ជាតិ
លោក ថោង ខុន អះអាង​ប្រាប់ ICC-Angkor ពី​ការអភិវឌ្ឍន៍​ទេសចរណ៍​សៀមរាប​ដោយ​ទទួលខុសត្រូវ
05, Aug 2019 , 9:19 pm        
រូបភាព
រូបភាព៖ ក្រសួងទេសចរណ៍
រូបភាព៖ ក្រសួងទេសចរណ៍
​សៀមរាប​៖ តើ​ផែនការមេ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ខេត្តសៀមរាប ប៉ះពាល់​ដល់​តំបន់​រមណីយដ្ឋាន​អង្គរ​ដែល​បាន​ចុះបញ្ជី​ក្នុង​អង្គការ​យូណេស្កូ​ដែរឬទេ​? តើ​មានការ​កែតម្រូវ​ផែនការ​គ្រប់គ្រង​ទេសចរណ៍​ដែល​កំពុង​អនុវត្ត​សព្វថ្ងៃនេះ​យ៉ាងដូចម្ដេចខ្លះ​? តើ​ការបង្កើត​កញ្ចប់​ទស្សនា​ថ្មីៗ​ក្នុង​ផែនការ​មេនេះ ប៉ះពាល់​ដល់​អត្ដ​សញ្ញាណ​ខេត្ត​មួយ​នេះដែរ​ឬទេ​? នេះ​សុទ្ធសឹង​ជា​សំណួរ​ដែល​ត្រូវបាន​ចោទសួរ​ឡើង បន្ទាប់ពី​ផែនការ​មេនេះ​ត្រូវបាន​រាជរដ្ឋាភិបាល​បានអនុម័ត​និង​បង្កើត​ក្រុម​កា​ងារ​អន្ដរក្រសួង​មួយ​ដើម្បី​ដំណើរការ​។ តាម​គម្រោង​ផែនការ​នេះ​នឹង​ផ្តើម​អនុវត្តន៍​ចាប់ពី​ឆ្នាំ​២០២០ ដល់​ឆ្នាំ ២០៣៥ គឺមាន​រយៈពេល​១៥​ឆ្នាំ​។ ដើម្បីឱ្យ​ច្បាស់​ថា​ផែនការ​នេះ​មាន​ផល​វិជ្ជមាន មិន​ប៉ះពាល់​ឬ​បង្ក​ហានិភ័យ​ដល់​រមណីយដ្ឋាន​អង្គរ គណៈកម្មាធិការ​អន្ដរជាតិ​សម្រប​សម្រួលការ​គាំពារ​និង​អភិវឌ្ឍន៍​តំបន់​ប្រវត្តិសាស្ដ្រ​អង្គរ​ហៅ​កាត់​ថា អាយ​ស៊ី​ស៊ី​-​អង្គរ បាន​ជួបប្រជុំ​ជាមួយ​ក្រសួងទេសចរណ៍​។​

 
​នៅ​ទីស្ដីការ​ក្រសួងទេសចរណ៍ នា​ថ្ងៃទី​៣១ កក្កដា លោក​សាស្ដ្រាចារ្យ Azedine BESCHAOUCH លេខាធិការ​អចិន្ដ្រៃយ៍​នៃ អាស៊ី​ស៊ី​-​អង្គរ (ICC-Angkor) បាន​ដឹកនាំ​ក្រុមការងារ​ដែលមាន​សហ​ការ​ប្រធាន ជប៉ុន​និង​បារាំង​, អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា និង​នាយក​អង្គការ​យូណេស្កូ​ប្រចាំ​កម្ពុជា ដើម្បី​ជួបពិភាក្សា​ការងារ​រៀបចំ​ផែនការមេ​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ថោង ខុន​។ ក្នុង​កិច្ចប្រជុំ​នោះ លោក BESCHAOUCH បាន​ស្នើឱ្យ​ក្រសួង​លើក​បង្ហាញ​ពី​គម្រោង​ផែនការ​មេនេះ​ឱ្យបាន​ច្បាស់លាស់ និង​ត្រូវ​រៀបចំ​បទ​បង្ហាញ​មួយ​ដើម្បី​ពន្យល់​សមាជិក​ពាក់ព័ន្ធ​នានា​ក្នុង​កិច្ចប្រជុំ​អាយ​ស៊ី​ស៊ី​-​អង្គរ ដែល​នឹង​ប្រព្រឹត្តិ​ទៅនា​អំឡុង​ខែធ្នូ ខាង​មុននេះ​ផង​។ 


រូបភាព៖ ក្រសួងទេសចរណ៍
 
​ជាមួយគ្នានេះ លោក​សាស្ដ្រាចារ្យ BESCHAOUCH ស្នើ​ឱ្យមាន​កិច្ចសហប្រតិបត្តិការ​ល្អ លើ​ការរៀបចំ​ផែនការ​គ្រប់គ្រង​តំបន់​អង្គរ​ដែល​រួមមាន បញ្ជរ​គ្រប់គ្រង​ភ្ញៀវ​មុន​ចូល​ទស្សនា​ប្រាសាទ​, ការបែងចែក​ខ្សែ​ទស្សនកិច្ច​, ចំណត​មុខ​ប្រាសាទអង្គរវត្ត​, បណ្ដាញ​គមនាគមន៍​នានា​ក្នុង​តំបន់​អង្គរ ភ្នំ​គូលែន​, ការដំឡើង​ប្រព័ន្ធ​អ៊ិន​ធឺ​ណិ​ត និង​គម្រោង​រៀបចំ​ព្រលានយន្តហោះ​ថ្មី​ជាដើម​។​
 
​យោងតាម​ការចុះផ្សាយរ​បស់​ក្រសួងទេសចរណ៍ លោក ថោង ខុន បាន​ទទួលយក​សំណើរ​ខាងលើ និង​ថា​ត្រៀម​សហការ​ដោយ​រីករាយ​ជាមួយ​អាយ​ស៊ី​ស៊ី​-​អង្គរ និង​បេ្ដ​ជ្ញា​រួមគ្នា​អភិវឌ្ឍន៍​តំបន់​សៀមរាប​អង្គរ​និង​តំបន់​ជុំវិញ​ប្រកបដោយ​និរន្ដរភាព​និង​ការទទួលខុសត្រូវ​។​
 
​លោក​រដ្ឋមន្ត្រី​បាន​រំលឹក​ដល់​អង្គប្រជុំ​ថា សៀមរាប​ជា​គោលដៅ​ទេសចរណ៍​សំខាន់​របស់​កម្ពុជា​ដោយ​ទាក់ទាញ​ទេសចរ​អន្ដរ​ជាតិប្រមាណ​ជាង​៦​លាន​នាក់​ក្នុង​ឆ្នាំ​២០១៨ តែ​ទន្ទឹមនឹងនោះ​ខេត្ត​នេះ​ក៏​នៅមាន​បញ្ហា​មួយចំនួន​ដើម្បី​ពិភាក្សា​និង​រៀបចំ​ឡើងវិញ​ដើម្បី​បង្កើន​បរិមាណ​ទេសចរ​នាពេល​អនាគត​ទៀត​ដែរ​។ «​យើង​មាន​បញ្ហា​ជាច្រើន​ដែល​ត្រូវ​ពិភាក្សាគ្នា ប៉ុន្តែ​បញ្ហាសំខាន់​មុនគេ គឺ​សៀមរាប​ត្រូវការ​ការអភិវឌ្ឍ​ផលិតផល​ទេសចរណ៍​ថ្មីៗ​បន្ថែមទៀត ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​និង​ពន្យា​ពេល​ការ​ស្នាក់នៅ​របស់​ពួកគេ​»​។ នេះ​ជាការ​លើកឡើង​របស់លោក ថោង ខុន​។​


រូបភាព៖ ក្រសួងទេសចរណ៍
 
​ទាក់ទង​នឹង​ផែនការមេ​នេះដែរ នៅក្នុង​សិក្ខាសាលា​កាលពី​ថ្ងៃទី​១១ កក្កដា​នា​ខេត្តសៀមរាប មានការ​លើកឡើង​ពី​ភាគី​ពាក់ព័ន្ធ​ទៅនឹង​សំណួរ​នានា​ដែល​ចោទ​ជុំវិញ​ការអភិវឌ្ឍ​ផលិតផល​ទេសចរណ៍​ថ្មីៗ​ក្នុង​ខេត្តសៀមរាប​។ មាន​អ្នកខ្លះ​បានបង្ហាញ​ពី​ការបារម្ភ​ទៅនឹង​ការ​បាង់​បង់អត្ដ​សញ្ញាណ​ខេត្ត​ទេសចរណ៍វប្បធម៌​មួយ​នេះ​ជាមួយនឹង​ផែនការ​មេនេះ ដូចជា​ការអនុញ្ញាតឱ្យ​មាន​សំណង់​ខ្ពស់ៗ​ក្នុង​តំបន់​ជុំវិញ ហានិភ័យ​នៃ​សំណង់​ប្រាសាទ​ទៅនឹង​កំណើន​ទេសចរ​ច្រើនសន្ធឹក រួម​និង​ការបំពុល​បរិរ​ស្ថាន​ជាដើម​។​ល​។​
 
​គួររម្លឹកថា រាជរដ្ឋាភិបាល​បានសម្រេច​បង្កើត​ក្រុមការងារ​អន្ដរក្រសួង​ដែលមាន​រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍​ជា​ប្រធាន រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ជា​អនុប្រធាន ដើម្បី​សិក្សា​រៀបចំ​ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្តសៀមរាប​។ បច្ចុប្បន្ន​ក្រុមការងារ​ជំនាញ​ដែលមាន​អ្នកជំនាញការ​អន្ដរជាតិ​ផង កំពុង​សិក្សា​រៀបចំ​យ៉ាងសកម្ម​។ ផែនការ​មេនេះ​ផ្តោត​សំខាន់​លើ​ការអភិវឌ្ឍ​ខេត្តសៀមរាប ដោយ​រួមបញ្ចូល​តំបន់​បឹង​ទន្លេសាប និង​ភ្នំ​គូលែន ឱ្យ​ក្លាយជា​ទីក្រុង​ទេសចរណ៍ បេតិកភណ្ឌ និង​ទីក្រុង​ដែល​គិតគូរ​ពី​បរិស្ថាន ឬ Eco-City ដែល​ត្រូវធ្វើ​សម​ហ​រណកម្ម​ទាំង​លើ​ទិដ្ឋភាព​សេដ្ឋកិច្ច សង្គម វប្បធម៌ បរិស្ថាន និង​ស្ថាបត្យកម្ម និង​ការធ្វើ​សម​ហ​រណកម្ម​ជាមួយ​ផែនការ​គ្រប់គ្រង​ទេសចរណ៍​តំបន់​អង្គរ របស់​អាជ្ញាធរ​ជាតិ​អប្សរា​ផង​៕

Tag:
 ផែនការមេ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ខេត្តសៀមរាប​
  អាយ​ស៊ី​ស៊ី​-​អង្គរ​
  ថោង ខុន​
  ទេសចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com