កីឡាអន្តរជាតិ
អន្តរជាតិ
Pep ៖ យើងពិតជាចង់បាន Maguire ពី Leicester តែលុយមិនដល់ Man Utd
× Pep Guardiola អ្នកចាត់ការទូទៅក្រុម Manchester City សារភាពថាលោកពិតជាចង់ទិញយកកីឡាករ Harry Maguire ពី Leicester City ខ្លាំងណាស់ ប៉ុន្តែលោកមិនអាចមានលទ្ធភាពគ្រប់គ្រាន់ដើម្បីយកខ្សែការពាររូបនេះមករួមក្រុមបាន។
វ័យ ២៦ ឆ្នាំ ខ្សែការពារកណ្តាលសញ្ជាតិអង់គ្លេសរូបនេះត្រូវបាន BBC ផ្សាយថាបានផ្ទេរទៅកាន់ Manchester United ហើយក្នុងតម្លៃ ៨០ លានផោន (៩៧លានដុល្លារអាមេរិក) ដែលជាតម្លៃជាប់ក្នុងកំណត់ត្រាខ្សែការពារថ្លៃជាងគេលើលោក។
បន្ទាប់ពីជួយក្រុមមេឃខៀវ Man City យកឈ្នះ Liverpool ដោយការទាត់បាល់កាត់សេចក្តីប៉េណាល់ទី ៥-៤ ដើម្បីលើកពាន Community Shield ពីរឆ្នាំជាប់គ្នា លោក Guardiola បានអះអាងចំពោះមុខក្រុមអ្នកសារព័ត៌មានថា Maguire ជាកីឡាករឆ្នើមលំដាប់កំពូលដែលលោកត្រូវការបំផុត។
«យើងចាប់អារម្មណ៍ និងចង់បានរូបគេណាស់ប៉ុន្តែមិនមានលទ្ធភាពទិញទេ។ Man United អាចមានលទ្ធភាពទិញបាន។ Maguire បានបង្ហាញខ្លួនក្នុងការប្រកួត World Cup ដ៏មិនគួរឲ្យជឿ។ គាត់រឹងមាំទាំងការការពារ និងគ្រប់គ្រងបាល់ គាត់ពិតជាលឿនណាស់។ សូមអបអរសាទរ Man Utd»។
ដោយសារមើលឃើញពីការនាំចូលកីឡាករល្អៗរបស់ក្រុមផ្សេងៗនៅរដូវកាលនេះ អ្នកចាត់ការសញ្ជាតិអេស្ប៉ាញរូបនេះមើលឃើញថា នឹងមិនមានការប្រជែងពាន Premier League តែក្រុមចំនួនពីរដូចរដូវកាលមុនឡើយ។
រដូវកាលមុន Man City បានរក្សាជើងឯកលីគកំពូលអង់គ្លេសពីរឆ្នាំជាប់គ្នា ដែលបញ្ចប់ទៅដោយមាន ៩៨ពិន្ទុ នាំមុខគូប្រជែង Liverpool ចំនួនមួយពិន្ទុប៉ុណ្ណោះ។ យ៉ាងណាក្រុមរងជើងឯក Liverpool មានពិន្ទុលើសក្រុមលេ៣ Chelsea ដល់ទៅ២៧ពិន្ទុឯណោះ។
លោក Guardiola អះអាងថា នឹងមានក្រុមច្រើនដើម្បីប្រជែងពាននៅរដូវកាល ២០១៩-២០នេះ។ ក្រុមបិសាចក្រហមមានលទ្ធភាពខ្ពស់ផងដែរ ដ្បិតពួកគេមាន Maguire និងកីឡាករឆ្នើមផ្សេងទៀតដែលបាននាំចូលថ្មីៗនេះ។ Arsenal, Chelsea និង Tottenham Hotspur ក៏ជាក្រុមមិនអាចមើលរំលងដែរ ប៉ុន្តែអតីតអ្នកចាត់ការ Barcelona និង Bayern Munich រូបនេះនៅតែគិតថា Liverpool ដែលជាម្ចាស់ជើងឯក Champions League នៅតែជាក្រុមលំដាប់កំពូលលើសក្រុមដទៃ៕
Tag:
បាល់ទាត់
Pep Guardiola
Harry Maguire
Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com