាង​បន្តថា ទាំង​អតិថិជន និង​មិត្តភក្តិ​រួមការ​ងារ សុទ្ធតែ​ស្រឡាញ់ ចូលចិត្ត​ខ្លួន​។ មាន​សក់ស្លូត និង​មានកម្ពស់​ខ្ពស់សម​សួន  ស្រី​លាភ ដែលមាន​វ័យ​១៩​ឆ្នាំ មកពី​ខេត្តកំពង់ចាម បន្ត​ប្រើ​ភាសា​សញ្ញា​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ទៀតថា​៖«​នៅទីនេះ ខ្ញុំ​អាច​រៀន​ជំនាញ​បាន​ច្រើន ដូចជា ត​រោមភ្នែក​ជាដើម​។ ដំបូង វា​លំបាក​បន្តិច​មែន ប៉ុន្តែ​ឥឡូវ ខ្ញុំ​អាច​ទទួលភ្ញៀវ​បាន​។ ភ្ញៀវ​ដែល​មក​ទីនេះ ពេល​ដឹងថា ខ្ញុំ​ជាម​នុស្ស​ថ្លង់​បែបនេះ គាត់​អាណិត ស្រឡាញ់​ខ្ញុំ ពេលខ្លះ​គាត់​ឲ្យ​លុយ​ក្រៅ​ដល់​ខ្ញុំ​ទៀតផង​»​។​
 
 
​នៅក្បែរ ស្រី​លាភ គឺ កញ្ញា ស៊ឹម ស៊ីនួន ដែល​ភាព​ពិការភាព​គ​-​ថ្លង់​ដូចគ្នា​ដែរ​។ មាន​វ័យ ២៨​ឆ្នាំ ស៊ីនួន ដែល​មកពី​ខេត្ត​ព្រះសីហនុ កំពុង​ទទួល​ការបណ្តុះបណ្តាល​ឥតគិតថ្លៃ លើ​ជំនាញ​ជាច្រើន​ពាក់ព័ន្ធ​នឹង​ស​ម្ភ​ស្ស​នេះ ដូចជា ជំនាញ​លាប​ពណ៌​ក្រចក ត​រោមភ្នែក កក់សក់ ផ្លុំ​សក់ និង​ជំនាញ​ពាក់ព័ន្ធ​មួយចំនួនទៀត​។ មាន​សម្បុរ​ស រាង​តូច​ច្រឡឹង ស៊ីនួន បាន​រៀបរាប់​ដោយ​ប្រើ​ភាសា​សញ្ញា​ថា​៖ «​ភ្ញៀវ​នៅទីនេះ ពេលខ្លះ​គាត់​មក​ត​រោមភ្នែក លាប​ពណ៌​សក់ ឬ​កក់សក់ ពេលខ្លះ ខ្ញុំ​ជា​អ្នកធ្វើ​ឲ្យ​គាត់​ដែរ​។ ចំពោះ​ខ្ញុំ​ដែលជា​មនុស្ស​ថ្លង់ ជាការ​ពិត​វា​ពិបាក​បន្តិច​ដែរ ប៉ុន្តែ​មាន​អ្នក​ស្តាប់ឮ​នៅទីនេះ​។ គាត់​យល់​ពី​សញ្ញា​ពួក​ខ្ញុំ ហើយ​គាត់​បាន​សម្របសម្រួល និង​បកប្រែ​ពេល​មាន​ភ្ញៀវ​មក ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា អត់​ពិបាក​អ្វី​ទេ វា​ងាយស្រួល​សម្រាប់​ខ្ញុំ​»​។​
 
 
​នៅ​មិន​ឆ្ងាយ​ពី​ស៊ីនួន គឺ​កញ្ញា ង៉ែត ស្រី​លីន ក៏មាន​ពិការភាព​គ​-​ថ្លង់​ដែរ​។ ជា​សិស្ស​នៅទីនេះ ស្រី​លីន ពាក់​អាវយឺត​ខ្មៅ​ជា​ឯកសណ្ឋាន​របស់ ប៊ី សាឡ​ន​។ មាន​អាយុ​១៧ និង​មាន​ស្រុកកំណើត​នៅ​ខេត្តតាកែវ ស្រី​លីន ដែលជា​មនុស្ស​ចូលចិត្ត​ជំនាញ​ផ្នែក​ថែសម្ផស្ស បាន​ខិតខំ​ស្រ​វ៉ា​វិជ្ជា​នេះ ដើម្បី​បានធ្វើការ​នៅ ប៊ិ សាឡ​ន ដែលជា​ថ្នាល​បណ្ដុះបណ្ដាល​នាង​រហូតមក​។ «​ខ្ញុំ​មាន​អារម្មណ៍​ថា​ល្អ ព្រោះ​ទាំង​ភ្ញៀវ និង​បុគ្គលិក​ទាំងអស់គ្នា គាត់​ជួយ​គ្នា និង​ហ្វឹកហាត់​ជំនាញ​ផ្លុំ​សក់ លាប​ពណ៌​ក្រចក និង​ត​រោមភ្នែក ដែលជា​អ្វី​ខ្ញុំ​ចូលចិត្ត​។ ខ្ញុំ​រៀន​នៅទីនេះ​ជិត​១​ឆ្នាំ ហើយ​នៅ​ថ្ងៃ​អនាគត ខ្ញុំ​គិតថា នឹងធ្វើ​ការងារ​នៅទីនេះ​បន្ត​»​។ នេះ​ជាការ​បញ្ជាក់​កញ្ញា ង៉ែត ស្រី​លីន តាមរយៈ​ភាសា​កាយវិការ​របស់ខ្លួន​។ 
 
 
​ក្រៅតែពី​ពេញចិត្ត​នឹង​ការរៀន​ជំនាញ​សាឡ​ន​នេះ អ្នក​ទាំង​៣ ស្នើ​ដល់​ហាងសាឡនដទៃទៀត កុំ​ឲ្យ​រើសអើង​ជនពិការ ដោយ​ពួកគេ​អះអាងថា ពួកគេ ពិត​ជាមាន​ជំនាញ​ច្បាស់លាស់​។ បន្ថែម​ពីនេះ ពួកគេ​ទាំងបី​នាក់ បាន​អរគុណ​ចំពោះ​ភ្ញៀវ ​ដែល​មិនបាន​រើសអើង​រូបគេ និង​អរគុណ​ដល់​អ្នកស្រី កឹម ខេមរា ស្ថាបនិក ប៊ិ សាឡ​ន ដែល​ផ្តល់​ការបណ្តុះបណ្តាល​ជំនាញនេះដោយ​ឥតគិតថ្លៃ ដល់​ពួកគេ។ វាជា​អាជីព​មួយ ​ដែល​ឲ្យ​ពួកគេ​អាច​ចិញ្ចឹមជីវិត​បាន​ ទៅថ្ងៃ​អនាគត​។​
 
​សម្រាប់ អ្នកស្រី កឹម ខេមរា​វិញ ការ​ជ្រើស​យក​ជនពិការ​គ​ថ្លង់​មក​ធ្វើការ ក៏ត្រូវ​ប្រឈម​បញ្ហា​ខ្លះ ជាមួយ​អតិថិជន​ដែរ ក៏ប៉ុន្តែ​​ អ្នកស្រី ក៏សរសើរ​ទឹកចិត្ត​អតិថិជន​របស់ខ្លួន ដែល​តែងតែ​មក​ទទួលយក​សេវាកម្ម​របស់​ជនពិកា​រ ដោយ​មិន​រើសអើង​។ លើសពីនេះ អ្នកស្រី ក៏​ចង់ឃើញ​ម្ចាស់​អាជីវកម្ម​ផ្សេងទៀត ទទួលយក​ជនពិការ​មក​ធ្វើការ ទោះបី​ពួកគេ ពិការ​ផ្នែក​ណាមួយ​នៃ​រាងកាយ តែ​ពួកគេ​នៅមាន​ផ្នែក​ផ្សេងទៀត ដែល​អាចធ្វើ​ការងារ​បា​ន​។​
 
​តាមពិតទៅ អ្នកស្រី កឹម ខេមរា មិន​មែនមាន​ត្រឹម​ហាង​កែ​សម្ផស្ស​នេះនោះ​ទេ តែ​ស្ត្រី​ខ្មែរ​រូបនេះ មាន​ជំនួញ​ជាច្រើន​ទៀត ដូចជា​ជា​ប្រធាន​ក្រុមហ៊ុន​នាំចូល​ខ្សែភ្លើង​ពី​ប្រទេស​ជប៉ុន និង​ធ្វើ​ការងារ​នៅ​ក្រុមហ៊ុន​ធានារ៉ាប់រង​ផងដែរ​។ ស្ត្រី​អ្នក​ភ្នំពេញ​រូបនេះ មាន​មហិច្ឆតា ពង្រីក​យីហោ ហាង ប៊ិ សាឡ​ន ឲ្យ​បាន​គ្រប់​ខេត្ត​ក្រុង ដើម្បី​ផ្តល់​ការងារ និង​បណ្តុះបណ្តាល​ដល់​ជនពិការ និង​អ្នកក្រីក្រ​បាន​កាន់តែច្រើន ព្រមទាំង​ពង្រីក​វិស័យ​កែ​សម្ផស្ស ឲ្យ​កាន់តែ​រីកចម្រើន​នៅក្នុង​ប្រទេស​កម្ពុជា​៕           


 

Tag:
 កឹម ខេមរា​
 ​សាឡ​ន​
 ​ជនពិការ​
 ​គ ថ្លង់​
© រក្សាសិទ្ធិដោយ thmeythmey.com