អន្តរជាតិ
មី​ស៊ី​ល​អាមេរិក​នៅ​អាស៊ី​៖ ចិន​ថា ខ្លួន​មិន​ឲ្យ​នរណា​មក​បង្ករឿង​មុខផ្ទះ​ខ្លួន​ឡើយ​
06, Aug 2019 , 11:14 am        
រូបភាព
រដ្ឋមន្រ្តីការពារជាតិអាមេរិក ម៉ាក អេស្ពើ និងអ្នកនាំពាក្យក្រសួងការបរទេសចិន Hua Chunying ។
រដ្ឋមន្រ្តីការពារជាតិអាមេរិក ម៉ាក អេស្ពើ និងអ្នកនាំពាក្យក្រសួងការបរទេសចិន Hua Chunying ។
​ទីក្រុង​ប៉េកាំង នៅ​ថ្ងៃទី​៥ ខែសីហា បានចេញ​ជំទាស់​គម្រោង​របស់​អាមេរិក​ដែល​ចង់​ពង្រាយ​មី​ស៊ី​ល​ចម្ងាយ​មធ្យម​នៅ​តំបន់​អាស៊ី ហើយ​ប្រាប់​ក្រុង​វ៉ាស៊ីនតោន​ឲ្យ​ធ្វើ​អ្វី​ដោយ​ប្រុងប្រយ័ត្ន ហើយ​មិនត្រូវ​បង្ក​ភាព​តានតឹង​នៅ​តំបន់​ឡើយ​។ បើ​អាមេរិក​ពិតជា​ពង្រាយ​មី​ស៊ី​ល​របស់ខ្លួន​នៅ​អាស៊ី​មែន​នោះ ចិន​ក៏​មិន​នៅ​ស្ងៀម​ដែរ​។ លើសពីនោះ ប៉េកាំង​ក៏​ទាត់ចោល​ពាក្យរិះគន់​របស់​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​ដែល​ចោទ​ចិន​ថា បង្ក​អស្ថិរភាព​នៅ​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​។​

 
«​យើង​មិន​អនុញ្ញាត​ឲ្យ​ប្រទេស​ណា​បង្ករឿង​មុខទ្វារ​ផ្ទះ​របស់​យើង​ឡើយ​។​» នេះ​ជាការ​លើកឡើង​របស់លោក​ស្រី Hua Chunying អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន ទៅនឹង​ព័ត៌មាន​ពាក់ព័ន្ធ​គម្រោង​របស់​អាមេរិក​ក្នុងការ​ពង្រាយ​មី​ស៊ី​ល​នៅ​តំបន់​អាស៊ី ដែល​គេ​ជឿថា តម្រង់​ដាក់​ចិន​តែម្ដង​។ រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក ម៉ាក អេ​ស្ពើ (Mark Esper) ជា​អ្នក​ទម្លាយ​ព័ត៌មាន​នេះ បន្ទាប់ពី​អាមេរិក​ទើប​ដើរ​ចេញពី​សន្ធិសញ្ញា​ហាមប្រាម​ការ​សាយភាយ​មី​ស៊ី​ល​ចម្ងាយ​មធ្យម (INF) ជាមួយ​រុស្ស៊ី​។​
 
​នៅ​សន្និសីទ​សារព័ត៌មាន​ប្រចាំ​ថ្ងៃទី​៥ ខែសីហា លោកស្រី Hua មានប្រតិកម្ម​តប​ថា បើ​អាមេរិក​ពង្រាយ​មី​ស៊ី​ល​នៅ​អាស៊ី ពិសេស​ទឹកដី​ជុំវិញ​ចិន​នោះ វា​ជាការ​បង្កហេតុ​តែម្ដង​។ លើសពីនោះ​ទៅទៀត ក្នុងករណី​អាមេរិក​ពិតជា​បន្ត​អនុវត្តតាម​គម្រោង​មែន​នោះ ស្ថិរភាព​ពិភពលោក និង​តំបន់ ប្រាកដជា​រង​ផលប៉ះពាល់​ដោយ​ចៀស​មិន​រួច ហើយ​ចិន​ក៏​នឹងមិន​អង្គុយ​នៅ​ស្ងៀម​ចាំមើល​ផលប្រយោជន៍​របស់ខ្លួន​ត្រូវ​ខូចខាត​ដែរ​។ ចិន នឹង​ចាត់វិធានការ​គ្រប់យ៉ាង​ដើម្បី​ការពារ​សន្តិសុខ​ខ្លួន​។​
 
​អ្វី​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ លោកស្រី Hua ក៏ត្រូវ​បាន​ចោទ​សួរថា ហេតុអ្វី​បានជា​ចិន​ប្រឆាំង​វត្តមាន​មី​ស៊ី​ល​អាមេរិក​នៅ​អាស៊ី ខណៈ​ចិន​មាន​មី​ស៊ី​ល​ដែល​រត់​ទឹកដី​អាមេរិក​នៅឯ​កោះ​ហ្កា​ម​ដែរនោះ​? អ្នកនាំពាក្យ​រូប​ឆ្លើយ​វិញ​ភ្លាម​ថា ចិន​អនុវត្ត​នយោបាយ​ការពារជាតិ​បែប​ការពារ​ខ្លួន​ប៉ុណ្ណោះ ហើយ​គ្មាន​បំណង​ប្រឆាំង​នរណា​ឡើយ​។ ដោយសារ​មាន​ទឹកដី​ធំ ប្រជាជន​ច្រើន ចិន​ក៏ត្រូវ​ការ​អាវុធ​ដើម្បី​ការពារ​ខ្លួន​ដែរ ហើយ​ម្យ៉ាងទៀត មី​ស៊ី​ល​ចិន​ដាក់​ក្នុង​ដី​ចិន​ប៉ុណ្ណោះ​។   
 
​ក្រៅពី​រឿង​មី​ស៊ី​ល​នេះ មន្ត្រី​ក្រសួងការបរទេស​ចិន​ខាងលើ ក៏បាន​រិះគន់​សម្ដី​របស់លោក អេ​ស្ពើ ដែល​ចោទ​ប៉េកាំង​ចំៗ​ថា ធ្វើ​ឲ្យ​អាស៊ី​មាន​អស្ថិរភាព​។ លោកស្រី Hua វាយបក​វិញ​ថា រដ្ឋមន្ត្រី​ការពារជាតិ កំពុងតែ​ទម្លាក់កំហុស​ឲ្យ​គេ​ផ្សេង​ប៉ុណ្ណោះ ខណៈ​អាមេរិក​ខ្លួនឯងបាន​ជ្រៀតជ្រែក​កិច្ចការ​ប្រទេស​នៅ​អាស៊ី ព្រមទាំង​បង្ក​ឲ្យ​មានការ​បែងចែក​ក្នុងចំណោម​ប្រទេស​ក្នុង​តំបន់​តាមរយៈ​គោលនយោបាយ​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​របស់ខ្លួន​។ 
 
​ងាក​ទៅ​រឿង INF បន្តិច​វិញ អាមេរិក​ក៏​ទើប​ដើរចេញ​ជា​ផ្លូវការ​ពី​សន្ធិសញ្ញា​សម័យ​សង្គ្រាម​ត្រជាក់​នេះដែរ​។ INF ហាមឃាត់​ការផលិត ឬ​អភិវឌ្ឍ​មី​ស៊ី​ល​បាលី​ស្ទិ​ក​ចម្ងាយ​មធ្យម ដែល​មី​ស៊ី​ល​នេះ​ក៏​អាច​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​បាន​ទៅទៀត​។ ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ អះអាងថា មី​ស៊ី​ល​នេះ បាន​រឹតត្បិត​សមត្ថភាព​អាមេរិក ហើយ​ផ្ដល់ឱកាស​ដល់​ចិន​ដែល​មិនមែនជា​សមាជិក​ក្នុងការ​ពង្រឹង​អានុភាព​មី​ស៊ី​ល​របស់ខ្លួន​៕ 

Tag:
 ​ចិន​
  អាមេរិក​
  Mark Esper
© រក្សាសិទ្ធិដោយ thmeythmey.com