អន្តរជាតិ
ទោះ​កូរ៉េខាងជើង​គំរាម អាមេរិក​និង​កូរ៉េខាងត្បូង នៅតែ​ធ្វើ​សមយុទ្ធ​យោធា​រួមគ្នា​
05, Aug 2019 , 5:02 pm        
រូបភាព
​ដោយ​៖ ធៀន ភា​រិន្ទ

​នៅ​ថ្ងៃ​ចន្ទ ទី​០៥ ខែសីហា ឆ្នាំ​២០១៩ កូរ៉េខាងត្បូង និង​អាមេរិក បានចាប់ផ្តើម​ធ្វើ​សមយុទ្ធ​យោធា​រួមគ្នា ទោះ​កូរ៉េខាងជើង​ព្រមាន​ក្ដី​។ ក្រុង​ព្យុងយ៉ាង​ដែល​ចាត់ទុក​សមយុទ្ធ​នេះ ជាការ​ត្រៀម​ឈ្លានពាន​ខ្លួន​នោះ និយាយថា ការធ្វើ​សមយុទ្ធ​នេះ​អាច​បំផ្លាញ​កិច្ចចរចា​រវាង​កូរ៉េខាងជើង និង​សហរដ្ឋអាមេរិក​បាន​។​


 
​សមយុទ្ធ​យោធា​រវាង​សហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូង​បានចាប់ផ្តើម​នៅ​ថ្ងៃទី​៥ ខែសីហា​នេះ បន្ទាប់ពី​កូរ៉េខាងជើង​បាន​បាញ់​សាកល្បង​មី​ស៊ី​ល​ម្ដង និង​សាកល្បង​ប្រព័ន្ធ​កាំជ្រួច​ថ្មី​ចំនួន​ដង​រួចមក​។ សកម្មភាព​របស់​ក្រុង​ព្យុងយ៉ាង បាន​ជាការ​គំរាម​គំហែង​ទៅលើ​សន្តិសុខ​របស់​កូរ៉េខាងត្បូង​យ៉ាងខ្លាំង​។ 
 
​សមយុទ្ធ​លើក​នេះ មាន​គោលដៅ​ត្រួតពិនិត្យ​សមត្ថភាព​របស់​កូរ៉េខាងត្បូង​ក្នុងការ​គ្រប់គ្រង​កម្លាំង​យោធា​ពេល​មាន​សង្គ្រាម ដែល​សព្វថ្ងៃនេះ​អំណាច​គ្រប់គ្រង​កងទ័ព​មាន​ជម្លោះ​នេះ ស្ថិតក្រោម​អំណាច​របស់​អាមេរិក​។ នេះ​បើតាម​ការ​ស្រង់​សម្ដី​មន្ត្រី​កូរ៉េខាងត្បូង​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន AFP ។ បើតាម​សន្តិ​សញ្ញា​ស្តីពី​សន្តិសុខ​រវាង​សហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូង  ឧ​ត្ត​ម​សេនីយ៍​នៃ​កងទ័ព​សហរដ្ឋអាមេរិក មាន​តួនាទី​ជា​អ្នកបញ្ជា​ទៅលើ​កងកម្លាំង​ប្រទេស​ទាំងពីរ​នៅពេល​មាន​ជម្លោះ​។  
 
​យ៉ាងណាមិញ ក្រុង​សេ​អ៊ូ​ល ចង់បាន​អំណាច​បញ្ជា​យោធា​មក​ដាក់​ក្រោម​ការគ្រប់គ្រង​របស់ខ្លួន​វិញ ព្រោះ​អំណាច​គ្រប់គ្រង​កងទ័ព​ទាំងពីរ​អំឡុងពេល​មាន​សន្តិភាព ត្រូវបាន​អាមេរិក​ផ្ទេរសិទ្ធិ​រួចហើយ​។ 
 
​សូមបញ្ជាក់ថា បន្ទាប់ពី​ជំនួប​នៅ​សិង្ហ​បុរី​កាលពី​ឆ្នាំ​២០១៨ ប្រធានាធិបតី​សហរដ្ឋអាមេរិក ដូ​ណា​ល់ ត្រាំ បានប្រកាស​ឲ្យ​មានការ​ផ្អាក​ធ្វើ​សមយុទ្ធ​យោធា​ជាមួយនឹង​កូរ៉េខាងត្បូង ដោយ​ធ្វើឡើង​តាម​ការស្នើសុំ​ពី​សំណាក់​កូរ៉េខាងជើង​។ សមយុទ្ធ​ធំៗ​ចំនួន​ពីរ ក៏ត្រូវ​លុបចោល ហើយ​ជំនួស​ដោយ​សមយុទ្ធ​ទ្រង់ទ្រាយ​តូច​វិញ​។ យ៉ាងណាមិញ កូរ៉េខាងជើង នៅតែ​មិន​ពេញចិត្ត​ដដែល ហើយ​ជារឿយៗ​ព្រមាន​ឥទ្ធិពល​លើ​ការចរចា​រំសាយ​នុយក្លេអ៊ែរ​ផង​។ 
 
​កិច្ចចរចារ​រវាង​កូរ៉េខាងជើង និង​សហរដ្ឋអាមេរិក​បានធ្វើ​ពីរដង​រួចមកហើយ តែ​វា​មិន​ទទួលបាន​ផល​ជា​ផ្លែផ្កា​ច្រើន​ឡើយ​។ ប៉ុន្តែ​លោក ត្រាំ និង​មេដឹកនាំ​កំពូល​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន បាន​ព្រមព្រៀង​ថា នឹងមាន​កិច្ចចរចារ​អំពី​ការរំសាយ​កម្មវិធី​នុយក្លេអ៊ែរ​ឡើងវិញ ក្នុងអំឡុងពេល​ជំនួប​នៅ​តំបន់​គ្មាន​យោធា​។​
 
​សូមបញ្ជាក់ថា យោធា​សហរដ្ឋអាមេរិក​ចំនួន ២៨៥០០​នាក់ ត្រូវបាន​ពង្រាយ​នៅក្នុង​កូរ៉េខាងត្បូង ដើម្បី​ការពារ​ប្រទេស​នេះ​ពី​ការឈ្លានពាន​ពី​ប្រទេសជិតខាង​។ មូលដ្ឋានទ័ព​ធំ​របស់​អាមេរិក​នៅ​កូរ៉េ​ខាង​ត្បូ គឺ Camp Humphrey ក្នុង​តំបន់ Pyeongtaek ដែល​នៅ​ភាគខាងត្បូង​នៃ​ទីក្រុង​សេ​អ៊ូ​ល ៕
 

Tag:
 កូរ៉េខាងត្បូង​
  អាមេរិក​
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com