តំណាងប្រជាពលរដ្ឋ ១២៦០គ្រួសារ ដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនផលិតស្ករអំពៅ ក្នុងខេត្តកោះកុង បានឡើងមកតវ៉ារកដំណោះស្រាយពីក្រសួងដែនដីរៀបចំដែនដី នគរូបនីយកមុ្ម និងសំណង់ នៅព្រឹកថ្ងៃទី ៥ ខែសីហា ឆ្នាំ២០១៩នេះ។ ពលរដ្ឋទាំងនោះ អះអាងថា ក្រុមហ៊ុន Sugar Industry Company បានរំលោភយកដីចម្ការ និងឈូសឆាយលើដំណាំរបស់ពួកគេតាំងពីឆ្នាំ២០០៦ មកម្ល៉េះ។
ពលរដ្ឋដែលឡើងមកតវ៉ានៅក្រសួងដែនដីជាថ្មីនេះ ក្រោមហេតុផលថាអភិបាលខេត្តកោះកុងបានបដិសេធលើការដោះស្រាយនៃវិវាទដីធ្លីរបស់ពួកគេ បើទោះបីមានលិខិតអន្តរាគមន៍ពីក្រសួងក្តី។ ប្រជាពលរដ្ឋដែលឡើងមកតវ៉ានេះមានគ្នាជាង៣០០នាក់ មកពី ១៨ភូមិ ស្ថិតនៅក្នុងស្រុកស្រែអំបិល និងស្រុកបូទុមសាគរ ខេត្តកោះកុង ។ ពួកគេមានទំនាស់ជាមួយក្រុមហ៊ុនស្ករអំពៅរបស់លោកឧកញ៉ា លី យ៉ុងផាត់ លើផ្ទៃដីជាង ២៨៤០ហិតា។
ពលរដ្ឋម្នាក់កាន់ឯកសារបញ្ជាក់ពីការគ្រប់គ្រងដីរបស់ខ្លួន គឺអ្នកស្រី វួច ស្រីមុំ ដែលរស់នៅក្នុងភូមិត្រពាំងកណ្ដុល ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង បាននិយាយថា អ្នកស្រីមានជម្លោះដីធ្លីជាមួយក្រុមហ៊ុននេះ លើទំហំដីចំនួន២ ហិកតា។ បើតាមអ្នកស្រី មុំ ផ្ទៃដី២ហិកតានេះ គឺអ្នកស្រីបានកាន់កាប់តាំងពីឆ្នាំ២០០៣មកម្ល៉េះ ប៉ុន្តែក្រុមហ៊ុនខាងលើបានមកឈូសឆាយលើផលដាំណាំ និងយកដីរបស់អ្នកស្រី ដើម្បីពង្រីកចំការអំពៅរបស់ខ្លួន ក្នុងឆ្នាំ២០០៦។
អ្នកស្រីបាននិយាយថា៖«អ្នកខេត្ត (រដ្ឋបាលខេត្តកោះកុង) មិនព្រមដោះស្រាយឲ្យពួកខ្ញុំទេ ដូច្នេះពួកខ្ញុំមកជួបខាងនេះម្ដងទៀត (ក្រសួងដែនដី) ចង់ដឹងថាហេតុអ្វីបានជាគាត់បដិសេធពួកខ្ញុំ។ ពួកខ្ញុំខុសអ្វី? យើងគ្រាន់តែតវ៉ាចង់បានដីពួកយើងមកវិញតែប៉ុណ្ណោះ សុំតែប៉ុណ្ណឹង។ ហេតុអ្វីមិនព្រមដោះស្រាយឲ្យពួកខ្ញុំ? ខ្ញុំបាត់ដីច្រើន តែខ្ញុំសុំតែ២ហិកតាវិញទេ»។
អ្នកស្រី មុំ បានបន្ថែមថា ពលរដ្ឋបានឡើងតវ៉ាជាមួយរដ្ឋបាលខេត្តកោះកុងជាច្រើនលើកមកហើយ ប៉ុន្តែរហូតមកដល់ពេលនេះពលរដ្ឋទាំង ៨៤៣ គ្រួសារ មិនទទួលបានដំណោះស្រាយនោះទេ ខណៈមានអន្តរាគមន៍ពីក្រសួងដែនដី កាលពីដើមឆ្នាំ ២០១៩ ក្តី។ ស្ត្រីដែលមានកូនពីនាក់ក្នុងបន្ទុករូបនេះ បានស្នើសុំឲ្យក្រសួងជួយដោះស្រាយលើជម្លោះដីធ្លីខាងលើឲ្យបានឆាប់រហ័ស ខណៈមុខរបរដើរកាប់ផ្ដៅរបស់អ្នកស្ត្រី មិនអាចទប់ទល់នឹងការចំណាយក្នុងគ្រួសារបាន ព្រោះអ្នកស្ត្រីមានសង្ឃឹមតែលើមុខរបធ្វើស្រែចំការលើដី២ហិកតានោះទេ។
ក្រោយមានការតវ៉ានេះ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី លោក ទេព ធន តម្រូវឱ្យប្រជាពលរដ្ឋដែលមានបញ្ហាដីធ្លី បំពេញសាលាកប័ត្រព័ត៌មានដោយខ្លួនឯង ហើយមានការបញ្ជាក់ពីអាជ្ញាធរមូលដ្ឋាន ចំពោះចំនួនមនុស្ស និងក្បាលដីរងផលប៉ះពាល់ ព្រមទាំងថតចម្លងទុកឱ្យអាជ្ញាធរចុះពិនិត្យ។ អាជ្ញាធរសន្យាថា នឹងពិនិត្យផ្ទៀងផ្ទាត់ រកឱ្យឃើញនូវផលប៉ះពាល់ពិតប្រាកដ និងដោះស្រាយតាមជាក់ស្តែង។ ការកំណត់បែបនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំបិទទ្វាររវាងរដ្ឋលេខាធិការរូបនេះ និងតំណាងអ្នកតវ៉ា ១៨រូប ដោយប្រើពេល៤ម៉ោង។
លោក ប៉ែន វុទ្ធា អ្នកឃ្លាំមើលការរំលោភសិទ្ធមនុស្សនៃអង្គការលីកាដូ ប្រចាំខេត្តកោះកុង បាននិយាយថា ជម្លោះដីធ្លីក្នុងខេត្តកោះកុងបានកើតឡើងស្ទើទូទាំងខេត្ត ក្រោយរដ្ឋាភិបាលបានផ្តល់ដីសប្បទានសេដ្ឋកិច្ចដល់ក្រុមហ៊ុនវិនិយោគលើការដាំអំពៅ កាលពីឆ្នាំ២០០៦។ លោក វុទ្ធា បានបន្ថែមថា ពលរដ្ឋក្នុងស្រុកមួយចំនួន បានទទួលការដំណោះស្រាយ ខណៈអាជ្ញាធរនៅមានចន្លោះប្រហោងលើបញ្ហាពលរដ្ឋមួយចំនួនទៀត។ ជាក់ស្ដែងប្រជាពលរដ្ឋពីរស្រុក ដែលឡើងមកតវ៉ានៅក្រសួងដែនដីនេះតែម្ដង គឺពួកគាត់មិនទាន់ទទួលបានដំណោះស្រាយនោះទេ។
បើតាមលោក វុទ្ធា បច្ចុប្បន្នដីមួយភាគធំរបស់ក្រុមហ៊ុនស្ករអំពៅ នេះ មិនបានវិនិយោគ ឬដាំអំពៅនោះទេ។ ចំណែកក្រុមហ៊ុនក៏មិនដែលចេញមុខមកដោះស្រាយជាមួយប្រជាពលរដ្ឋខាងលើដែរ។
«មួយរយៈពេលនេះគឺដូចជាឃើញថាមានផ្ទៃដីមួយចំនួនធំ បានផ្អាកការដាំដុះអំពៅ ខណៈការដាំក្នុងចំនួនតិចតួចទេ ជិតស្រុកស្រែអំបិល។ ដីខ្លះមានដាំ ប៉ុន្តែដីមួយចំនួនធំត្រូវបានផ្អាកដាំ ដូចជាជិត២ឆ្នាំហើយដែលគាតមិនបានដាំ»។ នេះជាការលើកឡើងរបស់អ្នកឃ្លាំមើលការរំលោភសិទ្ធមនុស្សនៃអង្គការលីកាដូ ប្រចាំខេត្តកោះកុង ដែលបានបន្ថែមថា បច្ចុប្បន្នពលរដ្ឋរងគ្រោះទាំងនោះបានជួបការលំបាកក្នុងការផ្តត់ផ្គង់ជីវភាព និងក្មេងៗមួយចំនួនត្រូវបានឈប់រៀនទៀតផង ព្រោះពួកគាត់គ្មានការងារជាក់លាក់។
ជុំវិញបញ្ហានេះ សារព័ត៌មានថ្មីៗ មិនអាចទាក់ទងមន្ត្រីរដ្ឋបាលខេត្តកោះកុងបានទេ។
កាលពីថ្ងៃទី ២១ ខែមករា ឆ្នាំ២០១៩ ពលរដ្ឋមានជម្លោះដីធ្លីចំនួន ៨៤៣ គ្រួសារ មកពីខេត្តកោះកុង បានដាក់ញ្ញត្តិរកអន្តរាគមន៍ទៅក្រសួងដែនដី។ ជាការឆ្លើយតបក្រសួងបានចេញលិខិតមួយ កាលពីថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយស្នើឲ្យអភិបាលខេត្តកោះកុង ជាអ្នកដោះស្រាយលើបញ្ហាពួកគេ។ ប៉ុន្តែរដ្ឋាលខេត្តកោះកុងមិនបានចេញមុខដោះស្រាយនោះទេ ហើយថែមទាំងព្រមានចាត់វិធានការលើពលរដ្ឋទៀតផង។
រដ្ឋបាលកោះកុងបានសរសេរថា៖« កន្លងមកក្រសួងរៀបចំដែនដី នគរូបនិយកម្ម និងសំណង់ និងរដ្ឋាបាលខេត្តកោះកុង បានឲ្យក្រុមការងារចុះស្រង់ស្ថិតិប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់អស់រយៈពេលជាច្រើនខែ នៅក្នុងឆ្នាំ២០១៧ និង ២០១៨ និងបានផ្សព្វផ្សាយជូនពលរដ្ឋដែលពាក់ព័ន្ធនឹងបញ្ហាដីធ្លីខាងលើ មកបំពេញបែបក្នុងការតវ៉ា ចាប់ពីថ្ងៃទី៤ ខែកញ្ញា រហូតដល់ ខែតុលា ឆ្នាំ២០១៧។ ដូច្នេះរដ្ឋបាលមិនទទួលការដោះស្រាយការទាមទាររបស់ពលរដ្ឋទាំង ៨៤៣គ្រួសារ នោះឡើយ»។
តែយ៉ាងប្រជាពលរដ្ឋ ដែលមកតវ៉ានៅថ្ងៃទី៥ សីហានេះ បានអះអាងថា ពួកគេមិនបានទទួលព័ត៌មានខាងលើនោះទេ។ ចំពោះលោក លោក ប៉ែន វុទ្ធា បាននិយាយថា រដ្ឋបាលខេត្តកោះកុងពិតជាបានចេញសេចក្តីប្រកាសពិតមែន ប៉ុន្តែការចេញលិខិតនោះមិនដឹងថាហៅប្រជាពលរដ្ឋដែលរងគ្រោះដីធ្លី នៃក្រុមណាមួយនោះទេ។ សម្រាប់លោក វុទ្ធា រដ្ឋបាលខេត្តគួរតែដោះស្រាយឲ្យពួកគាត់ ដោយមិនចាំបាច់ទាល់តែបានបំពេញពាក្យតវ៉ានោះទេ៕