កូរ៉េខាងត្បូង នឹង​ផ្តោតលើ​ធនធាន​ក្នុងស្រុក ក្រោយ​កា​ររ​រឹតត្បិត​របស់​ជប៉ុន​
អន្តរជាតិ
កូរ៉េខាងត្បូង នឹង​ផ្តោតលើ​ធនធាន​ក្នុងស្រុក ក្រោយ​កា​ររ​រឹតត្បិត​របស់​ជប៉ុន​
05, Aug 2019 , 8:59 pm        
រូបភាព
ប្រជាជនកូរ៉េខាងត្បូង ស្នើឲ្យមានការធ្វើពហិការផលិតផលនាំចូលពីជប៉ុន
ប្រជាជនកូរ៉េខាងត្បូង ស្នើឲ្យមានការធ្វើពហិការផលិតផលនាំចូលពីជប៉ុន
​ក្រុង​សេ​អ៊ូ​ល បានប្រកាស​ពី​គម្រោង​វិនិយោគ​ប្រមាណ ៦,៨​ពាន់​លាន​ដុល្លារ​ក្នុង​កិច្ចការ​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​សម្រាប់​ផលិត​វត្ថុធាតុដើម និង​សម្ភារ​ក្នុងស្រុក​។ ផែនការ ដែលមាន​រយៈពេល ៧​ឆ្នាំនេះ ជា​កិច្ចប្រឹងប្រែង​មួយ​របស់​រដ្ឋាភិបាល​កូរ៉េខាងត្បូង ក្នុង​គោលដៅ​ដើម្បី​កាត់បន្ថយ​ការពឹង​ផ្អែកលើ​ការនាំ​ចូល​ពី​ប្រទេស​ជប៉ុន​។​

 
​ថ្លែង​ក្នុង​សន្និសីទ​ព័ត៌មាន នៅ​ថ្ងៃទី​៥ ខែសីហា រដ្ឋមន្ត្រី​ឧស្សាហកម្ម​កូរ៉េខាងត្បូង លោក Sung Yun-mo បញ្ជាក់ថា​៖ «​យើង​ចង់​ប្រែក្លាយ​វិបត្តិ​ឲ្យ​ទៅ​កាលានុវត្តភាព​សម្រាប់​ឧស្សាហកម្ម​វត្ថុធាតុដើម ផ្នែក និង​ឧបករណ៍​»​។ 
 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters កូរ៉េខាងត្បូង មានបំណង​ផលិត​ដោយ​ខ្លួនឯង​នូវ​ឧបករណ៍ សារធាតុ​ដើម និង​ផ្នែក​ដែល​យកទៅ​ប្រើប្រាស់​ដើម្បី​ផលិត​ឈី​ប អេក្រង់ ថ្ម យានយន្ត និង​ផលិតផល​ផ្សេងៗ​ទៀត​។ គោលដៅ គឺ​ដើម្បី​ធ្វើ​ឲ្យ​ការផ្គត់ផ្គង់​មាន​លំនឹង​ក្នុងអំឡុងពេល ៥ ឆ្នាំ​ទៅមុខ​។ 
 
​តាមរយៈ​សេចក្តី​ថ្លែង​កាណ៍​មួយ រដ្ឋាភិបាល​ក្រុង សេ​អ៊ូ​ល គូសបញ្ជាក់ថា ផែនការ​នេះ មាន​គោលដៅ​ដោះស្រាយ​ភាពទន់ខ្សោយ​នៃ​រចនាសម្ព័ន្ធ​ក្នុង​វិស័យ​ផលិត​ឧបករណ៍ ផ្នែក និង​វត្ថុ​ធាតុ ដែល​ពឹងផ្អែក​ខ្លាំងពេក​លើ​ប្រទេស​ជាក់លាក់​មួយ​។ លើសពីនេះ កូរ៉េខាងត្បូង ក៏បាន​ដាក់ចេញ​នូវ​វិធានការ​ចំ​បាច់​មួយចំនួន ដូចជា ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ច្រើនជាង ២​ពាន់​លាន​ដុល្លារ សម្រាប់​ការបង្កើត​ក្រុមហ៊ុន​នៅ​បរទេស​ជាដើម​។ 
 
​ការដាក់ចេញ​ផែនការ​នេះ ធ្វើឡើង​ក្រោយពី​ជប៉ុន កាលពី​ថ្ងៃទី​២ ខែសីហា បាន​ដកហូត​កូរ៉េខាងត្បូង​ចេញពី «​បញ្ជី​ស​» ដែលជា​បញ្ជី​ឈ្មោះ​ប្រទេស​ទទួលបាន​ការនាំចេញ​លឿន​រហ័ស​ពី​ជប៉ុន​។ ចំណាត់ការ​របស់​ក្រុង តូ​ក្យូ កើតចេញពី​ទំនាស់​ជុំវិញ​ការទាមទារ​ថ្លៃ​សំណង​ពី​សំណាក់​កូរ៉េខាងត្បូង​សម្រាប់​ជនរងគ្រោះ​ដែល​ត្រូវបាន​បង្ខំ​ឲ្យ​ធ្វើការ​ធ្ងន់ៗ​ក្នុងសម័យ​សង្គ្រាម​។ 
 
​គួរ​រម្លឹក​ផងដែរ​ថា កាលពី​ខែកក្កដា ជប៉ុន បាន​រឹតត្បិត​លើ​ការនាំចេញ​វត្ថុធាតុដើម ដែល​យកទៅ​ប្រើប្រាស់​ក្នុងការ​ផលិត​ឈី​ប​ទូរ​សព្ទ និង​វត្ថុ​ធាតុ​សំខាន់ៗ​នានា​របស់​កូរ៉េខាងត្បូង​។ ការណ៍​នេះ បាន​គំរាមកំហែង​ដល់​សង្វាក់​ផលិតកម្ម​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​៕

Tag:
 ជប៉ុន​
  កូរ៉េខាងត្បូង​
  វត្ថុធាតុដើម​
  ពាណិជ្ជកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com