អន្តរជាតិ
អ្នកជំនាញ​សន្តិសុខ​ថៃ​ថា​«​មនុស្ស​ក្នុង​រដ្ឋាភិបាល​»​អាច​នៅ​ពីក្រោយ​ការ​បំផ្ទុះ​គ្រាប់​ផ្ទួនៗ​នៅ​បាងកក
05, Aug 2019 , 11:01 am        
រូបភាព
ដោយ:
​អ្នកជំនាញ​កិច្ចការ​សន្តិសុខ​ថៃ​ម្នាក់ ជឿជាក់ថា អ្នក​នៅ​ពីក្រោយ​ហេតុការណ៍​បំផ្ទុះ​គ្រាប់​ផ្ទួនៗ​ក្នុង​រាជធានី​បាងកក កាលពី​ព្រឹក​ថ្ងៃ​សុក្រ ទី ២ សីហា អាចពាក់ព័ន្ធ​នឹង​អង្គភាព​កិច្ចការ​សន្តិសុខ​របស់​រដ្ឋាភិបាល​ថៃ​។ 

 
​ធ្លាប់ជា​អតីត​ទីប្រឹក្សា​ផ្នែក​កិច្ចការ​សន្តិសុខ​របស់​នាយករដ្ឋមន្ត្រី​ថៃ លោក Panitan Wattanayagorn បច្ចុប្បន្ន ជា​សាស្ត្រាចារ្យ​ម្នាក់​នៅ​សាកលវិទ្យាល័យ ជូឡាឡុងកន ។ តាម​ការចុះផ្សាយ​របស់​កាសែត​ថៃ The Nation នៅ​ថ្ងៃទី​៣ សីហា លោក បាន​និយាយថា អ្នកពាក់ព័ន្ធ​នឹង​ករណី​វាយប្រហារ គ្រាប់បែក​នេះ​មាន​ច្រើនជាង​មនុស្ស​ម្នាក់​។ 
 
​លោក Panitan បញ្ជាក់ថា អ្នកផ្តើមគំនិត អាចជា «​មនុស្ស​ក្នុង​ជួរ​រដ្ឋាភិបាល​» ព្រោះថា ពួកគេ ដឹង​ច្បាស់​ពី​ស្ថានការណ៍​សន្តិសុខ​។ ត្រង់ចំណុច​នេះ លោក បកស្រាយ​ថា អ្នកបង្កើត​ផែនការ​បំផ្ទុះ​គ្រាប់បែក​នេះ ហាក់​ដឹង​ពី​យន្តការ​សន្តិសុខ​ជាក់លាក់​។ ជាក់ស្តែង ពួកគេ ដឹង​ច្បាស់​ពី​ទីតាំង​ដែល​បេសកម្ម​ដែល​កងកម្លាំង​រក្សា​សន្តិសុខ និង​ប៉ូលិស​ថៃ ត្រូវបំពេញ​។ 
 
​វា​ជាការ​ថ្លោះធ្លោយ​ផ្នែក​សន្តិសុខ​មួយ ព្រោះថា ការអនុវត្ត​មាត្រា ៤៤ នៃ​រដ្ឋធម្មនុញ​ថៃ​ក្រោយ​របប​សឹក​បញ្ចប់ទៅ បញ្ឈប់​សកម្មភាព​រប​ស់​កង​កម្លាំងយោធា​ក្នុងការ​ឃ្លាំមើល និង​ដាក់​សម្ពាធ​លើ​ជន​ដែល​អាច​បង្ក​អំពើហិង្សា​។  លោក Panitan ពន្យល់​បែបនេះហើយ​លោក​បន្ថែមថា ប៉ូលិស មាន​វិធីសាស្ត្រ​នៃ​ការអនុវត្ត​ការងារ​ខុសគ្នា​ពី​កងទ័ព ឬក៏​ប៉ូលិស​អាច​មិនទាន់​ចាប់ផ្តើម​ធ្វើការ​ងារ​ឲ្យ​ពេញដៃពេញជើង​នៅឡើយ​។ 
 
​បន្ថែម​ពីនេះ អ្នកជំនាញ​ផ្នែក​សន្តិសុខ​ដដែល​នេះ សង្កត់ធ្ងន់ថា កត្តា​មួយ ដែល​បានផ្តល់​ឱកាស​សម្រាប់​ក្រុម​ឧទ្ទាម​ទាំងនេះ គឺ​ការដាក់​ពង្រាយ​កងកម្លាំង​ប៉ូលិស​មួយចំនួនធំ សម្រាប់​ការពារ​សន្តិសុខ​នៅឯ​ទីតាំង​នៃ​ជំនួប​ប្រជុំ​កម្រិត​ថ្នាក់​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ក្នុង​ទីក្រុង បាងកក ។ លោក ជឿថា ផែនការ​វាយប្រហារ​ដោយ​គ្រាប់បែក​ក្នុង​ទីក្រុង​បាងកក​នេះ ទំនងជា​ត្រូវបាន​រៀបចំ​ឡើងជា​យូរហើយ គ្រាន់តែ​ពួកគេ ចាប់​មើល​ឱកាសល្អ​សម្រាប់​អនុវត្ត​ប៉ុណ្ណោះ​។ 
 
« ពួកគេ ដឹង​យ៉ាងច្បាស់​អំពី​កិច្ចការ​ផ្ទៃក្នុង​របស់​រដ្ឋាភិបាល​។ ជាពិសេស ពួកគេ ដឹង​អំពី​ការប្រគល់​តួនាទី​របស់​កងកម្លាំង​រក្សា​សន្តិភាព​។ ពួកគេ ក៏​ដឹង​ពី​ការផ្លាស់ប្តូរ​បញ្ជាការ​ពី​ឧបនាយករដ្ឋមន្ត្រី ទៅ​នាយករដ្ឋមន្ត្រី​ថៃ​ផងដែរ​»​។ នេះ​ជា​បញ្ជាក់​របស់លោក Panitan
 
«​និយាយ​បែប​ផ្សេង វា​មានការ​ផ្លាស់ប្តូ​រទាំង​បុគ្គល និង​រចនាសម្ព័ន្ធ​នៃ​បញ្ជាការ​។ អ្វីដែល​សំខាន់​នោះ វា មានការ​ប្រែប្រួល​ក្នុង​ការដឹក​រដ្ឋាភិបាល​។ ទោះជា​នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​មហាផ្ទៃ បន្ត​ធ្វើការ​ក្នុង​រដ្ឋាភិបាល​ថ្មី​ក្តី តែ​ស្ថានការណ៍ ប្រែប្រួល​»​។ 
 
​សម្រាប់​ការប្រែប្រួល​នេះដែរ លោក ចង់​សំដៅ​ដល់​រដ្ឋាភិបាល​ថៃ​ថ្មី ដោយ​លោក ប្រា​យុទ្ធ ចន្ទ​អូ​ចា បាន​ចូលកាន់​តំណែង​រដ្ឋមន្ត្រី​ការពារជាតិ​ជំនួស​ឧ​ត្ត​ម​សេនីយ៍  ប្រា​វីត វង្ស​សុវណ្ណ​។ ហើយ​កាលពី​ថ្មីៗ​នេះ លោក ប្រា​យុទ្ធ ក៏បាន​ប្រកាសថា លោក​នឹង​មើល​ការខុសត្រូវ​ប៉ូលិស​ជាតិ​ថៃ​ដោយ​ខ្លួនឯង​ថែមទៀត​ផង​។ 
 
​ម្យ៉ាងវិញទៀត ការវាយប្រហារ​នេះ អាចជា​ការបង្កើត​ភាពចលាចល​ដល់​សាធារណជន ក្នុង​គោលដៅ​បង្ក​ភាពអាម៉ាស​សម្រាប់​រដ្ឋាភិបាល​ថៃ​។ ភ្លាមៗ គេ​មើលឃើញ ថា រដ្ឋាភិបាល​ថៃ ទទួលរង​សម្ពាធ​គ្រប់ទិសទី​។ ជំនួស​ឲ្យ​ដំណើរ​ដឹកនាំ​ប្រទេស រដ្ឋាភិបាល ត្រូវ​ព្រួយបារម្ភ​អំពី​បញ្ហា​សន្តិសុខ​។ លោក Panitan និយាយ​បែបនេះ​។ 
 
​សូមបញ្ជាក់ កាលពី​ថ្ងៃ​សុក្រ ទី ២ សីហា ការ​បំផ្ទុះ​គ្រាប់បែក​ចំនួន​៦​ករណី បានកើត​ឡើង​នៅ​ទីតាំង​ចំនួន​៥ ក្នុង​រាជធានី បាងកក ដោយ​បណ្តាល​ឲ្យ​មនុស្ស បួន​នាក់ រងរបួស ៕

Tag:
 ថៃ​
  បំផ្ទុះ​គ្រាប់បែក​
  បាងកក​
© រក្សាសិទ្ធិដោយ thmeythmey.com