លោក ប្រា​យុទ្ធ ប្រាប់ EU ថា​៖ «​ការដឹកនាំ​បែប​ប្រជាធិបតេយ្យ កំពុង​ត្រូវបាន​លើកស្ទួយ​»
អន្តរជាតិ
លោក ប្រា​យុទ្ធ ប្រាប់ EU ថា​៖ «​ការដឹកនាំ​បែប​ប្រជាធិបតេយ្យ កំពុង​ត្រូវបាន​លើកស្ទួយ​»
05, Aug 2019 , 2:22 pm        
រូបភាព
លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា (ឆ្វេង) និងតំណាងសហភាពអឺរ៉ុបទទួលបន្ទុកគោលនយោបាយសន្តិសុខ និងកិច្ចការការបរទេស លោកស្រី Federica Mogherini
លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា (ឆ្វេង) និងតំណាងសហភាពអឺរ៉ុបទទួលបន្ទុកគោលនយោបាយសន្តិសុខ និងកិច្ចការការបរទេស លោកស្រី Federica Mogherini
​ក្នុងជំនួប​ជាមួយ​តំណាង​សហភាព​អឺរ៉ុប​ទទួលបន្ទុក​គោលនយោបាយ​សន្តិសុខ និង​កិច្ចការ​ការបរទេស លោកស្រី Federica Mogherini អំឡុង​ទស្សនកិច្ច​លោកស្រី​ក្នុងប្រទេស​ថៃ នាយករដ្ឋមន្ត្រី​ថៃ លោក ប្រា​យុទ្ធ ចន្ទ​អូ​ចា បានស្នើ​ឲ្យ​សហភាព​អឺរ៉ុប​មាន​ទំនុកចិត្ត​លើ​ស្ថានភាព​នយោបាយ​ក្នុងប្រទេស​ថៃ​។

 
«​ការដឹកនាំ​បែប​ប្រជាធិបតេយ្យ កំពុង​ត្រូវបាន​លើកស្ទួយ​»​។ នេះ​ជា​សំដី​របស់លោក ប្រា​យុទ្ធ ចន្ទ​អូ​ចា ប្រាប់​ទៅកាន់​លោកស្រី Federica Mogherini ដែល​បានធ្វើ​ដំណើរ​ទៅកាន់​ប្រទេស ដើម្បី​ចូលរួម​កិច្ចប្រជុំ​អាស៊ាន​កាលពី​សប្តាហ៍​មុន​។​
 
​ខណៈ​ភាគី​ថៃ និង EU ត្រៀមលក្ខណៈ​រួចរាល់​ដើម្បី​ចុះហត្ថលេខា​លើ​សេចក្តីព្រាង​នៃ​កិច្ចព្រមព្រៀង​កិច្ចសហប្រតិបត្តិការ និង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ មេដឹកនាំ​ថៃ​រូបនេះ លើកឡើងថា លោក សប្បាយចិត្ត​ក្រៃលែង​ក្នុងការ​ពង្រឹង​ទំនាក់ទំនង​រវាង​ថៃ និង EU ។ 
 
​តាម​ការចុះផ្សាយ​របស់​កាយា​ល័យ​ព័ត៌មាន​ជាតិ​ថៃ នៅ​ថ្ងៃទី​៣ ខែសីហា តំណាង EU លោកស្រី Federica បញ្ជាក់​ឲ្យ​ដឹងថា ថៃ និង​សហភាព​អឺរ៉ុប បាន​ពង្រឹង​ទំនាក់ទំនង​យ៉ាង​កក់ក្តៅ​ក្នុង​វិស័យ​សំខាន់ៗ​ដូចជា ពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ និង​វប្បធម៌​។ 
 
​បច្ចុប្បន្ន ភាគី​ទាំងសងខាង ក៏បាន​ប្រកាស​គាំទ្រ​ការបន្ត​កិច្ចចរចា​ស្តីពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី រវាង​ថៃ និង EU និង អាស៊ាន​-EU ផងដែរ​។ បន្ថែម​ពីនេះ កិច្ចព្រមព្រៀង​កិច្ចសហប្រតិបត្តិការ និង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ ត្រូវបាន​បង្កើតឡើង​ដើម្បី​លើកកម្ពស់​ការវិនិយោគ និង​ពាណិជ្ជកម្ម​ទ្វេភាគី​ថែមទៀត​ផង​។ 
 
​សូមបញ្ជាក់ថា EU បានទទួល​ស្គាល់​ពី​សក្តា​នុព​ល និង​ភាព​រៀបរយ​ផ្នែក​សេដ្ឋកិច្ច​របស់​ថៃ ខណៈ​គម្រោង​វិនិយោគ​ជាច្រើន ដែល​បង្កើតឡើង​ដោយ​ក្រុម​អ្នកវិនិយោគ​អឺរ៉ុប ទទួលបាន​ការគាំទ្រ​ខ្លាំងក្លា​ក្នុងប្រទេស​ថៃ ៕

Tag:
 ​ថៃ​
  សហភាព​អឺរ៉ុប
© រក្សាសិទ្ធិដោយ thmeythmey.com