ជាតិ
សង្គមជាតិ
លោក នួន ជា បងធំទី២សម័យខ្មែរក្រហម ទទួលមរណភាព
04, Aug 2019 , 7:09 pm        
រូបភាព
លោក នួន ជា អតីតមេដឹកនាំជាន់ខ្ពស់របស់ខ្មែរក្រហម និងត្រូវបានគេហៅថាជាបងធំទី២ បន្ទាប់ពី ប៉ុល ពត ទទួលមរណភាពហើយ ក្នុងវ័យ៩៣ឆ្នាំ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នាល្ងាចថ្ងៃទី៤ ខែសីហា ឆ្នាំ ២០១៩នេះ។ នេះបើតាមលោក នេត្រ ភក្រ្តា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហម ដែលបានប្រាប់ក្រុមអ្នកកាសែត ក្នុងបណ្តាញទំនាក់ទំនងតេឡេក្រាម។



បើតាមលោក នេត្រ ភក្ត្រា លោក នួន ជា ត្រូវបានបញ្ជូនពីមន្ទីរឃុំឃាំងបណ្តោះអាសន្នរបស់សាលាក្តីខ្មែរក្រហម ទៅកាន់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដើម្បីឲ្យក្រុមគ្រូពេទ្យពិនិត្យព្យាបាលជំងឺតាំងពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩មក។

លោក នួន ជា ជាអនុលេខាបក្សកុម្មុយនីស្តកម្ពុជា និងជាប្រធានសភាតំណាងប្រជាជននៃរបបកម្ពុជាប្រជាធិបតេយ្យ។ លោក ត្រូវបានចាប់ខ្លួននៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០០៧ និងត្រូវបានជំនុំជម្រះក្តីពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវ ឆ្នាំ១៩៤៩ និងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍។
 
លោក ត្រូវបានរកឃើញថា មានទោសពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិតនៅក្នុងសំណុំរឿង ០០២/០១ កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៤។ 
 
នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ លោក នួន ជា ត្រូវបានផ្តន្ទាទោសពីបទប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ​និងការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើអនុសញ្ញា​ទីក្រុង​ហ្សឺណែវឆ្នាំ១៩៤៩ ក្នុងសំណុំរឿង ០០២/០២ ជាមួយ ខៀវ សំផន។ អង្គជំនុំជម្រះសាលាដំបូង បានរួមបញ្ចូលទោសជាប់ពន្ធនាគារអស់មួយជីវិតនៅក្នុងសំណុំរឿង ០០២/០១ និង​សំណុំរឿង ០០២/០២ ទៅជាការផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិតតែមួយ៕





Tag:
 នួន ជា
© រក្សាសិទ្ធិដោយ thmeythmey.com