​ដឹងថា​ខ្លួន​ត្រូវស្លាប់ នួន ជា ស្នើ​មេធាវី​ឲ្យ​បន្ត​នីតិវិធី​នៅ​តុលាការ​ដើម្បី​បង្ហាញ​ការពិត​
ខ្មែរ​ក្រហម
ជាតិ
​ដឹងថា​ខ្លួន​ត្រូវស្លាប់ នួន ជា ស្នើ​មេធាវី​ឲ្យ​បន្ត​នីតិវិធី​នៅ​តុលាការ​ដើម្បី​បង្ហាញ​ការពិត​
05, Aug 2019 , 6:29 am        
រូបភាព
លោក លីវ សុវណ្ណា សហមេធាវីការពារក្តី​លោក នួន ជា នាសន្និសីទសារព័ត៌មាននៅពេទ្យរុស្ស៊ី។ ថតដោយ ប៉ាន់ បូនី
លោក លីវ សុវណ្ណា សហមេធាវីការពារក្តី​លោក នួន ជា នាសន្និសីទសារព័ត៌មាននៅពេទ្យរុស្ស៊ី។ ថតដោយ ប៉ាន់ បូនី
ដោយ: ថ្មីៗ
​លោក លីវ សុ​វណ្ណា សហ​មេធាវី​ជាតិ​ការពារ​ក្តី​ឲ្យ​លោក នួន ជា បងធំ​ទី​ពីរ​នៃ​របប​ខ្មែរក្រហម បាន​អះអាងថា កូនក្តី​របស់ខ្លួន​នៅតែ​ព្យាយាម​បង្ហាញ​ការពិត​ជូន​សារ​ធា​រណ​ជន​។ លោក​បានបញ្ជាក់​យ៉ាង​ដូច្នេះ ក្នុង​សន្និសីទ​សារព័ត៌មាន​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​៥ ខែសីហា នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ទី​ដែល​ជនជាប់ចោទ នួន ជា បាន​ស្លាប់​ក្នុង​អាយុ​៩៣​ឆ្នាំ នា​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃទី​៤ ខែសីហា​។​



អត្ថបទទាក់ទង

«​គាត់ [​នួន ជា​] នៅតែមាន​បំណង​សំដែង​ការពិត​នៅក្នុង​ការពិត​ជូន​ដល់​សាធារណជន ជូន​ដល់​ជនរួមជាតិ​របស់គាត់ និង​ប្រជាជន​នៅលើ​ពិភពលោក​»​។ នេះ​ជា​អះអាង​របស់លោក​មេធាវី លីវ សុ​វណ្ណា ដោយ​បញ្ជាក់ថា កាលពីដើម​ខែកក្កដា កូនក្តី​របស់លោក បានដាក់​លិខិត​មួយ​ជូន​ដល់​តុលាការ​កំពូល​នៃ​អង្គជំនុំជម្រះ​សាលាក្តី​ខ្មែរក្រហម ដើម្បី​សុំ​ផ្ទេរសិទ្ធិ​ជូន​គ្រួសារ និង​ក្រុម​មេធាវី បន្ត​នីតិវិធី ដោយសារតែ​គាត់​មាន​សុខភាព​ទ្រុឌទ្រោម​ដោយសារ​ជំងឺ​រ៉ាំ​រៃ និង​ជរាភាព​។​



បើតាម លោក លីវ សុ​វណ្ណា អតីត​បងធំ​ទី​ពីរ​នៃ​របប​ខ្មែរក្រហម ចង់​ឲ្យ​សា​រណា​ស្តីពី​មូលហេតុ​នៃ​បណ្តឹង​សារទុក្ខ​របស់ខ្លួន ត្រូវបាន​បន្ត​នីតិវិធី បើទោះបីជា​គាត់​ស្លាប់​ហើយក៏​ដោយ ដែល​នេះ​ជា​គោលបំណង​ចុងក្រោយ​របស់គាត់​។

​មូលហេតុ​នៃ​បណ្តឹង​សារទុក្ខ​របស់​ជនជាប់ចោទ នួន ជា មាន​មូលដ្ឋាន​នៃ​បណ្តឹង​សារទុក្ខ​៣៥១​ចំណុច និង​មាន​ចំណុច​តូចៗ ៥៤១​ចំណុច ទាក់ទង​នឹង​កំហុស​របស់​អង្គជំនុំជម្រះ​សាលាដំបូង​ក្នុង​សំណុំរឿង​០០២/០២»​។ បើតាម​មេធាវី មូលដ្ឋាន​កំហុស​ដែល កូនក្តី​របស់ខ្លួន​លើកឡើង​នោះ ពាក់ព័ន្ធ​នឹង​ការបំពាន​លើ​នីតិវិធី ជាពិសេស​បាន​បំពាន​លើ​សិទ្ធិ​ជនជាប់ចោទ ជាពិសេស​សិទ្ធិ​កោះហៅ​សាក្សី ដែល​អង្គជំនុំជម្រះ​សាលាដំបូង​អត់​បាន​គោរព​សិទ្ធិ និង ភាពលំអៀង​។

​លោក លីវ សុ​វណ្ណា បាន​រំលឹក​ដដែល​ថា កូនក្តី​របស់ខ្លួន​នៅតែ​ចង់​សំដែង​ការពិត​នៅក្នុង​ការពិត​ជូន​ដល់​សាធារណជន ហើយ​ការពិត​នេះ មាននៅ​ក្នុង​មូលហេតុ​នៃ​បណ្តឹង​សារទុក្ខ​ដែល​គ្រោង​នឹងដាក់ តែ​លោក​មិនដឹងថា អាច​ដំណើរការ​ទៅមុខ​ឬ​យ៉ាងណា​នោះឡើយ​។​



បទ​ចោទ​នៅក្នុង​សំណុំរឿង ០០២/០២ គឺ​ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្សជាតិ អំពើ​ប្រល័យពូជសាសន៍ និង​ការ​បំពារបំពាន​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​អនុសញ្ញា​ទីក្រុង​ហ្សឺ​ណែវ ពាក់ព័ន្ធ​ទៅនឹង​ទីតាំង​ឧក្រិដ្ឋកម្ម និង​ការចោទប្រកាន់​លើ​អង្គហេតុ​ដូចតទៅ​៖ ការដ្ឋាន​ការងារ និង​សហ​- ករ​ណ៍ (​សហករណ៍​ត្រាំកក់ ការដ្ឋាន​ទំនប់​ត្រពាំងថ្ម ការដ្ឋាន​ទំនប់ ១ មករា និង​ការដ្ឋាន​សាងសង់​ព្រលានយន្តហោះ​កំពង់ឆ្នាំង​) មន្ទីរ​សន្តិសុខ និង​ទីតាំង​សម្លាប់​មនុស្ស (​មន្ទីរ​សន្តិសុខ ស​-២១ មន្ទីរ​សន្តិសុខ​ក្រាំង​តា​ចាន់ មន្ទីរ​សន្តិសុខ​អូរ​កន្សែង និង​មន្ទីរ​សន្តិសុខ​ភ្នំ​ក្រោល​) អំពើ​ប្រល័យពូជសាសន៍​ទៅលើ​ប្រជាជន​ចាម និង​វៀតណាម ការប្រព្រឹត្ត​ចំពោះ​ពុទ្ធសាសនិកជន និង​អតីតមន្ត្រី​រដ្ឋការ​នៃ​របប​សាធារណរដ្ឋ​ខ្មែរ និង​ការរៀប​អាពាហ៍ពិពាហ៍​នៅ​ទូទាំងប្រទេស​៕



Tag:
 នួន ជា
© រក្សាសិទ្ធិដោយ thmeythmey.com