អន្តរជាតិ
ត្រី​ឆ្លាម​ជា​សត្វ​កាច​សាហាវ តែមាន​ឆ្អឹង​ទន់​មិន​រឹងមាំ​
04, Aug 2019 , 10:29 pm        
រូបភាព
​អ្នក​វិ​ទ្យ​សាស្ត្រ​បាន​កំណត់ថា ត្រី​ឆ្លាម​មាន​ដើមកំណើត​ដំបូង​តាំងពី​មុន​យុគ​នៃ​ដាយ​ណូ​ស័​រ​មកម្ល៉េះ ពោលគឺ​តាំងពី​៤២៥​លាន​ឆ្នាំមុន​មក​ម្លេះ​។ ថ្វីបើ​មនុស្ស​ទូទៅ​ខ្លាចរអា​វា​ដោយសារ​ចង្កូម​ដ៏​ធំ និង​ភាពកាចសាហាវ​របស់​វា​ក៏ដោយ សត្វ​មួយ​នេះ​គ្មាន​ឆ្អឹង​រឹងមាំ​នោះទេ​។​

 
 គេហទំព័រ sciencetrends.com បាន​ពន្យល់​យ៉ាងដូច​ច្នេះ​ថា ក្នុង​ដងខ្លួន​របស់​ត្រី​ឆ្លាម ពេញ​ទៅដោយ​ឆ្អឹងខ្ចី ស្រដៀង​គ្នា​នឹង​ឆ្អឹង​នៅតាម​ខ្ទង់ច្រមុះ និង​ស្លឹកត្រជាក់​របស់​មនុស្ស​ដែរ​។ ឆ្អឹងខ្ចី​មាន​លក្ខណៈ​ទន់ យឺត និង​ងាយស្រួល​បត់បែន​។ 
 
​ចុះ​ឆ្អឹងខ្ចី​នេះ​មាន​លក្ខណៈ​អំណោយផល​ចំពោះ​ត្រី​ឆ្លាម​យ៉ាងដូចម្តេច​? ត្រី​ឆ្លាម​ជា​សត្វ​មួយ​ដែលមាន​ទម្ងន់​ធ្ងន់ និង​ត្រូវការ​ល្បឿន​ក្នុងការ​ដេញចាប់​ចំណី​។ ដូចនេះ ឆ្អឹងខ្ចី​មាន​តួរ​នាទី​ក្នុងការ​កាត់​ប​ន្ង​យ​ទម្ងន់ និង​បង្កើត​ភាព​រហ័ស​ងាយស្រួល​បត់បែន​។​
 
 ប៉ុន្តែ​នៅមាន​កន្លែង​មួយ​ដែលមាន​លក្ខណៈ​រឹងមាំ​ខ្លាំង​សម្រាប់​ត្រី​ឆ្លាម​។ នោះ​គឺ​ថ្គាម និង​ចង្កូម​របស់​វា​។ កន្លែង​ដែល​វា​ប្រើប្រាស់​សម្រាប់​ចាប់​សត្វ​ធ្វើជា​ចំណី​។ ត្រី​ឆ្លាម​មាន​កម្លាំង​ខាំ​ខ្លាំង​ស្រដៀង​គ្នា​ទៅនឹង​សត្វ​ក្រពើ​ទឹកប្រៃ​ដែរ​។ កន្លែង​ដទៃទៀត​ដែលមាន​លក្ខណៈ​រឹងមាំ​មាន​នៅតាម​ព្រុយ និង​កន្ទុយ​។ 
 
​ក្នុងការ​ពិនិត្យមើល​ផូ​ស៊ី​ល​របស់​ពពួក​ត្រី​ឆ្លាម គេ​កម្រ​នឹង​ទទួលបាន​ឆ្អឹង​ពី​ដងខ្លួន​វា​ទាំង​​មូល​ណាស់​។ ភាគច្រើន ផូ​ស៊ី​លត្រី​ឆ្លាម​ត្រូវបាន​បន្សល់ទុក​តែ​ថ្គាម​វា​ប៉ុណ្ណោះ​។ នៅពេល​គេ​សិក្សា​ពី​ដងខ្លួន​របស់​ពពួក​ឆ្លាម​ដែល​បាន​ផុត​ពូជ គេ​កំណត់​ដងខ្លួន​របស់​ពួកវា​ជាមួយនឹង​ថ្គាម​របស់​ឆ្លាម​ផុត​ពូជ​ដែល​គេ​បាន​រកឃើញ​នោះ លាយឡំ​ជាមួយនឹង​ទិន្នន័យ​ដែល​គេ​អាច​ចម្រាញ់​យក​ពី​ត្រី​ឆ្លាម​ដទៃទៀត​ដែល​រស់នៅ​សព្វថ្ងៃ​។ ដូចនេះ​គេ​អាច​សន្ម​ត់​ពី​រូបរាង​របស់​ត្រី​ឆ្លាម​ដែល​ធ្លាប់​រស់នៅ​កាលពី​ជំនាន់​មុនៗ​បាន​៕ 

Tag:
 ត្រី​ឆ្លាម​
  ចំណេះដឹង​ទូទៅ
© រក្សាសិទ្ធិដោយ thmeythmey.com