អន្តរជាតិ
កូរ៉េខាងជើង បាញ់​មី​ស៊ី​លពីរ​គ្រាប់​ទៀត ផ្គើន​សមយុទ្ធ​អាមេរិក​-​កូរ៉េខាងត្បូង​
06, Aug 2019 , 8:59 am        
រូបភាព
មីស៊ីលដែលកូរ៉េខាងជើងបាញ់នៅថ្ងៃទី២៥ ខែកក្កដា។ យោធាកូរ៉េខាងត្បូងនិយាយថា មីស៊ីលដដែលនេះត្រូវបានបាញ់នៅថ្ងៃទី៦ ខែសីហានេះ។ រូបភាព KCNA
មីស៊ីលដែលកូរ៉េខាងជើងបាញ់នៅថ្ងៃទី២៥ ខែកក្កដា។ យោធាកូរ៉េខាងត្បូងនិយាយថា មីស៊ីលដដែលនេះត្រូវបានបាញ់នៅថ្ងៃទី៦ ខែសីហានេះ។ រូបភាព KCNA
​យោធា​កូរ៉េខាងត្បូង បានប្រកាសថា កូរ៉េខាងជើង នៅ​ថ្ងៃទី​៦ ខែសីហា បាន​បាញ់​មី​ស៊ី​ល​ចម្ងាយ​ខ្លី​ចំនួន​ពីរ​គ្រាប់​ដែល​ហោះ​រំលង​ឧបទ្វីប​កូរ៉េ ស្រប​ពេលដែល​សមយុទ្ធ​នៅ​កូរ៉េខាងត្បូង​កំពុង​ធ្វើឡើង​នោះ​។ ការបាញ់​នេះ ទំនងជា​ការផ្គើន​រប​ស់​កូរ៉េខាងជើង​ទៅកាន់​អាមេរិក និង​កូរ៉េខាងត្បូង​ដែល​បន្តធ្វើ​សមយុទ្ធ​យោធា​រួមគ្នា ទោះ​ខ្លួន​បាន​ព្រមាន​ជាច្រើនលើក​ក្ដី​។

 
​ខុសពី​ប៉ុន្មាន​លើក​មុន​បាញ់​ចេញពី​ឆ្នេរ​ភាគ​ខាងលិច កូរ៉េខាងជើង នៅ​ថ្ងៃទី​៦ ខែសីហា បាន​បាញ់​មី​ស៊ី​ល​បាលី​ស្ទិ​ក​ពីរ​គ្រាប់​ចេញពី​តំបន់​ពាយព្យ​ក្នុង​ខេត្ត Hwanghae ខាងត្បូង​វិញ​ម្ដង​។ សេនាធិការ​ចម្រុះ​កងទ័ព​កូរ៉េខាងត្បូង​បញ្ជាក់ថា មី​ស៊ី​ល​ទាំងពីរ​ដែល​បាញ់​ចេញ​នៅ​ព្រឹក​ព្រលឹម​ដូច​រាល់​ដងនោះ ហោះ​បាន​ចម្ងាយ​៤៥០​គីឡូម៉ែត្រ​ដោយ​រំលង​ឧបទ្វីប​កូរ៉េ​ទាំង​ម្ដង មុននឹង​ធ្លាក់ចូល​សមុទ្រ​ខាងកើត​។ 
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Yonhap យោធា​អាមេរិក និង​កូរ៉េខាងត្បូង​ជឿថា មី​ស៊ី​ល​ដែល​បាញ់​នៅថ្ងៃនេះ ជា​ប្រភេទ​តែមួយ​នឹង​មី​ស៊ី​ល​ដែល​បាញ់​នៅ​ថ្ងៃទី​២៥ ខែកក្កដា​កន្លងទៅ​។ យោធា​កូរ៉េខាងត្បូង​អះអាងថា ខ្លួន​កំពុង​តាមដាន​សកម្មភាព​នៅ​កូរ៉េខាងជើង​ក្រែងលោ​មានការ​បាញ់​បន្ថែមទៀត ខណៈ​ការត្រៀមខ្លួន​ប្រយុទ្ធ​របស់​កងទ័ព ក៏​ប្រុងប្រៀប​ជាស្រេច​ដែរ​។​
 
​នេះ​ជា​លើក​ទី​បួន​ហើយ​ដែល​កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល​ក្នុង​រយៈពេល​តិចជាង​ពីរ​សប្ដាហ៍​មកនេះ​។ ការបាញ់​លើកចុងក្រោយ​នេះ ទំនង​ជាការ​សម្ញែង​អានុភាព​របស់ខ្លួន ស្រប​ពេលដែល​អាមេរិក និង​កូរ៉េខាងត្បូង​ចាប់​ផ្ដើមធ្វើ​សមយុទ្ធ​រួមគ្នា​នោះ​។ ខណៈ​សេ​អ៊ូ​ល និង​វ៉ាស៊ីនតោន​ជឿថា មី​ស៊ី​ល​ដែល​បាញ់​ដែលជា​មី​ស៊ី​ល​ថ្មី ក្រុង​ព្យុងយ៉ាង​អះអាងថា ខ្លួន​កំពុង​សាកល្បង​ប្រព័ន្ធ​រ៉ុក្កែត​ថ្មី​ប៉ុណ្ណោះ​។​
 
​ក្នុង​សេចក្ដីថ្លែងការណ៍​ក្រោយ​ការបាញ់​មី​ស៊ី​ល ក្រសួងការបរទេស​កូរ៉េខាងជើង បាន​គំរាមថា ព្យុងយ៉ាង​នឹង​ដើរ​លើផ្លូវ​ថ្មី​ជាជាង​ការបន្ត​ការជជែក​គ្នា ហើយក៏​ឆ្លៀត​រិះគន់​សមយុទ្ធ​នៅ​កូរ៉េខាងត្បូង​ផង​។ អ្នកនាំពាក្យ​ក្រសួងការបរទេស​កូរ៉េខាងជើង​ម្នាក់​លើកឡើងថា កូរ៉េខាងត្បូង និង​អាមេរិក​តែង​និយាយ​ដដែល​ពី​រឿង​ចរចា តែ​ពួកគេ​ក៏បាន​សំលៀង​ដាវ​ដើម្បី​បំពាន​កូរ៉េខាងជើង​ផងដែរ ហើយ​ពួកគេ​បន្តធ្វើ​សកម្មភាព​ដោយ​មិន​ស្ដាប់​ការព្រមាន​ទៀត​នោះ កូរ៉េខាងជើង នឹង​ឲ្យ​ពួកគេ​ស្គាល់​ថ្នាំខ្លាំង​មិន​ខាន​៕ 
 

Tag:
 កូរ៉េខាងជើង​
  អាមេរិក​
  កូរ៉េខាងត្បូង​
© រក្សាសិទ្ធិដោយ thmeythmey.com