អន្តរជាតិ
បាតុករ​ហុងកុង ធ្វើបាតុកម្ម​ទូទាំង​ទីក្រុង​ដើម្បី​បង្អាក់​ដំណើរការ​ទាំងអស់​
05, Aug 2019 , 9:43 am        
រូបភាព
បាតុកម្មនៅហុងកុងនៅយប់ថ្ងៃទី៤ ខែសីហា។ រូបភាព AFP
បាតុកម្មនៅហុងកុងនៅយប់ថ្ងៃទី៤ ខែសីហា។ រូបភាព AFP
​នៅ​ថ្ងៃទី​៥ ខែសីហា ប្រព័ន្ធ​រថភ្លើង​ក្នុង​ទីក្រុង​ហុងកុង និង​ជើងហោះហើរ​ជាច្រើន ត្រូវបាន​បង្អាក់​ដោយសា​រការ​ធ្វើបាតុកម្ម​ទ្រង់ទ្រាយ​ធំ​។ បាតុកម្ម​ថ្ងៃទី​៥ ខែសីហា នេះ​ជាការ​ប៉ុនប៉ង​របស់​បាតុករ​ក្នុង​ការរៀបចំ​ការតវ៉ា​ទូទាំង​ទីក្រុង​ហិរញ្ញវត្ថុ​មួយ​នេះ សំដៅ​បង្អាក់​រាល់​សកម្មភាព​ទាំងអស់​ក្នុង​ទីក្រុង​នេះ ទោះជា​មានការ​ព្រមាន​ពី​អាជ្ញាធរ​ក្ដី​។ បាតុកម្ម​ដែលមាន​អាយុ​ជាង​ពីរ​ខែ​ទៅហើយ​នេះ ក៏​ប្រែក្លាយជា​ទៅ​ហិង្សា​កាន់តែខ្លាំង​ផងដែរ​។​

 
​ព្រឹក​ព្រលឹម​ដើម​សប្ដាហ៍ សេវាកម្ម​សាធារណៈ​នៅ​ហុងកុង ត្រូវបាន​ជាប់គាំង​ដោយសារ​ការធ្វើ​បាតុកម្ម​ពី​សំណាក់​ប្រជាជន​ដែល​ទាមទារ​ឲ្យ​មានការ​ធ្វើកំណែទម្រង់​។ អស់​ជាង​ពីរ​ខែ​មកនេះ ការប្រមូលផ្ដុំ តែង​ធ្វើឡើង​មិនសូវ​លោះ​ថ្ងៃ​ឡើយ ដោយ​ចាប់ផ្ដើម​ពី​ការប្រមូលផ្ដុំ​ដោយ​សន្តិភាព​នៅពេល​ថ្ងៃ ហើយ​បញ្ចប់​ទៅវិញ​ដោយ​អំពើហិង្សា​នៅ​ពេលយប់​តែម្ដង​។ នៅ​ថ្ងៃទី​៥ ខែសីហា បាតុកម្ម​ក៏​ចាប់ផ្ដើម​ជាថ្មី ដោយ​លើក​នេះ មាន​គោលដៅ​ធ្វើ​ឲ្យ​ហុងកុង​គាំង​លែង​ដំណើរការ​តែម្ដង​។​
 
​តាម​គម្រោង ប្រជាជន​ហុងកុង​មកពី​គ្រប់​ស្រទាប់​ទាំងអស់​មិន​ថា មន្ត្រី​ស៊ីវិល បុគ្គលិក​ក្រុមហ៊ុន​ឯកជន អ្នកបើក​យន្តហោះ​អ្វី​ឡើយ នឹងមិន​ទៅធ្វើ​ការ​ឡើយ ឬក៏​ទូរ​សព្ទ​សុំច្បាប់​តែម្ដង​នៅ​ថ្ងៃទី​៥ ខែសីហា​នេះ ដើម្បី​ជាការ​ដាក់​សម្ពាធ​លើ​មេដឹកនាំ​ហុងកុង​ឲ្យ​ធ្វើតាម​ការទាមទារ​រប​ស់​ខ្លួន​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP អ្នករៀបចំ​ការតវ៉ា​និយាយថា ពលរដ្ឋ​ប្រមាណ​១២​ពាន់​នាក់ បាន​ប្ដេជ្ញា​ចូលរួម​ក្នុង​ការតវ៉ា​ទ្រង់ទ្រាយ​ធំ​មួយ​នេះ​។ 
 
​នៅតាម​ស្ថានីយ៍​រថភ្លើង​ខ្លះ​នៅពេល​ព្រឹក​ព្រលឹម បាតុករ​បាន​ប្រមូល​ផ្ដុំគ្នា​ដើម្បី​រំខាន​សេវាកម្ម​ដឹកជញ្ជូន​ដ៏​សំខាន់​ក្នុង​ទីក្រុង​មួយ​។ អ្នកដំណើរ​ជាច្រើន​បាន​ខកខាន​ការធ្វើដំណើរ​របស់ខ្លួន ព្រោះ​រថភ្លើង​ត្រូវបាន​បង្អាក់​។ គេ​ក៏​ឃើញ​មាន​ដែរ​ការប៉ះទង្គិច​គ្នា​រវាង​ក្រុមបាតុករ និង​អ្នកដំណើរ​ដែល​មិន​សប្បាយចិត្ត​។ ចំណែកឯ​ការធ្វើដំណើរ​តាមផ្លូវ​អាកាស​វិញ ជើង​ហោះ​ចំនួន​២០០ ត្រូវបាន​លុបចោល ។ ភាគច្រើន​នៃ​ជើងហោះហើរ​នេះ​ជា​របស់​អាកាសចរណ៍ Cathay Pacific ។​
 
​បន្ថែម​ពីលើ​នោះ ក្រុមបាតុករ ក៏មាន​គម្រោង​ជួបជុំគ្នា​នៅ​ទីសាធារណៈ​ចំនួន​៧​កន្លែង​ផ្សេងគ្នា​ផងដែរ​។ ការប្រមូល​នេះ ក៏​នាំ​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍​លើ​ដងផ្លូវ​ក្នុង​ទីក្រុង​ហិរញ្ញវត្ថុ​ដ៏​ធំ​នេះ ដែល​កកកុញ​ស្រាប់​ទៅហើយនោះ​។ 
 
​ក្នុង​សន្និសីទ​លើកដំបូង​ក្នុងពេល​ជាង​ពីរ​សប្ដាហ៍  ប្រ​ធា​ប្រតិបត្តិ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង Carrie Lam ចាត់ទុក​ការធ្វើ​បាតុកម្ម​ទូទាំង​ទីក្រុង​នេះ ជា​រឿង​គ្រោះថ្នាក់​។ ប្រាប់​អ្នកសារព័ត៌មាន​តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​ការតវ៉ា​ចាប់ផ្ដើម លោកស្រី Lam ដែល​រង​សម្ពាធ​ខ្លាំង​ពី​បាតុករ​គាំទ្រ​ប្រជាធិបតេយ្យ​ឲ្យ​លាលែង​ពី​តំណែង​នោះ អះអាងថា ការតវ៉ា​ជាច្រើន​សប្ដាហ៍​មកនេះ កំពុង​រុញ​ទីក្រុង​ហុងកុង​ឲ្យ​ធ្លាក់​ចូលក្នុង​សភាព​គ្រោះថ្នាក់​បំផុត​៕  

Tag:
 ​ហុងកុង​
  ចិន​
  Carrie Lam
© រក្សាសិទ្ធិដោយ thmeythmey.com