ខ្មែរ​ក្រហម
ជាតិ
កូនស្រី​លោក នួន ជា​៖ ឪពុក​ខ្ញុំ គ្រាន់តែ​ប្រាប់​ឲ្យ​កូនៗ​ស្រឡាញ់គ្នា មិនបាន​ផ្តាំ​អ្វី​ផ្សេង​ទេ
05, Aug 2019 , 4:40 pm        
រូបភាព
លោក នួន ជា និង ភរិយា នៅក្នុងផ្ទះ ក្នុងខេត្តប៉ៃលិន (ថតក្នុងឆ្នាំ២០០៧ ដោយ AFP)
លោក នួន ជា និង ភរិយា នៅក្នុងផ្ទះ ក្នុងខេត្តប៉ៃលិន (ថតក្នុងឆ្នាំ២០០៧ ដោយ AFP)
ដោយ: ថ្មីៗ
​អ្នកស្រី លី ប៊ុនធឿន កូនស្រី​របស់លោក នួន ជា អតីត​មេដឹកនាំ​លំដាប់​ទី​ពីរ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ (​ខ្មែរក្រហម​) បាន​អះអាងថា មុន​ទទួលមរណភាព ឪពុក​របស់​អ្នកស្រី ពុំបាន​ស​ន្ស​ល់​ទុក​បណ្តាំ​អ្វី​ឡើយ ហើយ​ចំពោះ​រឿងរ៉ាវ​ទាក់ទង​នឹង​របប​ខ្មែរក្រហម​វិញ​នោះ សូម្បី​តែមួយ​មាត់ ក៏​ឪពុក​របស់​អ្នកស្រី ពុំបាន​និយាយ​ដែរ​។


 
​ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ អ្នកស្រី លី ប៊ុនធឿន មានប្រសាសន៍​បែបនេះ​ថា​៖«​គាត់ គ្រាន់តែ​ប្រាប់​កូនចៅ ឲ្យ​ចេះ​ស្រឡាញ់គ្នា​និង​សាមគ្គី​គ្នា​។ ក្រៅពី​ហ្នឹង គឺ​អត់ [​និយាយ​] សោះ​»​។   
 
​លោក លីវ សុ​វណ្ណា មេធាវី​មួយរូប​របស់លោក នួន ជា ក៏​អះអាង​ដែរ​ថា កូនក្តី ពុំបាន​សរសេរ​លិខិត​ទុកជា​បណ្តាំ ឬ​ផ្តាំផ្ញើ​ផ្ទាល់មាត់​នោះទេ​។ ប៉ុន្តែ លោក ថ្លែងថា លោក នួន ជា បាន​ផ្ទេរសិទ្ធិ​ជូន​ក្រុម​មេធាវី និង ក្រុមគ្រួសារ​របស់លោក ដើម្បី​បន្ត​នីតិវិធី​ដាក់សារណា ទៅកាន់​តុលាការ​កំពូល​នៃ​តុលាការ​ខ្មែរក្រហម ដោយ​លោក យល់ថា សារណានោះ អាច​បញ្ជាក់​ការពិត ពាក់ព័ន្ធ​នឹង​ការទទួលខុសត្រូវ​រប​ស់លោក​ក្នុង​របប​ខ្មែរក្រហម​។ 


 
​ក្នុង​សន្និសីទកាសែត ដែល​រៀបចំ​នៅក្នុង​អគារ​ព្រះសីហនុ​រាជនៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត កាលពី​ពាក់​កណ្តាលអធ្រាត្រ ថ្ងៃទី​៤ ឈានចូល​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០១៩ ជុំវិញ​មរណភាព​របស់លោក នួន ជា លោក​មេធាវី បានបញ្ជាក់​ដូច្នេះ​ថា​៖«​បំណង​ចុងក្រោយ​របស់គាត់ គឺ​គាត់ ប្រាប់​ក្រុម​មេធាវី​ថា គាត់​នៅតែ​មានបំណង​សម្តែង​ការពិត ជូន​ដល់​ជនរួមជាតិ​»​។​
 
​លោក នួន ជា ត្រូវបាន​បញ្ជូន​ចេញពី​មន្ទីរឃុំឃាំង​នៃ​សាលាក្តី​ខ្មែរក្រហម ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត តាំងពីដើម​ខែកក្កដា​។ រហូតដល់​ថ្ងៃទី​៤ ខែសីហា នា​វេលា​ម៉ោង​ប្រមាណ​៦​យប់ លោក ក៏​ទទួលមរណភាព​ក្នុង​វ័យ​៩៣​ឆ្នាំ​។ 
 
​អ្នកស្រី ជា លាង ព្រះរាជអាជ្ញា​នៃ​សាលាក្តី​ខ្មែរក្រហម លើកឡើង​ក្នុង​សន្និសីទកាសែត​ថា លោក នួន ជា មាន​ជំងឺ​មួយចំនួន ដូចជា បេះដូង​រ៉ាំរ៉ៃ រលាក​ទងសួត​សងខាង ស្ទះ​សរសៃឈាម ដែល​ធ្វើ​ឲ្យ​មាន​ដំបៅ​ចុងជើង និង​បណ្តាល​ឲ្យ​ឈឺចាប់​រាល់ថ្ងៃ លើសឈាម ខ្សោយ​តម្រង់​នោម និង ឈឺចង្កេះ ជាដើម​។​


 
​សព​លោក នួន ជា ត្រូវបាន​បញ្ជូន​ចេញពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត នៅ​ព្រឹក​ព្រលឹម​ថ្ងៃទី​៥ ខែសីហា​។ បើតាម​អ្នកស្រី លី ប៊ុនធឿន  សព​របស់​ឪពុក បាន​ទៅដល់​ខេត្ត​ប៉ៃលិន នៅ​ម៉ោង​ប្រមាណ​១២​កន្លះ​ថ្ងៃត្រង់​។ អ្នកស្រី ឲ្យ​ដឹងថា ក្រុមគ្រួសារ​និង​សាច់ញាតិ បានរៀបចំ​ពិធី​បុណ្យសព នៅ​វត្ត​ព្រំ​កែវ​មរកត  ស្ថិតក្នុង​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ​។ 
 
​លោក នួន ជា ជា​មេដឹកនាំ​កំពូល​ម្នាក់​ក្នុងសម័យ​ខ្មែរក្រហម ដោយ​លោក មាន​ឋានៈ​ជា​អនុ​លេខា​បក្ស​កុម្មុយនីស្ត​កម្ពុជា និង​ជា​ប្រធានសភា​តំណាង​ប្រជាជន​កម្ពុជា​។ គេ​ហៅ​លោក​ថា​ជា​បងធំ​ទី​ពីរ បន្ទាប់ពី  ប៉ុល ពត​។ 
 
​ក្នុងអំឡុង​ឆ្នាំ​១៩៩៨ លោក និង​អតីត​មេដឹកនាំ​ខ្មែរក្រហម​ដទៃទៀត បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​ផ្តល់ឱកាស​ឲ្យ​លោក ចូលមក​រស់នៅក្នុង​ខេត្ត​ប៉ៃលិន​។ ដល់​ឆ្នាំ​២០០៧ លោក ក៏​ត្រូវបាន​ចាប់ខ្លួន ហើយ​នៅ​ឆ្នាំ​២០១៤ សាលាក្តី​ខ្មែរក្រហម បាន​ផ្តន្ទាទោស​ឲ្យ​លោក​ជាប់ពន្ធនាគារ​អស់​មួយជីវិត ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​។​
 
​លោក នួន ជា ជា​បញ្ញវន្ត​ជាប់​ខ្ពស់​ម្នាក់ ដែល​បានបញ្ចប់​ការសិក្សា​នៅ​សាកលវិទ្យាល័យ​មួយ​ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ​។ ក្នុងសម័យ​ខ្មែរក្រហម លោក ជា​អ្នក​ផ្សព្វផ្សាយ​មនោគមន៍​វិទ្យា​ដ៏​មាន​ឥទ្ធិពល​៕ 

Tag:
 នួន ជា
© រក្សាសិទ្ធិដោយ thmeythmey.com