កីឡាជាតិ
ជាតិ
លោក ថោង ខុន វាយតម្លៃ​ខ្ពស់​លើ​ការរៀបចំ​ម៉ារ៉ាតុន​នៅ​សៀមរាប ខណៈ​បរទេស​ស្នើ​ឲ្យ​បង្កើត​បន្ថែម​
06, Aug 2019 , 8:59 am        
រូបភាព
លោក ថោង ខុន ដុតភ្លើងគប់ ដើម្បីបើកទិវារត់ប្រណាំងម៉ារ៉ាតុនចក្រភពខ្មែរ
លោក ថោង ខុន ដុតភ្លើងគប់ ដើម្បីបើកទិវារត់ប្រណាំងម៉ារ៉ាតុនចក្រភពខ្មែរ
ដោយ:
​ទិវា​រត់ប្រណាំង​ចក្រភព​ខ្មែរ Khmer Empire Full Marathon បានបញ្ចប់​ដោយ​ជោគជ័យ​ជាមួយ​កំណើន​អ្នកចូលរួម​១៥​ភាគរយ និង​ទទួលបាន​ការវាយតម្លៃ​ខ្ពស់​ពី​ថ្នាក់ដឹកនាំ​លើ​ការរៀបចំ​។ អ្នករត់​ជា​ជនបរទេស​ម្នាក់ មានការ​ភ្ញាក់ផ្អើល​លើ​ការរីកចម្រើន​របស់​គ​ណៈ​កម្ម​ការ ដោយ​អះអាងថា ព្រឹត្តិការណ៍​នេះ​បាន​ប្រព្រឹត្តទៅ​យ៉ាង​រលូន​។ បុរស​មានកំណើត​នៅ​រូ​ម៉ា​នី និង​រីក​ធំធាត់​នៅ​កាលីហ្វ័រ​នី​យ៉ា​រូបនេះ ស្នើ​ឲ្យ​កម្ពុជា​បង្កើត​ព្រឹត្តិការណ៍​ម៉ារ៉ាតុន​បន្ថែម ដើម្បី​ផ្សព្វផ្សាយ​ពី​តំបន់​ទេសចរណ៍​និង​វប្បធម៌​កម្ពុជា​។

 
 
​អត្ត​ព​លិ​ក​ជាតិ និង​អន្តរជាតិ​ជាង​៣,៥០០​នាក់​មកពី​៥០​ប្រទេស​បានមក​ជួបជុំ​គ្នា​នៅមុខ​ប្រាសាទ​អង្គរតូច​ក្នុង​បរិវេណ​អង្គរ​នៃ​ខេត្តសៀមរាប​នៅ​ម៉ោង​ប្រមាណ​៤​ទៀបភ្លឺ ដើម្បី​ត្រៀមខ្លួន​រត់​ក្នុង​ទិវា​រត់ប្រណាំង​ម៉ារ៉ាតុន​ចក្រភព​ខ្មែរ ដែល​ត្រូវ​ចេញដំណើរ​នៅ​ម៉ោង​៤:៣០​នាទី​។ អត្ត​ព​លិ​កមាន​មុខទឹក​ពោរពេញ​ដោយ​ភាពសប្បាយ​រីករាយ ក្រោម​បរិ​យាកាស​អ៊ូអរ​លាយឡំ​ជាមួយ​បទ​ភ្លេង​ចេញពី​ឆាក​តន្ត្រី ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន​ឧបត្ថម្ភ ដើម្បី​កំដរ​កីឡាករ​កីឡាការិនី​កម្តៅ​សាច់ដុំ​មុន​ការប្រកួត​។ 
 
​ជាមួយ​កំណើន​១៥​ភាគរយ​ពី​អ្នកចូលរួម​ជា​ជនបរទេស និង​១០​ភាគរយ​ពី​កីឡាករ​កម្ពុជា បានធ្វើ​ឲ្យ​ផ្លូវ​មួយចំនួន​នៅមុខ​ប្រាសាទ​អង្គរតូច​គ្របដណ្តប់​ដោយ​មនុស្ស​ចម្រុះ​ជាតិ​សាសន៍ ដែល​កំពុង​ឈរ​តម្រង់​ជួរ​តាម​ប្រភេទ​វិញ្ញាសា​នីមួយៗ​ដែល​ពួកគេ​ត្រូវ​ប្រកួតប្រជែង​។ ក្រោយ​ដុត​ភ្លើង​គប់​ជា​និមិត្តរូប​រួច លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​បាញ់កាំភ្លើង​បញ្ជា​ចេញដំណើរ​លើ​វិញ្ញាសា​រត់​ចម្ងាយ​៤២​គីឡូម៉ែត្រ​នៅ​ម៉ោង​៤:៣០​នាទី​។ បន្ទាប់មក ស្នូរ​កាំភ្លើង​បញ្ជា​ចេញដំណើរ​លើ​វិញ្ញាសា​រត់​២១​គីឡូម៉ែត្រ ១០​គីឡូម៉ែត្រ និង​៣​គីឡូម៉ែត្រ​បាន​បន្លឺ​ឡើងជា​បន្តបន្ទាប់ បានធ្វើ​ឲ្យ​ផ្លូវ​ដែល​តាន់​តាប់ដោយ​មនុស្ស​បាន​ស្រលះ​ឡើងវិញ​។​


 
​លោក ថោង ខុន ដែលជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ផង​នោះ បាន​វាយតម្លៃថា ព្រឹត្តិការណ៍​រត់ប្រណាំង​ម៉ារ៉ាតុន​ចក្រភព​ខ្មែរ​លើក​ទី​៦​ឆ្នាំនេះ បាន​ប្រព្រឹត្តទៅ​យ៉ាង​រលូន​ពុំមាន​កីឡាករ​ណា​ម្នាក់​មាន​បញ្ហា​ឡើយ ហើយ​ការរៀបចំ​បច្ចេកទេស ក៏​ដំណើរ​ការល្អ​ផងដែរ​។ នេះ​ក៏ដោយ​សារ​គណៈ​ជំនាញ​កម្ពុ​ជាមាន​ភាពចាស់ទុំ​ផ្នែក​បទពិសោធ​លើ​ការរៀបចំ​ព្រឹត្តិការណ៍​នេះ​។     
 
«​យើង​កាន់​តែមាន​បទពិសោធ​ក្នុងការ​រៀបចំ យើង​ឃើញ​ហើយ​ថា ការផ្តល់​ចំណាត់ថ្នាក់​មាន​ភាពយុត្តិធម៌ គឺ​យើង​ប្រើ​តាម​បច្ចេកវិទ្យា​ដោយមាន​បំពាក់​ឈី​ប​នៅ​ស្បែកជើង ដូច្នេះ​គ្មាន​ការវាយតម្លៃ​លម្អៀង​នោះទេ គណៈកម្មការ​ធ្វើ​ការបា​ន​ម៉ត់ចត់​បំផុត​។ មាន​ជនបរទេស​ម្នាក់​មាន​ដើមកំណើត​នៅ​រូ​ម៉ា​នី គឺ​លោក​ភ្ញាក់ផ្អើល​ពី​ការរីកចម្រើន​របស់​ក​ម្ពុ​ជា ហើយ​គាត់​ចាប់អារម្មណ៍​ឃើញ​គណៈកម្មការ​រៀបចំ​ព្រឹត្តិការណ៍​ម៉ារ៉ាតុន​ឆ្នាំនេះ​បានល្អ​»​។ លោក ថោង ខុន លើកឡើង​បែបនេះ​ក្នុង​បទ​សម្ភាស​ជាមួយ​អ្នកសារព័ត៌មាន​ក្រោយ​ការប្រកួត ហើយ​លោក​រំពឹងថា ព្រឹត្តិការណ៍​នេះ​នឹង​ទាក់ទាញ​អត្ត​ព​លិ​ក​ចូលរួម​កាន់តែច្រើន​នៅ​ឆ្នាំក្រោយ​។​
 
​អ្នក​ស្នេហា​កីឡា​រត់​ម៉ារ៉ាតុន​មាន​ដើមកំណើត​នៅ​ប្រទេស​រូ​ម៉ា​នី​ម្នាក់ គឺ Christian ដែល​បាន​ចូលរួម​រត់​ក្នុង​ទិវា​រត់ប្រណាំង​ម៉ារ៉ាតុន​នៅ​ខេត្តសៀមរាប​ឆ្នាំនេះ ស្នើ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ប​ង្កើ​ត​ព្រឹត្តិការណ៍​រត់​ម៉ារ៉ាតុន​បន្ថែមទៀត ពិសេស​នៅ​ខេត្តបាត់ដំបង​និង​រាជធានី​ភ្នំពេញ​។ សម្រាប់​បុរស​ធំធាត់​នៅ​រដ្ឋ​កាលីហ្វ័រ​នីញ៉ា​ប្រទេស​សហរដ្ឋអាមេរិក​រូប​នេះ ព្រឹត្តិការណ៍​ម៉ារ៉ាតុន​មិន​ត្រឹមតែ​ជួយ​ទាក់ទាញ​ភ្ញៀវទេសចរ​ឲ្យ​មក​កម្សាន្ត​នៅ​កម្ពុជា​ប៉ុណ្ណោះ​ទេ តែ​ជា​ឱកាស​ផ្សព្វផ្សាយ​ពី​តំបន់​ទេសចរណ៍ និង​វប្បធម៌​ឲ្យ​ពិភពលោក​ស្គាល់​កាន់តែច្បាស់​។ 

 
 
​ជាមួយ​ការបង្ហាញ​អារម្មណ៍​រំភើប​សប្បាយរីករាយ ដែល​បាន​រត់​ក្នុង​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​អង្គរ បុរស​ដែល​ធ្លាប់​មក​កម្ពុជា​ម្តង​កាលពី​ឆ្នាំ​២០០៣​រូបនេះ សរសើរ​ពី​ការរៀបចំ​របស់​គណៈកម្មកា​រ ដែល​បានធ្វើ​ឲ្យ​ព្រឹត្តិការណ៍​នេះ​ប្រព្រឹត្តទៅ​យ៉ាង​រលូន និង​ទទួលបាន​ជោគជ័យ​គួរ​ឲ្យ​កត់សម្គាល់​។ លោក Christian ក៏បាន​បង្ហាញ​ការភ្ញាក់ផ្អើល​លើ​ការរីកចម្រើន​របស់​ក​ម្ពុ​ជា​ផងដែរ​។ 
 
​ក្រោយ​ឆ្លងកាត់​ការប្រកួត​ស្ទើរ​ពេញ​មួយ​ព្រឹក​កីឡាករ​កម្ពុជា Takizaki Kuniaki បាន​គ្រង​ជើងឯក​លើ​វិញ្ញាសា​ម៉ារ៉ាតុន​ក្រោយ​ចាយ​ពេល​២​ម៉ោង​៤៣​នាទី​និង​៧​វិនាទី ខណៈ​លេខ​២​បាន​ទៅ​កីឡាករ​ជប៉ុន Yoneda michiyo ក្រោយ​ប្រើពេល​២​ម៉ោង​៥២​នាទី​និង​៤៩​វិនាទី និង​លេខ​៣​បាន​ទៅ​កីឡាករ​អាមេរិក Gruber Tim ជាមួយ​ពេលវេលា​២​ម៉ោង​៥៧​នាទី​៦​វិនាទី​។ 
 
​រីឯ​រត់​ចម្ងាយ​៤២​គីឡូម៉ែត្រ​ផ្នែក​នារី​កីឡាការិនី​ចិន SHN Hong xia ទទួលបាន​ចំណាត់ថ្នាក់​លេខ​១ ក្រោយ​ប្រើពេល​៣​ម៉ោង​៣៣​នាទី​និង​៥០​វិនាទី រីឯ​កីឡាការិនី​ជប៉ុន YamAMOTO Mari បាន​លេខ​២​ក្រោយ​ប្រើពេល​៣​ម៉ោង​៣៩​នាទី​២​វិនាទី និង​លេខ​៣​បាន​ទៅ​កីឡាការិនី​ជប៉ុន​Yamamoto Eri ជាមួយ​ពេលវេលា​៣​ម៉ោង​៣៩​នាទី​និង​២០​វិនាទី​។​
 
​ក្រោយ​ប្រើពេល​១​ម៉ោង​១៦​នាទី​និង​៤២​វិនាទី​កីឡាករ​ជប៉ុន Yamauchi Daisuke បាន​គ្រង​ជើងឯក​លើ​វិញ្ញាសា​រត់​ចម្ងាយ​២១​គីឡូម៉ែត្រ ខណៈ​លេខ​២​បាន​ទៅ​កីឡាករ​កម្ពុជា ម៉ា វី​រ៉ូ ដែល​ប្រើពេល​១​ម៉ោង​១៨​នាទី​និង​៦​វិនាទី និង​លេខ​៣​បាន​ទៅ​កីឡាករ​អង់គ្លេស David George ប្រើពេល​១​ម៉ោង​២៦​នាទី​និង​៤៥​វិនាទី​។ កីឡាការិនី​ជប៉ុន Tanimara Yuko បាន​គ្រង​ជើងឯក​លើ​វិញ្ញាសា​ផ្នែក​នារី​ក្រោយ​ប្រើពេល​១​ម៉ោង​៣២​នាទី​និង​៤៦​វិនាទី លេខ​២​បាន​ទៅ​កីឡាការិនី SASAKI Natsuke ដោយ​ប្រើពេល​១​ម៉ោង​៤១​នាទី​និង​១១​វិនាទី និង​លេខ​៣​បាន​ទៅ​កីឡាការិនី Mashita Mieko ក្រោយ​ប្រើពេល​១​ម៉ោង​៤៥​នាទី​និង​៧៧​វិនាទី​។​


 
​ចំណែក​កីឡាករ​កម្ពុជា ឡៃ តេ​រ៉ង់ បាន​គ្រង​ជើងឯក​លើ​វិញ្ញាសា​រត់​ចម្ងាយ​១០​គីឡូម៉ែត្រ​ក្រោយ​ប្រើពេល​៣៥​នាទី​២១​វិនាទី រីឯ​លេខ​២​បាន​កីឡាករ​កម្ពុជា វ៉ាន់ ភា​រ៉ា ដោយ​ប្រើពេល​៣៥​នាទី​និង​៥៨​វិនាទី និង​លេខ​៣​បាន​ទៅ​កីឡាករ​សហរ​ដ្ធ​អាមេរិក​Vishnevsky Mark ក្រោយ​ចាយ​ពេល​៣៦​នាទី​៦​វិនាទី​។ កីឡា​ការ​នី​សហរដ្ឋអាមេរិក Gernin Michlle បាន​គ្រង​ជើងឯក​ផ្នែក​នារី​ក្រោយ​ចាយ​ពេល​៤៨​នាទី​៩​វិនាទី លេខ​២​កីឡាការិនី​ជប៉ុន Konishi Mosako ក្រោយ​ប្រើពេល​៥១​នាទី​១២​វិនាទី និង​លេខ​៣​កីឡាការិនី​អង់គ្លេស Vogel Sophie ក្រោយ​ចាយ​ពេល​៥២​នាទី​៤៦​វិនាទី​។ 
 
​ទិវា​រត់ប្រណាំង​ម៉ារ៉ាតុន​ចក្រភព​ខ្មែរ រៀបចំឡើង​ដើម្បី​ស្វែងរក​មូលនិធិ​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា និង​ទាក់ទាញ​ភ្ញៀវទេសចរ​ឲ្យ​មក​ទស្សនា​តំបន់​ទេសចរណ៍​នៅ​កម្ពុជា ពិសេស​ខេត្តសៀមរាប​ក្នុង​រដូវ​ខ្សត់​ភ្ញៀវទេសចរ​។ ការការពារ​បរិស្ថាន​បៃតង​ក្នុង​បរិវេណ​អង្គរ និង​អបអរ​ដំណើរ​ឆ្ពោះទៅកាន់​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ក៏​ជា​គោលបំណង​នៃ​ព្រឹត្តិការណ៍​នេះដែរ​៕  







Tag:
 ម៉ារ៉ាតុន​
  Khmer Empire Full Marathon
  ថោង ខុន​
© រក្សាសិទ្ធិដោយ thmeythmey.com