ជាតិ
ក្រសួង​ឧស្សាហកម្ម បញ្ជា​ឲ្យ​ផ្អាក​ផ្គត់ផ្គង់​ទឹក​ដល់​សំណង់​ខុសច្បាប់​
05, Aug 2019 , 10:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ ៖ ស្ថាប័នរដ្ឋ​មួយទៀត​ហើយ ដែល​ប្រកាស ចូលរួម​ទប់ស្កាត់​ការដ្ឋាន​សំណង់​ខុសច្បាប់​នៅ​កម្ពុជា​។ ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម នៅ​ថ្ងៃទី​១​សីហា បានចេញ​សេចក្ដីណែនាំ​ដល់​អង្គភាព​រដ្ឋាករទឹក​ចំណុះ​ក្រសួង និង​ប្រតិបត្តិ​ករ​ទឹកស្អាត​ឯកជន ត្រូវ​ផ្អាក​ផ្គត់ផ្គង់​ទឹក​ដល់​សំណង់​ខុសច្បាប់​។​


 
​ក្រសួង​ណែនាំ​ដល់​អង្គភាព​ក្រោម​ឱវាទ​ដូច្នេះ​ថា​៖«​ត្រូវ​សហការ​ជាមួយ​រដ្ឋបាល​ដែនដី​ក្នុង​មូលដ្ឋាន​របស់ខ្លួន និង​មន្ទីរ​អង្គភាព​ជំនាញ ជាពិសេស​មន្ទីរ​រៀបចំ​ដែនដី ក្នុង​ការផ្អាក​ការផ្គត់ផ្គង់​ទឹកស្អាត ទៅដល់​ការដ្ឋាន​សំណង់​សណ្ឋាគារ ផ្ទះសំណាក់ អគារ​ស្នាក់នៅ​រួម សំណង់​អគារ​ពាណិជ្ជកម្ម អគារ​រោងចក្រ សហគ្រាស សិប្បកម្ម អគារ​សម្រាប់​លក់ ​ឬ​ជួល​ស្នាក់នៅ និង​ការដ្ឋាន​សំណង់​ដទៃទៀត ដែលជា​ប្រភេទ​សំណង់​ខុសច្បាប់ និង​/​ឬ សាងសង់​ខុស​បច្ចេកទេស ដែល​ត្រូវ​បានកំណត់​បញ្ជាក់​ដោយ​ស្ថាប័ន ឬ​អង្គភាព​មាន​សមត្ថកិច្ច លើកលែងតែ​សំណង់​លំនៅដ្ឋាន​ផ្ទាល់ខ្លួន​របស់​ប្រជាពលរដ្ឋ​»​។​
 
​ក្រសួង​ឧស្សាហកម្ម​បញ្ជាក់ថា កា​រត​បណ្ដាញ​ទឹកស្អាត​ដល់​ប្រភេទ​សំណង់ ​ដែល​ត្រូវបាន​រៀបរាប់​ខាងលើ អាចធ្វើ​ទៅបាន លុះត្រា​តែមាន​ឯកសារ​បញ្ជាក់​គ្រប់គ្រាន់​ពី​ក្រសួង មន្ទីរ និង​/​ឬ​រដ្ឋបាល​ដែនដី​ ដែលមាន​សមត្ថកិច្ច​គ្រប់​គ្រង​ការដ្ឋាន​សំណង់​ទាំងអស់​។ 
 
​វិធានការ​ត្រូវបាន​ស្ថាប័ន​ពាក់ព័ន្ធ​ប្រកាស​ចេញ​ជា​បន្តបន្ទាប់ ដើម្បី​ទប់ស្កាត់​ការដ្ឋាន​សំណង់​ខុសច្បាប់ បន្ទាប់ពី​មាន​ករណី​បាក់​រលំ​អគារ​នៅ​ព្រះសីហនុ​។ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ផ្ដួចផ្ដើម​ស្នើ​ឲ្យ​មានការ​ចូលរួម​ដាក់​វិធានការ​ តាម​សមត្ថកិច្ច​របស់​ស្ថាប័ន​នីមួយៗ ​ចំពោះ​សំណង់​ខុសច្បាប់​។ ចំណែកឯ​ទីស្ដីការគណៈរដ្ឋមន្ត្រី​ បានចេញ​លិខិត​មួយ​ដល់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ កាលពីដើម​ខែកក្កដា ដើម្បី​ឲ្យ​មានការ​ចូលរួម​ជា​វិធានការ​ផ្សេងៗ​ចំពោះ​បញ្ហា​នេះ​៕

Tag:
 សំណង់​
  ទឹកស្អាត
© រក្សាសិទ្ធិដោយ thmeythmey.com