ONE Championship
កីឡាជាតិ
ជាតិ
វី ស្រី​ខួច ឆ្លងកាត់​ការរិះគន់​ជាច្រើន​រហូត​ក្លាយជា​កីឡាការិនី​ប្រដាល់​លេចធ្លោ​នៅ​កម្ពុជា​
05, Aug 2019 , 11:19 pm        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី​
 
​វី ស្រី​ខួច ត្រូវបាន​គេ​ស្គាល់​តាមរយៈ​ការប្រកួត​ជាច្រើន​នៅលើ​សង្វៀន​ប្រដាល់សេរី ជាពិសេស​ការបង្ហាញ​ខ្លួន​នៅ​សង្វៀន ONE នា​ឆ្នាំ​កន្លងទៅ​។ បច្ចុប្បន្ននេះ ស្រី​ខួច ជា​កីឡាការិនី​ប្រដាល់សកល​ជម្រើសជាតិ​ដ៏​លេចធ្លោ​ម្នាក់ និង​កំពុង​ត្រៀមខ្លួន​ដើម្បី​ប្រកួត​នៅ​ស៊ី​ហ្គេម​ចុងឆ្នាំ ២០១៩ នេះ​នៅ​ហ្វីលីពីន​។ មានរឿង​រ៉ាវ និង ការតស៊ូ​ជាច្រើន​រហូតដល់​មាន​ភាពលេច​ធ្លោ​ក្នុង​ពិភព​កីឡាប្រដាល់​នៅ​កម្ពុជា​។

 
​វី ស្រី​ខួច ជម្នះ​លើ​ការទិតៀន​៖ 
 
​វី ស្រី​ខួច ត្រូវបាន​ស្ត្រី​ជាច្រើន​ក្នុងសង្គម ឬ អ្នកមាន​វ័យ​ស្របាល​គ្នា​រិះគន់ថា​ខ្លួន​ជា​ស្រី បែរជា​ទៅ​ហាត់​ក្បាច់គុន​ទាត់​ធាក់ ព្រោះ​ក្បាច់គុន​សម្រាប់​បុរសៗ​។  ស្រី​ខួច ចូល​ហាត់​ប្រដាល់​តាំងពី​អាយុ ១៦ ឆ្នាំ ជាមួយ​បងប្រុស វី សាវុធ នៅ​ក្លិប​ឥន្ទ្រី​កីឡា ដែល​បង្វឹក​ដោយ​លោកគ្រូ ដួង បូរី នៅ​មិន​ឆ្ងាយ​ពី​ផ្ទះ​ប៉ុន្មាន​នា​ក្រុង តាខ្មៅ ខណៈដែល ខ្លួន​កំពុងធ្វើការ​រោងចក្រ​នៅឡើយ​ដោយសារ​ជីវភាព​គ្រួសារ​ខ្សត់ខ្សោយ​។ ស្រី​ខួច ធំ​ដឹងក្ដី​ក្នុង​ការដ្ឋាន​សំណង់ ព្រោះ​ឳ​ពុក​ម្ដាយ​ធ្វើការ​សំណង់​នៅ ភូមិ​ព្រែក​សំរោង ឃុំ​តាខ្មៅ ក្រុង​តាខ្មៅ អំឡុង​ឆ្នាំ ២០០០ ដែល​នេះ​ជាហេតុ​ធ្វើ​ឲ្យ​ខ្លួន​មិនអាច​បន្ត​ការសិក្សា​បាន​វែងឆ្ងាយ​ដូច​ក្មេងស្រី​ដទៃ​។ ដំបូង​ឡើយ ស្រី​ខួច ចូល​ហាត់​លេងៗ​ដើម្បី​សុខភាព​ប៉ុន្តែ ទីបំផុត​ប្រដាល់​បាន​រុញច្រាន​ជីវិត​ឲ្យ​ល្អប្រសើរ​។ ស្រី​ខួច ក៏​មិនសូវ​សប្បាយចិត្ត​ចំពោះ​ពាក្យរិះគន់​ខាងលើ​ដោយ​ថ្លែងថា ៖«​ខ្ញុំ​ត្រូវគេ​និយាយ​ដាក់ថា ម៉េច​បាន​ទៅ​ហាត់​ប្រដាល់​បើ​យើង​ជា​ស្រី​? ប៉ុន្តែ​ខ្ញុំ​ទទួលបាន​ការសរសើរ​វិញ ពេល​ខ្ញុំ​ឡើង​ប្រកួត​បាន​គ្រាន់បើ​និង មានឈ្មោះ​បោះ​សំឡេង​រហូត​ជាប់​ជម្រើសជាតិ​។ ខ្ញុំ​សប្បាយចិត្ត​មិន​ស្ដាយក្រោយ​ទេ​ពេលនេះ​»​។ 


 
​ទោះជា​ឳ​ពុក​ម្ដាយ​មិនមាន​ខ្សែ​ជា​អ្នក​ប្រដាល់ ប៉ុន្តែ មាន​បងប្រុស​បង្កើត វី សាវុធ ជា​អ្នកត្រួសត្រាយ​ផ្លូវ ដែល​នាំ​ឲ្យ​កីឡាការិនី​វ័យ​២៤​ឆ្នាំ​រូបនេះ​ឈានដល់​ចំណុចកំពូល​។ ក្នុងចំណោម បងប្អូន​បង្កើត​ចំនួន ៧ នាក់ មាន​៤​នាក់​ហើយ​ដែល​បាន​ចូលខ្លួន​ក្នុង​ពិភព​កីឡាប្រដាល់​។ បងប្អូន ៤ នាក់​ដែល​ហាត់​ប្រដាល់​មាន វី សាវុធ​, វី ស្រី​ខួច​, ប្អូនប្រុស វី សុ​ភ័ស​, និង វី ស្រី​ស្រស់​។ វី សាវុធ លាឈប់​ពី​ប្រដាល់​ទៅ​ប្រកប​របរ​រកស៊ី ដូចនឹង​ប្អូនប្រុស វី សុ​ភ័ស​ដែរ ប៉ុន្តែ ស្រី​ខួច និង ស្រី​ស្រស់ នៅ​ដើរ​ក្នុង​វិថី​ប្រដាល់​ដដែល​។ ស្រី​ស្រស់ កីឡាការិនី ថ្នាល​ជំនាន់​ក្រោយ ហើយ​អាច​នឹងធ្វើ​បានល្អ​នា​ថ្ងៃ​អនាគត​។ 
 
​ឈ្នះ​ពាន​នៅ​បាយ័ន និង ខ្សែក្រវាត់​៖
 
​ការតស៊ូ​របស់ ស្រី​ខួច មិន​រួញរា រហូតដល់​ឈ្នះ​ពាន​នៅ​ស្ថានីយទូរទស្សន៍​បាយ័ន​ក្នុង​ប្រភេទ​ទម្ងន់ ៥៧ គីឡូក្រាម កាល​ឆ្នាំ​២០១៣ ដែលមាន​បេក្ខភាព​ចំនួន​៤ នាក់​។ ក្នុងការ​ប្រកួត​វិលជុំ​ដើម្បី​ដណ្ដើមពាន​នេះ បន្ទាប់ពី​ឈ្នះ​កីឡាការិនី អេ យ៉ា​នុត ដោយ​ពិន្ទុ​។ ដោយសារតែ​ភាពលេច​ធ្លោ វី ស្រី​ខួច ទទួលបាន​សេចក្ដី​ពី​ទុក​ពី​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ និង សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​នៅ​បារាំង​ដោយ​អញ្ជើញ​ទៅ​ប្រកួត​នៅ​ប្រទេស​បារាំង​នា​ឆ្នាំ ២០១៥​។ កាលនោះ​មាន​កីឡាករ​រួម​ដំណើរ ដូចជា​សេន ប៊ុន​ថែ​ន រឿង សោ​ភ័​ណ្ឌ​, និង វង្ស ណ​យ​។ នេះ​ជា​សមិទ្ធផល​មួយ​មិនអាច​បំភ្លេចបាន ពេល​ឈ្នះ​ខ្សែក្រវាត់​នៅ​ប្រទេស​បារាំង បន្ទាប់ពី​ឈ្នះ​កីឡាការិនី​ម្ចាស់ផ្ទះ​។ ពេល​ត្រឡប់មក​ស្រុក​ខ្មែរ វិញ លោក អៀង សារុន ដែល ស្រី​ខួច តែងតែ​ហៅថា «​មេ​» ហើយ បម្រើការ​នៅ​អង្គភាព​កង​អង្គរក្ស​នោះបាន​ប្រគល់ជូន​ម៉ូតូ​ស្កុ​ពី​ថ្មី​សន្លាង មួយគ្រឿង សម្រាប់​ការលើកទឹកចិត្ត និង ការសន្យា​កន្លងមក​។ ហើយ​លោក អៀង សារុន ក៏​បន្ត​ជួយ ស្រី​ខួច និង គ្រួសារ​រហូតដល់​បច្ចុប្បន្ន​នេះ​។ នេះ​ជា​រឿងរ៉ាវ​ដែល​មិនអាច​បំភ្លេចបាន​សម្រាប់​លទ្ធផល​តស៊ូ​ច្រើន​ឆ្នាំ​កន្លងមកនេះ​។ រហូតដល់​បច្ចុប្បន្ន​ក៏​នៅ​ទទួល​ការ​អាណិត​ស្រលាញ់​ពី​មេ​របស់ខ្លួន​ដដែល និង ផ្ដល់​ការ​រាប់អាន​យ៉ាង​ស្មោះស្ម័គ្រ​។ 

​ការបង្ហាញ​ខ្លួន​លើ​ឆាក​អន្តរជាតិ ONE៖

​ក្នុងស្រុក ស្រី​ខួច ពិតជា​លំបាករ​កដៃ​គូប្រកួត​ណាស់​។ យ៉ាងណាក្ដី​គេ​ត្រូវបាន​សង្វៀន ONE អញ្ជើញ​ទៅ​ប្រកួត​តាំងពី​ឆ្នាំ ២០១៥ មក​ចំនួន ៣ លើក និង​ទៅ​ប្រកួត​នៅ​ប្រទេស​ថៃ​ចំនួន ១​លើក​។ នេះ​ការតស៊ូ មិនអាច​កាត់ថ្លៃ​បានដែ​លអាច​ទាក់ភ្នែក​ពី​ស្ថាប័ន​រៀបចំ​ការប្រកួត​លំដាប់​ពិភពលោក​។ ដ្បិត​មួយរយៈ​ចុងក្រោយ​នេះ មិនសូវ​ទទួលបាន​កា​រ​អញ្ជើញ​ទៅ​ក្រៅប្រទេស ប៉ុន្តែ ប្អូនស្រី វី សាវុធ បាន​ខិតខំ​យ៉ាងខ្លាំង​ដើម្បី​ទាញ​ចំណាប់អារម្មណ៍​ឡើងវិញ​។ យ៉ាងណាក្ដី គេ​ខិតខំ​ប្រឹងប្រែង​ដើម្បី​ប្រកួត​នៅ​ស៊ី​ហ្គេម​ចុងឆ្នាំ​នេះ​តំណាង​ឲ្យ​ជាតិ​ក្នុង​វិញ្ញាសា​ប្រដាល់សកល​។ ស្រី​ខួច នឹង​ចេញទៅ​ហ្វឹកហាត់​នៅ​ជប៉ុន ចាប់ពី​ថ្ងៃទី ១ កញ្ញា តទៅ រហូតដល់​ការប្រកួត​ស៊ី​ហ្គេម ចាប់ផ្ដើម​នា​ខែ វិច្ឆិកា​៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com