អន្តរជាតិ
កូរ៉េខាងជើង បាញ់មីស៊ីលពីរគ្រាប់ទៀត ផ្គើនសមយុទ្ធអាមេរិក-កូរ៉េខាងត្បូង មីស៊ីលដែលកូរ៉េខាងជើងបាញ់នៅថ្ងៃទី២៥ ខែកក្កដា។ យោធាកូរ៉េខាងត្បូងនិយាយថា មីស៊ីលដដែលនេះត្រូវបានបាញ់នៅថ្ងៃទី៦ ខែសីហានេះ។ រូបភាព KCNA
× យោធាកូរ៉េខាងត្បូង បានប្រកាសថា កូរ៉េខាងជើង នៅថ្ងៃទី៦ ខែសីហា បានបាញ់មីស៊ីលចម្ងាយខ្លីចំនួនពីរគ្រាប់ដែលហោះរំលងឧបទ្វីបកូរ៉េ ស្របពេលដែលសមយុទ្ធនៅកូរ៉េខាងត្បូងកំពុងធ្វើឡើងនោះ។ ការបាញ់នេះ ទំនងជាការផ្គើនរបស់កូរ៉េខាងជើងទៅកាន់អាមេរិក និងកូរ៉េខាងត្បូងដែលបន្តធ្វើសមយុទ្ធយោធារួមគ្នា ទោះខ្លួនបានព្រមានជាច្រើនលើកក្ដី។
ខុសពីប៉ុន្មានលើកមុនបាញ់ចេញពីឆ្នេរភាគខាងលិច កូរ៉េខាងជើង នៅថ្ងៃទី៦ ខែសីហា បានបាញ់មីស៊ីលបាលីស្ទិកពីរគ្រាប់ចេញពីតំបន់ពាយព្យក្នុងខេត្ត Hwanghae ខាងត្បូងវិញម្ដង។ សេនាធិការចម្រុះកងទ័ពកូរ៉េខាងត្បូងបញ្ជាក់ថា មីស៊ីលទាំងពីរដែលបាញ់ចេញនៅព្រឹកព្រលឹមដូចរាល់ដងនោះ ហោះបានចម្ងាយ៤៥០គីឡូម៉ែត្រដោយរំលងឧបទ្វីបកូរ៉េទាំងម្ដង មុននឹងធ្លាក់ចូលសមុទ្រខាងកើត។
បើតាមទីភ្នាក់ងារព័ត៌មាន Yonhap យោធាអាមេរិក និងកូរ៉េខាងត្បូងជឿថា មីស៊ីលដែលបាញ់នៅថ្ងៃនេះ ជាប្រភេទតែមួយនឹងមីស៊ីលដែលបាញ់នៅថ្ងៃទី២៥ ខែកក្កដាកន្លងទៅ។ យោធាកូរ៉េខាងត្បូងអះអាងថា ខ្លួនកំពុងតាមដានសកម្មភាពនៅកូរ៉េខាងជើងក្រែងលោមានការបាញ់បន្ថែមទៀត ខណៈការត្រៀមខ្លួនប្រយុទ្ធរបស់កងទ័ព ក៏ប្រុងប្រៀបជាស្រេចដែរ។
នេះជាលើកទីបួនហើយដែលកូរ៉េខាងជើងបាញ់មីស៊ីលក្នុងរយៈពេលតិចជាងពីរសប្ដាហ៍មកនេះ។ ការបាញ់លើកចុងក្រោយនេះ ទំនងជាការសម្ញែងអានុភាពរបស់ខ្លួន ស្របពេលដែលអាមេរិក និងកូរ៉េខាងត្បូងចាប់ផ្ដើមធ្វើសមយុទ្ធរួមគ្នានោះ។ ខណៈសេអ៊ូល និងវ៉ាស៊ីនតោនជឿថា មីស៊ីលដែលបាញ់ដែលជាមីស៊ីលថ្មី ក្រុងព្យុងយ៉ាងអះអាងថា ខ្លួនកំពុងសាកល្បងប្រព័ន្ធរ៉ុក្កែតថ្មីប៉ុណ្ណោះ។
ក្នុងសេចក្ដីថ្លែងការណ៍ក្រោយការបាញ់មីស៊ីល ក្រសួងការបរទេសកូរ៉េខាងជើង បានគំរាមថា ព្យុងយ៉ាងនឹងដើរលើផ្លូវថ្មីជាជាងការបន្តការជជែកគ្នា ហើយក៏ឆ្លៀតរិះគន់សមយុទ្ធនៅកូរ៉េខាងត្បូងផង។ អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើងម្នាក់លើកឡើងថា កូរ៉េខាងត្បូង និងអាមេរិកតែងនិយាយដដែលពីរឿងចរចា តែពួកគេក៏បានសំលៀងដាវដើម្បីបំពានកូរ៉េខាងជើងផងដែរ ហើយពួកគេបន្តធ្វើសកម្មភាពដោយមិនស្ដាប់ការព្រមានទៀតនោះ កូរ៉េខាងជើង នឹងឲ្យពួកគេស្គាល់ថ្នាំខ្លាំងមិនខាន៕
Tag:
កូរ៉េខាងជើង
អាមេរិក
កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com