ជាតិ
លោក ប្រាក់ សុខុន ប្រាប់​សម​ភាគី​អាស៊ាន និង​អាមេរិក​ថា កម្ពុជា​មិនត្រូវ​ការបរទេស​មក​សាង​មូលដ្ឋានទ័ព​ឡើយ​
05, Aug 2019 , 9:59 pm        
រូបភាព
រូបពីហ្វេសប៊ុកក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
រូបពីហ្វេសប៊ុកក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
​ភ្នំពេញ​៖ កម្ពុជា មាន​ជម្រើស និង​មធ្យោបាយ​ល្អ សម្រាប់​ការពារ​ដែនដី​ខ្លួន ដោយ​មិនចាំបាច់​ឲ្យ​មាន​វត្តមាន​ជនបរទេស កសាង​មូលដ្ឋានទ័ព​នៅ​កម្ពុជា​ឡើយ​។ នេះ​ជាការ​លើកឡើង​របស់លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការទូត​អាស៊ាន និង​អាមេរិក កាលពី​ថ្ងៃទី​១ សីហា​។​


 
​តាមរយៈ​កិច្ចប្រជុំ​នេះ លោក ប្រាក់ សុខុន បាន​វាយតម្លៃ​ចំពោះ​ការប្ដេជ្ញាចិត្ត​របស់​អាមេរិក ក្នុងការ​គាំទ្រ​ដល់​គម្រោង​អទិភាព​នានា​របស់​អាស៊ាន តាម​គ្រប់​សសរស្ដម្ភ​ទាំង​៣​នៃ​ដំណើរ​ការកសាង​សហគមន៍​អាស៊ាន ជាពិសេស​កិច្ចការ​ប្រឹងប្រែង​ជំរុញ​ដល់​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​អាស៊ាន​-​អាមេរិក​។ រដ្ឋមន្ត្រីការបរទេស​កម្ពុជា ក៏​បង្ហាញ​ក្តី​សង្ឃឹមថា បញ្ហា​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ចិន នឹង​ត្រូវបាន​ដោះស្រាយ​នាពេល​ខ្លី​ខាងមុខ ដើម្បី​បញ្ចៀស​នូវ​គ្រោះថ្នាក់ ដែល​បណ្ដាលមកពី​ការជះឥទ្ធិពល​មកលើ​តំបន់​អាស៊ាន និង​ក្នុង​ពិភពលោក​។​


រូបពីហ្វេសប៊ុកក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
 
​ក្រោយ​ថ្លែង​បែបនេះហើយ លោក ប្រាក់ សុខុន ក៏បាន​បកស្រាយ​ពាក្យ​ចចាមអារ៉ាម ដែល​ចោទ​មកលើ​កម្ពុជា​អនុញ្ញាត​ឲ្យ​កងទ័ព​បរទេស​ឈរជើង​នៅ​កម្ពុជា តាមរយៈ​ប្រើប្រាស់​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​ខ្លួន នៅ​ខេត្ត​ព្រះសីហនុ​ដែរ​។ «​ក្នុងឋានៈ​កម្ពុជា​ជា​រដ្ឋ​អធិបតេយ្យ មាន​សិទ្ធិ​ក្នុងការ​សម្រេច​នូវ​ជម្រើស និង​មធ្យោបាយ​ដ៏​ល្អ​បំផុត ដើម្បី​ការពារ​ដែនដី​របស់ខ្លួន ។ កម្ពុជា​នឹងធ្វើ​អ្វីៗ​អនុលោម​តាម​រដ្ឋធម្មនុញ្ញ ដែល​មិន​អនុញ្ញាត​ឲ្យ​មាន​វត្តមាន​មូលដ្ឋាន​កងទ័ព​បរទេស​នៅក្នុង​ដែនដី​របស់ខ្លួន​»​។ នេះ​ជាការ​បញ្ជាក់​ជាថ្មី​របស់​រដ្ឋមន្ត្រីក្រសួង​ការបរទេស​កម្ពុជា​។​
 
​រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក Mike Pompeo ដែល​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​បរ​ទស​អាស៊ាន​-​អាមេរិក​លើក​ទី​៥២​នេះ បាន​ស្វាគមន៍​កម្ពុជា​ដែល​តែងតែ​បដិសេធ និង​ប្ដេជ្ញា​ការពារ​ដាច់ខាត​នូវ​បូរណភាព​ទឹកដី​របស់ខ្លួន ។ ហើយ​លោក Pompeo ក៏​ទទូច​ឲ្យ​ប្រទេស​ផ្សេងទៀត ធ្វើតាម​គំរូ​របស់​កម្ពុជា​នេះ​ផងដែរ​។​
 
អត្ថបទទាក់ទង
 
​ចំពោះ​ការស្វាគមន៍​របស់​ប្រមុខ​ការទូត​អាមេរិក​នេះ ត្រូវបាន​អ្នកនាំពាក្យ​រដ្ឋាភិបាល​ក​ម្ពុ​ជា លោក ផៃ ស៊ី​ផាន ចាត់ទុកជា​ការផ្ដល់​យុត្តិធម៌​មួយ​ដល់​កម្ពុជា លើ​បញ្ហា​ចោទប្រកាន់ថា មាន​មូលដ្ឋានទ័ព​ចិន​នៅ​រាម នៃ​ខេត្ត​ព្រ​សីហនុ​នេះ​។​
 
​កន្លងមក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​ប្រកាស​ម្ដង​ជា​ពីរដង​ថា កម្ពុជា​មិន​អនុញ្ញាត​ឲ្យ​កងទ័ព​បរទេស​ឈរជើង​នៅលើ​ទឹកដី​ខ្លួន​ឡើយ មិន​ថា​ជា​ទ័ព​ចិន ឬ​ទ័ព​ប្រទេស​ណា​នោះទេ​។​
​ដោយឡែក​ក្រសួងការពារជាតិ​ចិន កាលពី​ថ្ងៃទី​២៤ ខែកក្កដា ក៏បាន​ទាត់ចោល​របាយការណ៍​ដែល​ចុះផ្សាយ​ដោយសារ​ព័ត៌មាន​អាមេរិក Wall Street Journal ផងដែរ​។ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ចិន Wu Qian អះអាងថា ចិន​មាន​កិច្ចព្រមព្រៀងសំងាត់​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ដែល​អនុញ្ញាត​ឲ្យ​យោធា​ចិន​ឈរជើង​នៅ​មូលដ្ឋាន​សមុទ្រ​រាម​ឡើយ​៕

Tag:
 ​ប្រាក់ សុខុន​
  អាស៊ាន​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com