ដោយ៖ ធៀន ភារិន្ទ
រដ្ឋអាមេរិកកណ្តាល អែលសាល់វ៉ាឌ័រ ស្ថិតក្នុងចំណោមប្រទេសដែលរងគ្រោះដោយសារកង្វះទឹកប្រើប្រាស់។ របាយការណ៍ស្រាវជ្រាវមួយបង្ហាញថា រដ្ឋមួយនេះនឹងលែងមានទឹកប្រើប្រាស់ទាំងស្រុងត្រឹម ៨០ ឆ្នាំទៀត វាលើកលែងតែមានចំណាត់ការតឹងរ៉ឹងដើម្បីគ្រប់គ្រងការប្រើប្រាស់ទឹក។
ព្រឹកព្រលឹមស្រាងៗ លោក Victor Funez កាន់ធុងប្លាស្ទិកអាចដាក់ទឹកបាន ១១,៣៥ លីត្រចេញទៅកាន់ឈាបនដ្ឋានមួយកន្លែងដែលស្ថិតនៅចម្ងាយប្រហែល ១៥ ទៅ ២០នាទីពីផ្ទះរបស់ខ្លួន។ ត្រង់ទឹកពេញហើយលោកត្រូវត្រឡប់ដំណើរមកផ្ទះវិញ ដោយប្រពន្ធរបស់លោកកំពុងរង់ចាំទឹកត្រាំគ្រាប់ពោតដើម្បីចម្អិនអាហារពេលព្រឹក។
«ការងារប្តីរបស់ខ្ញុំគឺទៅដងទឹក។ ដូច្នេះហើយទើបខ្ញុំអាចធ្វើកិច្ចការក្នុងផ្ទះបាន។ យើងត្រូវធ្វើបែបនេះជារៀងរាល់ថ្ងៃ” Bianca Lopez អាយុ ៤៦ឆ្នាំ បាននិយាយ។
«ពួកយើងអាចរស់ដោយគ្មានអគ្គីសនី ពួកយើងមានទៀន និងចង្កៀង តែទឹកគឺមិនអាចទេ»។
គ្រួសារ Funez មិនខុសពីគ្រួសារដទៃទៀតដែលរស់នៅភូមិ La Estacion ឡើយ។ ភូមិបណ្តោះអាសន្ននេះមានប្រជាជនសរុប ៥៩ គ្រួសារ និងស្ថិតនៅតាមបណ្តោយផ្លូវរថភ្លើងដែលគេឈប់ប្រើប្រាស់ដែលឆ្លងកាត់តំបន់ Nejapa។
តាមពិតទៅ អែលសាល់វ៉ាឌ័រជារដ្ឋតូចមួយនៅអាមេរិកកណ្តាល និងជារដ្ឋដែលញាំញីទៅដោយឃាតកម្មច្រើនបំផុតនៅលើពិភពលោក។ ការបង្ហូរឈាមដោយសារបញ្ហាឧក្រិដ្ឋកម្ម និងភាពអត់ការងារ បង្កើតចលនាចំណាកស្រុករបស់ប្រជាជនប្រទេសនេះទៅស្វែងរកជីវិតដ៏ល្អមួយ។
អែលសាល់វ៉ាឌ័រក៏ជាប្រទេសមួយដែលមានកម្រិតដង់ស៊ីតេប្រជាជនច្រើនបំផុតដែរនៅអាមេរិកកណ្តាល ហើយអ្វីដែលសំខាន់ប្រទេសនេះប្រឈមនឹងវិបត្តិប្រែប្រួលអាកាសធាតុ និងការបំពុលបរិស្ថានជាដើម។
អ្វីដែលធ្ងន់ធ្ងរជាងនេះ ប៉ុន្មានឆ្នាំចុងក្រោយនេះ វិបត្តិខ្វះទឹកប្រើប្រាស់ក៏កំពុងធ្វើឲ្យមានភាពចលាចល និង ជំរុញអោយមានការចំណាកស្រុកកាន់តែខ្លាំងដែរ។
យោងតាមសារព័ត៌មានអង់គ្លេស The Guardian របាយការណ៍ស្រាវជ្រាវមួយបង្ហាញថា អែលសាល់វ៉ាឌ័រនឹងអស់ទឹកប្រើប្រាស់ក្នុងរយៈពេល៨០ ឆ្នាំទៀត បើសិនជាប្រទេសនេះគ្មានយន្តការមាំទាំនិងមានប្រសិទ្ធភាពក្នុងការគ្រប់គ្រងការផ្គត់ផ្គង់ទឹកដែលមានដ៏តិចតួចនេះទេ។
អ្នកជំនាញបរិស្ថានមើលឃើញថា ការប្រឈមនឹងកង្វះទឹកប្រើប្រាស់ និងគ្មានការយកចិត្តទុកដាក់ពីអាជ្ញាធរនោះ នឹងបង្កទៅជាវិបត្តិសង្គមនៅពេលខាងមុខផង។
«ភូមិដែលមិនសូវមានគេគិតគូរ ហើយប្រឹងជម្រះឧបសគ្គពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីទទួលបាននូវទឹកប្រើប្រាស់គ្រប់គ្រាន់។ វាគ្មានអ្វីដែលត្រូវឆ្ងល់ទេ ថាហេតុអ្វីវាអាចបង្កអោយមានជម្លោះក្នុងសង្គម។ ប៉ុន្តែវាបានកើតឡើងរួចហើយ ដោយប្រទេសទាំងមូលជិតធ្លាក់ក្នុងវិបត្តិ»។ លោក Silvia De Larios មន្ត្រីផ្នែកប្រព័ន្ធអេកូឡូស៊ី និងសត្វព្រៃ នៅក្រសួងបរិស្ថាន និងធនធានធម្មជាតិនិយាយដូច្នេះ។
គេមើលឃើញថា ក្នុងឆ្នាំដែលមានគ្រោះរាំងស្ងួតកើតឡើង នៅតាមទីក្រុង និងតាមទីជនបទនានានៅក្នុងប្រទេសប្រឈមនឹងបញ្ហាធ្ងន់ធ្ងរ។ យ៉ាងណាមិញ កង្វះទឹកនេះក៏កើតឡើងដោយសារការខ្ជះខ្ជាយទឹក ដ្បិតការបន្តកាប់បំផ្លាញព្រៃឈើ និងការចាក់លុបបឹងបួរ និងទន្លេជាដើម។ សកម្មភាពទាំងនេះ ធ្វើឲ្យអែលសាល់វ៉ាឌ័របាត់បង់ទឹកក្រោមដីអស់ប្រហែល ៤៨ភាគរយឯណោះ។
ជាក់ស្តែង តំបន់ Nejapa នេះអាចមានទឹកក្រោមដីសម្រាប់ផ្គត់ផ្គង់ប្រហែល៤០ភាគរយនៃប្រជាជន រស់នៅរដ្ឋធានីសាន់សាល់វ៉ាឌ័រ ប៉ុន្តែកម្រិតទឹកនេះបានធ្លាក់ចុះខ្លាំង ដោយវាអាចផ្គត់ផ្គង់បានត្រឹម ២០ភាគរយប៉ុណ្ណោះ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ។ នេះក៏ដោយសារព្រៃឈើភាគច្រើននៅតំបន់ Nejapa កំពុងរងការកាប់បំផ្លាញ ដើម្បីការអភិវឌ្ឍលំនៅដ្ឋាន និងគម្រោងអភិវឌ្ឍផ្សេងទៀតរបស់ក្រុមហ៊ុនឯកជន។
គេមើលឃើញថា បញ្ហាវិបត្តិខ្វះទឹកនៅអែលសាល់វ៉ាឌ័រនេះកាន់តែធ្ងន់ធ្ងរថែមទៀតនៅដោយសារកត្តាផ្សេងទៀតដែរដូចបញ្ហាពុករលួយ,បញ្ហាឧក្រិដ្ឋកម្មសង្គមបង្កដោយក្រុមបងតូចបងធំ និងបញ្ហាផលប្រយោជន៍ក្រុមហ៊ុនឯកជនផងដែរ៕