ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហ៊ុន សែន មានការ​គោរព​មិន​ប្រែប្រួល​ចំពោះ​មេបញ្ជាការ​ខ្លួន​កាលពី​ជាង​៤០​ឆ្នាំមុន​
06, Aug 2019 , 10:56 am        
រូបភាព
ដោយ: ថ្មីៗ
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​នៅថ្ងៃនេះ បាន​បង្ហោះ​រូបថត​ពីរ​សន្លឹក​ធៀប​គ្នា​។ រូប​ទាំងនោះ គឺ​សម្តេច​បាន​ថត​កាលពី​ជិត​៥០​ឆ្នាំមុន ជាមួយ​លោក សុក សារឿន អតីត​មេបញ្ជាការ​របស់ខ្លួន និង​រូប​ដែល​បាន​ថត​កាលពី​ថ្ងៃ​ប្រារព្ធ​ខួបកំណើត​៦៨​ឆ្នាំ​របស់​សម្តេច នា​ថ្ងៃទី​៥ ខែសីហា​។​

 
​លោក សុក សារឿន បច្ចុប្បន្ន​ជា​អនុរដ្ឋលេខាធិការ​ក្រសួងការពារជាតិ ត្រូវបាន​សម្តេច ហ៊ុន សែន អះអាងថា ជា​មេបញ្ជាការ​ម្នាក់​ប្រកបដោយ​មេត្តាធម៌ ហើយ​លោក​ជា​មនុស្ស​សំខាន់​ដែល​ដឹង​រឿងរ៉ាវ​ក្នុង​ទំនាក់ទំនង​រវាង​សម្តេច និង​ភរិយា [​សម្តេច ប៊ុន រ៉ានី​]​។ សម្តេច​ក៏​ធ្លាប់បាន​អះអាងថា សម្តេច​ដឹង​រឿង​ច្រើន​ផងដែរ​របស់​អតីត​មេបញ្ជាការ​របស់ខ្លួន ក្នុង​ទំនាក់ទំនង​ស្នេហា​ក​ម្លោះ​ចាស់​ដែល​ចង់បាន​ប្រពន្ធ​ក្មេង​។​
 
​រូបថត​ដែល​កាលពី​ឆ្នាំ​១៩៧១ សម្តេច ហ៊ុន សែន មាន​អាយុ​១៩​ឆ្នាំ រីឯ​លោក សុក សារឿន មាន​អាយុ​២៩​ឆ្នាំ ហើយ​កាលពី​ថ្ងៃទី​៥ ខែសីហា សម្តេច​បាន​ឆ្លង​អាយុ​ពី​៦៧​ឆ្នាំទៅ​៦៨​ឆ្នាំ ខណៈ​លោក សុក សារឿន មាន​អាយុ​៧៨​ឆ្នាំ​។ «​ទោះ​សភាពការណ៍​មានការ​ប្រែប្រួល​ទាំង​នយោបាយ​សេដ្ឋកិច្ច សង្គម​ទាំង​ឋានៈ​តួនាទី ទាំង​វ័យ ទាំង​រូប​កាយ​។​ល​។ តែ​ចំណងមិត្តភាព និង​ភាពជា​បងប្អូន​រវាង​គាត់ និង​ខ្ញុំ​មិនបាន​ផ្លាស់ប្តូរ​ទេ​»​។​
 
​ជា​មេបញ្ជាការ​របស់​សម្តេច ហ៊ុន សែន កាលពី​៤៨​ឆ្នាំមុន ហើយ​បច្ចុប្បន្ន លោក សុក សារឿន ជា​អនុរដ្ឋលេខាធិការ​ក្រសួងការពារជាតិ​។ «​មិត្តភាព និង​ភាពជា​បងប្អូន​មិន​សំដៅ​ទៅលើ​បុណ្យ​សក្តិ ឋានៈ​នាទី ឬ​ទ្រព្យសម្បត្តិ នោះឡើយ​តែ​សំខាន់​គឺ​នៅលើ​ទឹកចិត្ត​ស្រឡាញ់​រាប់អាន​គ្នា​ដោយ​គ្មាន​ការប្រែប្រួល​»​។ សម្តេច​បាន​សរសេរ​លើ​ក​ឡើង​យ៉ាង​ដូច្នេះ​។​
 
​សម្តេច​បាន​រំលឹក​ឡើងវិញ​ផងដែរ​ថា លោក សុក សារឿន ជា​អ្នក​ដែល​ជូ​នស​ម្តេចទៅ​ដោះស្រាយ​ការភាន់ច្រឡំ​រវាង​សម្តេច និង​អ្នក​គ្រូពេទ្យ​ក្រមុំ​នៅ​មន្ទីរពេទ្យ​ស្រុក​ក្រូចឆ្មារ ឈ្មោះ រ៉ានី [​សម្តេច ប៊ុន រ៉ានី​] កាលពី​អំឡុង​ខែមីនា ឆ្នាំ​១៩៧៤ ហើយក៏​ជា​ឱកាស​ដែល​សម្តេច​បាន​ស្គាល់ និង​ចាប់ចិត្ត​ស្រឡាញ់គ្នា រហូតដល់​ក្លាយជា​ជីដូន​-​ជីតា​នៃ​ចៅ​ដល់​ទៅ​២០​នាក់​នាពេល​បច្ចុប្បន្ន​៕
 

Tag:
 សម្តេច ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com