អន្តរជាតិ
បង់​ក្លា​ដែ​ស អំពាវនាវ​អាស៊ាន​ឲ្យ​ជួយ​ជំរុញ និង​គាំទ្រ​ដំណើរ​មាតុភូមិ​និវត្ត​របស់​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​
04, Aug 2019 , 8:59 pm        
រូបភាព
ដោយ:
​រដ្ឋាភិបាល​ក្រុង​ដា​ហ្កា បានស្នើ​ត្រង់ៗ​ដល់​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ឲ្យ​ជួយ​ជំរុញ និង​ជ្រោមជ្រែង​ដំណើរការ​នៃ​ការបញ្ជូន​ជនភៀសខ្លួន​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​វិល​ត្រលប់​ទៅ​ទីកន្លែង​ដើម​ពួកគេ​វិញ​ដោយ​សុវត្ថិភាព​និង​សន្តិសុខ​។ ក្រុង​ដា​ហ្កា ដែល​កំពុងតែ​ទទួល​រ៉ាប់រង​បន្ទុក​ដ៏​ធ្ងន់​លើ​ការថែទាំ​ជនភៀសខ្លួន​រាប់សិប​ម៉ឺន​នាក់ ចង់​ឲ្យ​ប្រទេស​ទូទៅ​ទទួលស្គាល់ថា​កិច្ចការ​នេះ ជាការ​ទទួលខុសត្រូវ​សកល​។

 
​តាមរយៈ​ជំនួប​វេទិកា​តំបន់​របស់​អាស៊ាន​ក្នុង​រាជធានី​បាងកក ដែលមាន​វត្តមាន​ប្រទេស​ក្នុង​តំបន់​សរុប​ទាំងអស់​២៦​ប្រទេស​ចូលរួម រដ្ឋមន្ត្រីការបរទេស​បង់​ក្លា​ដែ​ស លោក AK Abdul Momen បាន​អះអាងថា វិបត្តិ​រ៉ូ​ហ៊ីង​យ៉ា គឺជា​បញ្ហា​មួយ​ដែល​ត្រូវមាន​ការទទួលខុសត្រូវ​សកល​ដើម្បី​ស្វែងរក​ដំណោះស្រាយ​។ លោក​រដ្ឋមន្ត្រី បាន​អំពាវនាវ​ឲ្យ​ប្រទេស​ក្នុង​តំបន់​គាំទ្រ និង​សហប្រតិបត្តិការ​សម្រាប់​ដំណើរ​វិល​ត្រលប់​របស់​ពួកគេ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន Dhaka tribune​។ 
 
​រដ្ឋមន្ត្រី បាន​បន្តទៀតថា វិបត្តិ​រ៉ូ​ហ៊ីង​យ៉ា បានអូសបន្លាយ​ដោយ​គ្មាន​ដំណោះស្រាយ​យូរណាស់​មកហើយ ដែល​ភាព​ជាប់​ទ្រឹង​នេះ លោក​រដ្ឋមន្ត្រី យល់ឃើញថា នឹង​អាច​ប៉ះពាល់​ដល់​សន្តិសុខ និង​ស្ថិរភាព​នៅក្នុង​តំបន់​ទាំងមូល​តែម្តង​។ លោក​រដ្ឋមន្ត្រី រំពឹងថា សហគមន៍​អន្តរជាតិ ជាពិសេស​អាស៊ាន​តែម្តង នឹង​ជួយ​ស្តារ​ស្ថានភាព​នៅក្នុង​រដ្ឋ Rakhine របស់​មី​យ៉ាន់​ម៉ា​ឲ្យ​ល្អប្រសើរ​ឡើងវិញ ក៏ដូចជា​ធានា​ពី​ភាពរលូន​នៃ​ការបញ្ជូន​ជនភៀសខ្លួន​ផងដែរ​។ 
 
​លោក​រដ្ឋមន្ត្រី គូសបញ្ជាក់ថា បង់​ក្លា​ដែ​ស មិនគួរ​ត្រូវ​រ៉ាប់រង​បញ្ហា​ដោយ​គ្មាន​ពេល​កំណត់​បែបនេះ​នោះទេ ពោលគឺ​សហគមន៍​អន្តរជាតិ គួរតែ​ទទួលស្គាល់ថា​នេះ ជា​បញ្ហា​ដែល​ត្រូវ​ទទួលខុសត្រូវ​ទាំងអស់គ្នា​។ បច្ចុប្បន្ន មាន​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា ជាង​កន្លះ​លាន​នាក់ កំពុងតែ​ស្នាក់​នៅក្នុង​ជំរំ​បណ្តោះអាសន្ន​នៅក្នុង​បង់​ក្លា​ដែ​ស​។ ពួកគេ រស់នៅ​ក្រោម​ការ​គាំពារ​ជំនួយ​ពី​រដ្ឋាភិបាល​បង់​ក្លា​ដែ​ស និង​អង្គការ​អន្តរជាតិ​។​
 
​ជាមួយនឹង​ការអំពាវនាវរ​បស់បង់​ក្លា​ដែ​ស រដ្ឋមន្ត្រី​ជប៉ុន អាមេរិក កាណាដា អូស្ត្រាលី កូរ៉េខាងត្បូង នូ​វែ​ល​ហ្សេ​ឡង់ និង​ម៉ាឡេស៊ី ក្នុងឱកាស​ដដែល​នោះ ក៏បាន​ទទូច​ឲ្យ​មី​យ៉ាន់​ម៉ា​បង្កើត​បរិ​យាស​ល្អប្រសើរ​មួយ​ដើម្បី​ការវិលត្រឡប់​របស់​ជ​ន​ភៀសខ្លួន​អាច​ប្រព្រឹត្ត​ទៅដោយ​សុវត្ថិភាព​ផងដែរ​៕  
 

Tag:
 បង់​ក្លា​ដែ​ស​
  អាស៊ាន​
  រ៉ូ​ហ៊ីង​យ៉ា​
© រក្សាសិទ្ធិដោយ thmeythmey.com