កីឡាអន្តរជាតិ
អន្តរជាតិ
Cahill ដើរចេញពី Chelsea ទៅចូលរួមជាមួយ Crystal Palace
× ខ្សែការពារ Gary Cahill នៅថ្ងៃទី៥ ខែសីហា បានយល់ព្រមចុះកិច្ចសន្យារយៈពេល ២ឆ្នាំជាមួយ Crystal Palace បន្ទាប់ពីសុពលភាពរបស់គេជាមួយ Chelsea ត្រូវបញ្ចប់។
អតីតខ្សែការពារកណ្តាលរបស់ក្រុមជ្រើសជាតិអង់គ្លេស វ័យ៣៣ឆ្នាំរូបនេះផុតកិច្ចសន្យាជាមួយក្រុមតោខៀវនៅចុងបញ្ចប់រដូវកាលមុន ក្រោយចំណាយពេល ៧រដូវកាល បន្ទាប់ពីចេញពី Bolton Wanderers កាលពីឆ្នាំ២០១២។ នៅ Stamford Bridge Cahill ជួយ Chelsea ឈ្នះ Premier League ពីរលើក Europa League ពីរដង និង Champions League មួយលើក។
Cahill ដែលទៅចូលរួមជាមួយ Crystal Palace ដោយគ្មានតម្លៃផ្ទេរបានប្រាប់គេហទំព័រផ្លូវការរបស់ក្លិបថ្មីនេះថា៖«ខ្ញុំរីករាយណាស់ដែលបានមកទីនេះ។ ខ្ញុំគិតថាវាជាឱកាសដ៏ល្អសម្រាប់ខ្ញុំក្នុងការបន្តអាជីពនៅក្នុងក្របខណ្ឌ Premier League និងលេងនៅក្នុងក្រុមដ៏ល្អមួយ។ ខ្ញុំរំភើបដែលអាចលេងជាមួយកីឡាករមានទេពកោសល្យនៅទីនេះ។ ខ្ញុំចង់លេងខ្លាំងណាស់ ហើយស្រែកឃ្លានការប្រកួតប្រជែងមែនទែន»។
Cahill ធ្លាប់បង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិ ៦១ប្រកួតកាលស្ថិតក្រោមការដឹកនាំរបស់លោក Roy Hodgson ដែលសព្វថ្ងៃជាអ្នកចាត់ការទូទៅរបស់ Crystal Palace នេះឯង។ លោក Hodgson ក៏រីករាយដែលទទួលបានខ្សែការពារដ៏រឹងមាំនេះមករួមក្រុមលោកផងដែរ។ អ្នកចាត់ការសញ្ជាតិអង់គ្លេសរូបនេះ បានលើកសរសើរ Cahill ថាជាកីឡាករដ៏អស្ចារ្យ និងមានបទពិសោធន៍ច្រើននៅលីគកំពូលអង់គ្លេស។
អតីតសមាជិកក្រុម Bolton នេះ ត្រូវបានគេជឿជាក់ថានឹងបង្ហាញខ្លួនឲ្យ Crystal Palace សម្រាប់ជំនួបបើកឆាកក្របខណ្ឌ Premier League ទល់នឹងម្ចាស់ផ្ទះ Everton នៅចុងសប្តាហ៍នេះតែម្តង៕
Tag:
បាល់ទាត់
Gary Cahill
Crystal Palace
Chelsea
© រក្សាសិទ្ធិដោយ thmeythmey.com