អន្តរជាតិ
អាមេរិក ពិបាក​រក​សម្ព័ន្ធមិត្ត​ដើម្បី​ការពារ​ផ្លូវ​ដឹកជញ្ជូន Hormuz ដែល​កំពុង​ត្រួតត្រា​អុីរ៉ង់​
05, Aug 2019 , 9:39 pm        
រូបភាព
រដ្ឋមន្រ្តីការពារជាតិអាមេរិក ម៉ាក អេស្ពើ (ឆ្វេងទីមួយ) និងរដ្ឋមន្រ្តីការបរទេស ម៉ៃ ប៉ុមប៉េអូ (ឆ្វេងទីពីរ) ថតរូបជាមួយរដ្ឋមន្រ្តីការបរទេសអូស្ត្រាលី ម៉ារីស ផេន (ឆ្វេងទីបី) និងរដ្ឋមន្រ្តីការពារជាតិ លីនដា រ៉េណុល  ។ រូបភាព AFP
រដ្ឋមន្រ្តីការពារជាតិអាមេរិក ម៉ាក អេស្ពើ (ឆ្វេងទីមួយ) និងរដ្ឋមន្រ្តីការបរទេស ម៉ៃ ប៉ុមប៉េអូ (ឆ្វេងទីពីរ) ថតរូបជាមួយរដ្ឋមន្រ្តីការបរទេសអូស្ត្រាលី ម៉ារីស ផេន (ឆ្វេងទីបី) និងរដ្ឋមន្រ្តីការពារជាតិ លីនដា រ៉េណុល ។ រូបភាព AFP
​សហរដ្ឋអាមេរិក កំពុងតែ​ស្វះស្វែង​ប្រមូល​ប្រទេស​នានា​ដើម្បី​បង្កើត​សម្ព័ន្ធភាព​មួយ​ការពារ​ការធ្វើ​ដំណើរកា​ត់​ច្រក​សមុទ្រ Hormuz ។ ប៉ុន្តែ​ប្រទេស​ជាច្រើន​ពិសេស​សម្ព័ន្ធមិត្ត​អាមេរិក​នៅ​អឺរ៉ុប ហាក់​ស្ទាក់​ស្ទើរនឹង​គំនិត​ផ្ដួចផ្ដើម​របស់​អាមេរិក ព្រោះ​វា​មា​ន័យ​ស្មើនឹង​ការប្រឈមមុខ​ជាមួយ​អ៊ីរ៉ង់​ដូច្នោះ​ដែរ និង​អាចធ្វើ​ឲ្យ​ស្ថានការណ៍​បច្ចុប្បន្ន​កាន់តែ​យ៉ាប់​ថែមទៀត​។ ម្យ៉ាង​គេ​ក៏​ឃើញ​មានការ​លើកឡើង​ពី​លទ្ធភាព​របស់​ប្រទេស​អឺរ៉ុប​ក្នុងការ​ដឹកនាំ​កិច្ចការ​នេះ​ជំនួស​អាមេរិក​ផងដែរ​។

 
​មិន​ចង់​ធ្លាក់ខ្លួន​ចូល​ជម្លោះ​រវាង​អាមេរិក និង​អ៊ីរ៉ង់ ជា​មូលហេតុ​សំខាន់​មួយ​ដែល​ប្រទេស​ជាច្រើន រារែក​ក្នុង​ការចូលរួម​សម្ព័ន្ធភាព​អន្តរជាតិ​ដើម្បី​ការពារ​ការដឹកជញ្ជូន​តាម​ច្រក​សមុទ្រ Hormuz តាម​ការ​ប្រកូក​ប្រកាស​របស់​អាមេរិក​។ អាមេរិក​ដែល​អះអាងថា ខ្លួន​បាន​ការពារ​កប៉ាល់​ជាច្រើន​ដែល​ធ្វើដំណើរ​កាត់​ច្រក​សមុទ្រ​មួយ​នេះ ចង់​ឲ្យ​ប្រទេស​នានា​ការពារ​កប៉ាល់​ដឹកជញ្ជូន​របស់ខ្លួន​ដោយផ្ទាល់​វិញ ហើយ​ទ័ព​អាមេរិក​ចាំ​ការពារ​តាម​ក្រោយ​។​
 
​មកទល់ពេលនេះ មិនទាន់មាន​ប្រទេស​ណា​ប្រកាស​ចូលរួម​ក្នុង​គម្រោង​នេះ​នៅឡើយ​ទេ ខណៈ​សម្ព័ន្ធមិត្ត​អាមេរិក​ជាច្រើន​នៅ​តំបន់​អឺរ៉ុប បាន​បញ្ចេញ​ជំហរ​ស្ទាក់ស្ទើរ​។ អូស្ត្រាលី​ដែលជា​សម្ព័ន្ធមិត្ត​អាមេរិក​នៅ​ប៉ាស៊ីហ្វិក ក៏បាន​ប្រកាស​នៅ​ឆ្ងាយ​ពី​ផែនការ​នេះដែរ​។ រដ្ឋមន្ត្រី​ការពារជាតិ​អូស្ត្រាលី Linda Reynolds បាន​ត្រឹម​និយាយថា អូស្ត្រាលី នឹង​ពិចារណា​ឲ្យ​ម៉ត់ចត់​លើ​សំណើ​របស់​អាមេរិក ប៉ុន្តែ​មកទល់ពេលនេះ មិនទាន់មាន​ការសម្រេច​ចិត្ត​ណាមួយ​ឡើយ​។​
 
​រដ្ឋមន្ត្រី​ការពារជាតិ​អូស្ត្រាលី​ថ្លែង​បែបនេះ នៅក្រោយ​ជំនួប​ពីរ​បូក​ពីរ​រវាង​រដ្ឋមន្ត្រីការបរទេស និង​រដ្ឋមន្ត្រី​ការពារជាតិ​អូស្ត្រាលី និង​អាមេរិក​នៅ​ទីក្រុង​ស៊ីដនី​នៅ​ថ្ងៃទី​៤ ខែសីហា​។ ទោះជា​មិន​ពេញចិត្ត​ការវាយប្រហារ​លើ​កប៉ាល់​ដឹក​ប្រេង​នៅ​តំបន់​ឈូង​សមុទ្រ​ពែ​រ្ស​ដែល​អាមេរិក​ចោទ​អ៊ីរ៉ង់​ក៏ដោយ លោកស្រី Reynolds ប្រាប់​សម​ភាគី​អាមេរិក ម៉ាក អេ​ស្ពើ (Mark Esper) ថា អូស្ត្រាលី នឹង​សម្រេចចិត្ត​ដើម្បី​ប្រយោជន៍​របស់ខ្លួន​។  
 
​គំនិត​បង្កើត​សម្ព័ន្ធភាព​អន្តរជាតិ​របស់​អាមេរិក​ខាងលើ បាន​លេច​ជា​រូបរាង​កាលពី​ខែមិថុនា ខណៈ​ភាព​តានតឹង​នៅ​តំបន់​ឈូង​សមុទ្រ​កំពុង​ក្ដៅ​ខ្លាំង​។ ក្រោម​គម្រោង​នេះ ប្រទេស​ដែល​ចូលរួម​ត្រូវបញ្ជូន​នាវា​មក​ការពារ​កប៉ាល់​របស់ខ្លួន ហើយ​អាមេរិក​នឹង​ជួយ​ការពារ​ពីក្រោយ​តាមរយៈ​ការចែករំលែក​ព័ត៌មាន និង​ការត្រួតពិនិត្យ​ទីតាំង​ធ្វើ​ប្រតិបត្តិការ​ជាដើម​។ លោក អេ​ស្ពើ ដែល​ទើប​ក្លាយជា​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​ក្ដៅៗ​អះអាងថា អាមេរិក​ទទួលបាន​កា​រ​ឆ្លើយតប​ផ្សេង​ជាច្រើន​។​
 
​បារាំង អាល្លឺម៉ង់ និង​អង់គ្លេស ដែល​ប្រឆាំង​ការដើរ​ចេញ​របស់​អាមេរិក​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥ នឹងមិន​បញ្ជូន​យុទ្ធោបករណ៍​របស់ខ្លួន​ទៅកាន់​តំបន់​ដែល​កំពុង​ប្រឈមមុខគ្នា​នេះ​ទេ​។ នេះ​បើតាម​រដ្ឋមន្ត្រី​ការពារជាតិ​បារាំង Florence Parly ។ ជំនួស​មកវិញ ក្រុងប៉ារីស ក្រុង​ឡុង​ដ៍ និង​ក្រុង​បែរ​ឡាំង មាន​ផែនការ​ចែករំលែក​ព័ត៌មាន​គ្នា​ដើម្បី​ជំរុញ​សន្តិសុខ​លំហ​សមុទ្រ​មួយ​នេះ​ក្នុង​ក្របខណ្ឌ​ជា​អឺរ៉ុប​តែមួយ​។ មិន​បញ្ជូន​នាវា​តាម​សំណើ​អាមេរិក ប្រទេស​ទាំងបី​នេះ​ក៏​ទំនង​ថ្នាក់ថ្នម​វិធានការ​ការទូត​របស់​អឺរ៉ុប​ជាមួយ​អ៊ីរ៉ង់​ផងដែរ​៕ 

Tag:
 អាមេរិក​
  អ៊ីរ៉ង់​
  Hormuz
© រក្សាសិទ្ធិដោយ thmeythmey.com