អន្តរជាតិ
កូរ៉េខាងត្បូង​និង​អូស្ត្រាលី បដិសេធ​ទទួល​មី​ស៊ី​ល​ចម្ងាយ​មធ្យម​របស់​អាមេរិក​
05, Aug 2019 , 10:59 pm        
រូបភាព
រដ្ឋមន្រ្តីការពារជាតិអាមេរិក ម៉ាក អេស្ពើ នាសន្និសីទសារព័ត៌មាននៅអូស្ត្រាលី។ រូបភាព AFP
រដ្ឋមន្រ្តីការពារជាតិអាមេរិក ម៉ាក អេស្ពើ នាសន្និសីទសារព័ត៌មាននៅអូស្ត្រាលី។ រូបភាព AFP
​កូរ៉េខាងត្បូង និង​អូស្ត្រាលី នៅ​ថ្ងៃទី​៥ ខែសីហា បាន​បដិសេធ​ព្រម​គ្នា​ជុំវិញ​លទ្ធភាព​ទទួលយក​មី​ស៊ី​ល​របស់​អាមេរិក​។ រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក ម៉ាក អេ​ស្ពើ (Mark Esper) ជា​អ្នក​លើកឡើង​ពី​គម្រោង​របស់​ក្រុង​វ៉ាស៊ីនតោន​ក្នុងការ​ពង្រាយ​មី​ស៊ី​ល​នៅ​ប្រទេស​ដៃគូ​នៅ​តំបន់​អាស៊ី​អំឡុងពេល​ធ្វើដំណើរ​ពី​កូរ៉េខាងត្បូង​ទៅកាន់​អូស្ត្រាលី​កាលពី​ចុង​សប្ដាហ៍​មុន​។ ចិន និង​កូរ៉េខាងជើង ទំនងជា​គោលដៅ​ចម្បង​នៃ​គម្រោង​ពង្រាយ​មី​ស៊ី​ល​របស់​អាមេរិក​។ 

 
​ព័ត៌មាន​អាមេរិក​ប្រុង​ពង្រាយ​មី​ស៊ី​ល​នៅ​អាស៊ី កំពុង​ក្លាយជា​ព័ត៌មាន​រសើប​មួយ​ពិសេស​ក្នុងចំណោម​សម្ព័ន្ធមិត្ត​របស់​អាមេរិក​ក្នុង​តំបន់​។ ប្រមុខ​ការពារជាតិ​អាមេរិក​ទើប​ឡើងកាន់តំណែង​ថ្មីៗ ម៉ាក អេ​ស្ពើ ប្រាប់​អ្នកសារព័ត៌មាន​ក្នុង​ដំណើរ​ទៅកាន់​ទីក្រុង​ស៊ីដនី​កាលពី​ចុង​សប្ដាហ៍​មុន ថា អាមេរិក​ចង់​ពង្រាយ​មី​ស៊ី​ល​ចម្ងាយ​មធ្យម​នៅ​អាស៊ី ហើយ​រូបលោក​ផ្ទាល់​ក៏​ចង់ឃើញ​រឿងនេះ​កើតឡើង​ក្នុង​រង្វង់​ប៉ុន្មាន​ខែ​ខាងមុខ​ទៀត​ដែរ​។ 
 
​ការលើកឡើង​របស់លោក អេ​ស្ពើ ធ្វើឡើង​ក្រោយ​អាមេរិក​ដើរ​ចេញពី​សន្ធិសញ្ញា​ហាមឃាត់​ការ​សាយភាយ​មី​ស៊ី​ល​ចម្ងាយ​មធ្យម​ជាមួយ​រុស្ស៊ី (INF) ។ ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ថ្ងៃទី​៤ ខែសីហា ប្រមុខ​ការពារជាតិ​អាមេរិក​បញ្ជាក់ថា ពេលនេះ​អាមេរិក​អាច​អភិវឌ្ឍ​មី​ស៊ី​ល​ដែលមាន​ចម្ងាយ​ពី​៥០០​គីឡូម៉ែត្រ​ទៅដល់​៥,៥០០​គីឡូម៉ែត្រ​បាន​ហើយ ហើយក៏​អាច​ពង្រាយ​នៅ​អឺរ៉ុប ឬ​អាស៊ី​បានដែរ សំដៅ​សម្ញែង​អានុភាព​អាមេរិក​ដើម្បី​បញ្ចៀស​ជម្លោះ​ក្នុង​តំបន់​។ 
 
​បើ​កើតឡើង​មែន គោលដៅ​នៃ​ទីតាំង​ដែល​ត្រូវ​ពង្រាយ​មី​ស៊ី​ល​ទាំងនេះ គឺ​សម្ព័ន្ធមិត្ត​អាមេរិក​ក្នុង​តំបន់​។ យ៉ាងណាមិញ សម្ព័ន្ធមិត្ត​អាមេរិក​ចំនួន​ពីរ បាន​ចេញមុខ​បដិសេធ​ទទួលយក​មី​ស៊ី​ល​នេះ​។ នាយករដ្ឋមន្ត្រី​អូស្ត្រាលី ស្កុ​ត ម៉ូ​រី​សុន (Scott Morrison) បាន​ចេញមុខ​ទាត់ចោល​លទ្ធភាព​ដែល​ប្រទេស​លោក​ទទួលយក​មី​ស៊ី​ល​។ លោក​និយាយ​នៅ​ថ្ងៃទី​៥ ខែសីហា ថា អូស្ត្រាលី មិនបាន​ទទួល​សំណើ ហើយ​នឹងមិន​ពិចារណា​សំណើ​អ្វី​ឡើយ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​
 
​នៅ​សេ​អ៊ូ​ល​ឯណោះ​វិញ ក្រសួងការពារជាតិ​កូរ៉េខាងត្បូង​ក៏​ប្រកាសថា កូរ៉េខាងត្បូង​មិនបាន​ជជែក​ពី​ការទទួល​មី​ស៊ី​ល​អាមេរិក​ឡើយ ហើយក៏​គ្មាន​គម្រោង​ធ្វើ​បែប​នោះ​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងត្បូង Yonhap អ្នកនាំពាក្យ​ក្រសួង​នេះ​បញ្ជាក់ថា កូរ៉េខាងត្បូង មិនបាន​ពិនិត្យមើល​ពី​បញ្ហា​នេះឡើយ ហើយ​វា​ក៏​មិន​ស្ថិតក្នុង​របៀបវារៈ​នៃ​ជំនួប​រវាង​រដ្ឋមន្ត្រី​ការពារជាតិ Jeong Kyeong-doo និង​លោក អេ​ស្ពើ នៅ​ចុង​សប្ដាហ៍​នេះដែរ​។ 
 
​សព្វថ្ងៃនេះ កូរ៉េខាងត្បូង ជាទី​តាំងរបស់​ប្រព័ន្ធ​ការពារ​អាកាស (THAAD) រួចស្រេច​ទៅហើយ​។ វត្តមាន​របស់​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​មួយ​នេះ ធ្វើ​ឲ្យ​ចិន និង​កូរ៉េខាងជើង​ខាង​សម្បារ​យ៉ាងខ្លាំង និង​បន្ត​ស្នើ​ឲ្យ​កូរ៉េខាងត្បូង​ដកចេញ​វិញ​។ ភ្លើង THAAD មិន​រលត់​ផង សេ​អ៊ូ​ល​មិនអាច​យក​ភ្លើង​មួយ​ភ្នក់​ទៀត​មក​ដាក់​ក្នុងផ្ទះ​បានឡើយ​។ នេះ​ក៏​ព្រោះតែ​គោលដៅ​របស់​មី​ស៊ី​ល​អាមេរិក​នេះ ក៏​គ្មា​ម​ប្រទេស​ណា​ក្រៅពី​ចិន និង​កូរ៉េខាងជើង​នោះឡើយ​។​
 
​បើ​ចង់​ដាក់​នៅ​អាស៊ី​មែន កោះ​ហ្កា​ម ជាទី​តាំង​ដែល​អាមេរិក​ពង្រាយ​មី​ស៊ី​ល​របស់ខ្លួន ព្រោះ​កោះ​មួយ​នេះ​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​អាមេរិក​ស្រាប់ ហើយក៏​ជា​មូលដ្ឋាន​យោធា​ដែល​នៅ​កៀក​អាស៊ី​ដែរ​។ សម្រាប់​គម្រោង​ពង្រាយ​ជាមួយ​ប្រទេស​ផ្សេង​នោះ លោក អេ​ស្ពើ អះអាងថា អាមេរិក នឹង​ជជែក​ជាមួយ​ប្រទេស​ដៃគូ​របស់ខ្លួន​៕ 

Tag:
 អាមេរិក​
  កូរ៉េខាងត្បូង​
  អូស្ត្រាលី​
  Mark Esper
© រក្សាសិទ្ធិដោយ thmeythmey.com