អន្តរជាតិ
ឥណ្ឌា បិទ​តំបន់​កា​ស្មៀ​រហើយ​បញ្ជូន​ទ័ព​បន្ថែម ខណៈ​បារម្ភ​ពី​អំពើហិង្សា​
05, Aug 2019 , 10:19 pm        
រូបភាព
​ដោយ​៖ ធៀន ភា​រិន្ទ

​នៅ​ថ្ងៃទី​៥ ខែសីហា ឥណ្ឌា​បានដាក់​ដែន​ដីកា​ស្មៀ​រ ដែល​ស្ថិតនៅក្រោម​ការ​គ្រប់​គ្រង់​របស់ខ្លួន​ឲ្យ​ស្ថិតក្នុង​ស្ថានភាព​មិនអោយ​មានការ​ចេញចូល និង​ដោយបាន​បញ្ជូន​ទ័ព​មួយ​ម៉ឺ​នាក់​បន្ថែម​ទៅកាន់​តំបន់​នេះ​។ ឥណ្ឌា ក៏បាន​ព្រមាន​ពី​ការផ្ទុះ​ការប៉ះទង្គិច​ជាមួយ​ប៉ា​គី​ស្ថាន​នៅឯ​ព្រំដែន​ក្នុង​រដ្ឋ​មួយ​នេះ​ផងដែរ​។​។​


 
​រដ្ឋាភិបាល​ក្រុង​ញូ​វ​ដេលី បានចេញ​បទបញ្ជា​មិនអោយ​មានការ​ធ្វើដំណើរ​អ្វី​ទាំងអស់​នៅក្នុង​ទីក្រុង Srinagar នៃ​តំបន់​កា​ស្មៀ​រ ហើយ​ស្ថាប័ន​អប់រំ​ទាំងអស់​ក៏ត្រូវ​បិទ មិនអោយ​មាន​ដំណើរកា​រដែរ​។​នេះ​បើ​យោងទៅតាម​ទី​ភ្នា​ក់​ព័ត៌មាន AFP ។​
 
​ចំពោះ​ការហាមឃាត់​នេះ​ក៏​អនុវត្ត​ក្នុងស្រុក​សំខាន់​ចំនួន​យ៉ាងហោចណាស់​បួន​ទៀត​របស់​ជនជាតិ​មូស្លីម​ផងដែរ​។ ការជួបប្រជុំ​ជា​សាធារណៈ មិន​អនុ​ញ្ញា​អោយមាន​ជាដាច់ខាត ឯ​ប្រព័ន្ធ​ទូរគមនាគមន៍​ដូចជា​ទូរ​សព្ទ សេវា​អ៊ីនធឺណិត និង​បណ្ដាញ​ទូរទស្សន៍ ក៏​ត្រូវបាន​កាត់ផ្តាច់​ដែរ​។ 
 
​លើសពីនោះ ឥណ្ឌា ក៏បាន​បញ្ជូន​ទ័ព​យ៉ាងហោចណាស់​មួយ​ម៉ឺន​នាក់​ទៅកាន់​កា​ស្មៀ​រ​ផងដែរ​។ ដោយឡែក​ប្រភព​ផ្នែក​សន្តិសុខ​មួយ​បាន​ប្រាប់ AFP ថា ទាហាន​របស់​ឥណ្ឌា​ដែល​ត្រូវបាន​ពង្រាយ​មាន​រហូតដល់ 70,000 នាក់​ឯណោះ ដែល​នេះ​ត្រូវបាន​គេ​ជឿថា ជា​ចំនួន​ទាហាន​មិន​ធ្លាប់មាន​ពីមុនមក​។ 
 
​ការ​រឹតត្បិត​ទៅលើ​ការចេញចូល​នេះ គឺ​កើតចេញពី​ការចោទប្រកាន់​គ្នា​ទៅលើ​ការឆ្លងកាត់​ខ្សែរ​បន្ទាត់​គ្រប់គ្រង​(the Line of Control) ដែលជា​ខ្សែ​ព្រំដែន​ខណ្ឌ​ចែក​តំបន់​កា​ស្មៀ​រវាង​ឥណ្ឌា និង​ប៉ា​គី​ស្ថាន​។ ទាហាន​របស់​ឥណ្ឌា​ថា ខ្លួន​បាន​ទប់ស្កាត់​ពី​ការប៉ុនប៉ង​របស់​ទាហាន​ប៉ា​គី​ស្ថាន​ក្នុងការ​ឆ្លងកាត់​ខ្សែបន្ទាត់​ព្រំដែន និង​បានសម្លាប់​យោធា​ប៉ា​គី​ស្ថាន​មួយចំនួន​ទៀតផង​។ 
​ប៉ា​គី​ស្ថាន​បាន​ច្រានចោល​ការអះអាង​នេះ​ថា គ្មាន​មូលដ្ឋាន​ច្បាស់លាស់ ហើយ​បាន​ចោទ​រដ្ឋាភិបាល​ក្រុង​ញូ​វ​ដេលី​វិញ ថា បាន​ប្រើប្រាស់​គ្រាប់បែក​ចង្កោម​ប្រឆាំងនឹង​ជន​ស៊ីវិល ដែល​បានសម្លាប់​មនុស្ស​៤​នាក់ និង​រងរបួស​ចំនួន​១១​នាក់​។ ឥណ្ឌា​បាន​បាន​បដិសេធ​លើ​ការចោទប្រកាន់​នេះ​វិញ​។ 
 
​នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន អ៊ី​ម​រ៉ា​ន ខាន់ (Imran Khan) បាន​ចោទប្រកាន់​ឥណ្ឌា​ចំៗ​ថា កំពុង​បង្ក​សកម្មភាព​ឈ្លានពាន​បែប​ថ្មី​។ លោក​បន្តថា ទង្វើ​របស់​ឥណ្ឌា​អាចធ្វើអោយ​មាន​វិបត្តិ​នៅក្នុង​តំបន់​បាន​។ 
 
​សូមបញ្ជាក់ថា សភាពការណ៍​ក្នុង​រដ្ឋ​នៃ​តំបន់ភ្នំ​ហិមាល័យ​មួយ​នេះ ចាប់ផ្តើម​មាន​ភាពចម្រូងចម្រាស់​ឡើងវិញ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ បន្ទាប់ពី​មានការ​វាយប្រហារ​ទៅលើ​កងរាជអាវុធហត្ថ​ឥណ្ឌា​កាល​ប៉ុន្មាន​ខែ​មុន​របស់​ក្រុម​ឧទ្ទាម ដែលមាន​មូលដ្ឋាន​នៅ​ប៉ា​គី​ស្ថាន​៕

Tag:
 ឥណ្ឌា​
  ប៉ា​គី​ស្ថាន​
  កា​ស្មៀ
© រក្សាសិទ្ធិដោយ thmeythmey.com