ជាតិ
ឧកញ៉ា​ម្នាក់ទៀត ត្រូវបាន​កោះហៅ​ឱ្យចូល​បំភ្លឺ​ជុំវិញ​បទល្មើស​ព្រៃឈើ នៅ​ថ្ងៃទី​១៥ សីហា​
06, Aug 2019 , 11:59 am        
រូបភាព
លោក​ឧកញ៉ា គង់ គ្រឹ​ង ដែលជា​ម្ចាស់​សិប្បកម្ម​ឈើ​ឈ្មោះ ម៉ាត់ ណា​ស៊ា​ត
លោក​ឧកញ៉ា គង់ គ្រឹ​ង ដែលជា​ម្ចាស់​សិប្បកម្ម​ឈើ​ឈ្មោះ ម៉ាត់ ណា​ស៊ា​ត
​ភ្នំពេញ​៖ លោក​ឧកញ៉ា គង់ គ្រឹ​ង ដែលជា​ម្ចាស់​សិប្បកម្ម​ឈើ​ឈ្មោះ ម៉ាត់ ណា​ស៊ា​ត ត្រូវបាន​គណៈកម្មាធិកា​រ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ កោះហៅ​ឱ្យចូល​បំភ្លឺ​ជុំវិញ​ករណី​បទល្មើស​ព្រៃឈើ នៅ​ថ្ងៃទី​១៥ សីហា​ខាងមុខ​។

 
​លិខិត​ដែល​ចុះហត្ថលេខា​ដោយ​លោក ហុង វិ​ណុល ដែលជា​ប្រធាន​ក្រុមការងារ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​របស់​គណៈកម្មាធិកា​រ​ជាតិ​នេះ បាន​បង្គាប់​ឱ្យ​លោក គង់ គ្រឹ​ង យក​ឯកសារ​លិខិតស្នាម​នានា ដែល​ទាក់ទង​នឹង​ករណី​បទល្មើស​ព្រៃឈើ​ទៅជា​មួយ​ផង សម្រាប់​ការឆ្លើយបំភ្លឺ​នេះ​។ បើតាម​លិខិត​ដដែល ការហៅ​លោក​ឧកញ៉ា គង់ គ្រឹ​ង ទៅ​សាកសួរ​នេះ ដើម្បី​ជា​ដំណើរការ​ស៊ើប​សង្កេត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ច្បាស់លាស់​ត្រឹមត្រូវ​។​ឧកញ៉ា គង់ គ្រឹ​ង ត្រូវបាន​គេ​ដឹងថា ជា​ឈ្មួញ​ឈើ​ម្នា​ក់នៅ​ស្រុក​ស្នួល ខេត្តក្រចេះ​។​
 
​ជុំវិញ​បញ្ហា​នេះ សារព័ត៌មាន​ថ្មីៗ មិនទាន់​អាចទាក់ទង​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ដើម្បី​សុំ​ការអត្ថាធិប្បាយ​បន្ថែម​នៅឡើយ​ទេ​។​
 
​កាលពី​ថ្ងៃទី​៩ កក្កដា កន្លងមក​លោក សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ បានដាក់​ចេញ​វិធានការ​កម្ទេច​មធ្យោបាយ​ផ្សេងៗ​នៅនឹងកន្លែង ដូចជា រថយន្ត គោយន្ត និង ម៉ូតូ ជាដើម ដែល​ប្រើប្រាស់​សម្រាប់​ដឹកឈើ​ខុសច្បាប់​។ តែ​ក្រោយមក​លោក  សម្រេច​ឱ្យ​រក្សាទុក​ឈើ និង​រថយន្ត​ដែល​នៅមាន​គុណភាព សម្រាប់​ប្រើប្រាស់​វិញ ដោយ​មិនត្រូវ​ដុត​កម្ទេចចោល​ឡើយ ពោលគឺ​ដុត​កម្ទេច​តែ​រថយន្ត​កែច្នៃ​សម្រាប់​ដឹកឈើ ដូចជា រថយន្ត​ប៉ា​កុង​ជាដើម​។​
 
អត្ថបទទាក់ទង
 
​គិត​ត្រឹម​ថ្ងៃទី​២៣ កក្កដា​កន្លងមក កងកម្លាំង​នៃ​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ បាន​ដុត​កម្ទេច​ប្រភេទ​រថយន្ត​ផ្សេងៗ​ជាង​៩០​គ្រឿង​ហើយ ដែល​ឈ្មួញ កែច្នៃ សម្រាប់​លួច​ដឹកឈើ​។ ជាមួយគ្នានេះ​កម្លាំង​សមត្ថកិច្ច ក៏បាន​រឹបអូស​ឈើ​ជាង​២​ពាន់​ម៉ែត្រគូប និង​ចាប់​ឈ្មួញ​ឈើ​៤​នាក់​ហើយ ដែល​ក្នុងនោះ​ក៏មាន​លោក​ឧកញ៉ា សឹង សំអុល ត្រូវបាន​បញ្ចូនទៅ​តុលាការ​ផងដែរ​៕

Tag:
 គង់ គ្រឹ​ង​
  ព្រៃឈើ​
  ធនធានធម្មជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com