កីឡាអន្តរជាតិ
អន្តរជាតិ
Derby ទាក់ទង Rooney មក​ធ្វើជា​កីឡាករ​-​គ្រូបង្វឹក ទោះ​សល់​កិច្ចសន្យា​២​ឆ្នាំ​នៅ​អាមេរិក​
06, Aug 2019 , 2:44 pm        
រូបភាព
Derby County កំពុងបើក​ការចរចា​ជាមួយ Wayne Rooney ក្នុង​គោលបំណង​តែងតាំង​អតីត​ខ្សែបម្រើ​ឆ្នើម Manchester United រូបនេះ​ធ្វើជា​កីឡាករ និង​គ្រូបង្វឹក​របស់​ពួកគេ​។​


 
​អតីត​ខ្សែបម្រើ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​រូបនេះ​នៅសល់​កិច្ចសន្យា​រយៈពេល​ជាង ២​ឆ្នាំ​ទៀត នៅ​លី​គ​កីឡាបាល់ទាត់​អាមេរិក Major League Soccer ក្រោយ​ចាក​ចេញពី Everton ទៅ​ចូលរួម​ជាមួយ DC United កាលពី​រដូវ​កាល​មុន​។ សម្រាប់​រដូវ​កាល​ដំបូង Rooney បានបង្ហាញ​ភាពលេច​ធ្លោ​ខ្លាំង​ជាមួយនឹង​ទម្រង់​លេង​ដ៏​អស្ចារ្យ​របស់គេ​សម្រាប់ DC United​។​
 
​ដោយសារ​ការបង្ហាញ​ខ្លួន​ដ៏​ល្អ​នេះហើយ ទើប​ធ្វើ​ឲ្យ​លោក Mel Morris ដែលជា​ម្ចាស់​ក្លិប Derby មើលឃើញថា​វីរបុរស Man Utd រូបនេះ​ជា​កម្លាំងចលករ​ដ៏​សំខាន់​ក្នុងការ​រុញច្រាន​ក្លិប​របស់លោក​ឈានទៅ​កាន់ Premier League វិញ​។​
 
​ស្រប​ពេលដែល Rooney វ័យ​៣៣​ឆ្នាំ បង្ហាញ​ពី​បំណងប្រាថ្នា​ក្នុង​ការបន្ត​អាជីព​ធ្វើជា​គ្រូបង្វឹក​នាពេល​អនាគត​នោះ ក្លិប​រហស្សនាម​ចៀម​សមាន​អារម្មណ៍​ថា​នេះ​ជា​ឱកាសល្អ​សម្រាប់​ពួកគេ​ផងដែរ​។ យ៉ាងណាក៏ដោយ គេ​មិនទាន់​ដឹង​ច្បាស់​ថា​ការចរចា​គ្នា​រវាង​ភាគី​ពាក់ព័ន្ធ​ជិត​ឈានដល់​ជោគជ័យ​នៅឡើយ​ទេ ខណៈដែល Derby មាន​ជំនឿ​ចិត្ត​ថា​នឹង​ទទួលបាន Rooney សម្រាប់​តំណែង​ជា​កីឡាករ និង​គ្រូបង្វឹក​នេះ​។​
 
​កាលពី​រដូវ​កាល​មុន Derby បានតែងតាំង​លោក Frank Lampard ជា​អ្នកចាត់ការ​ទូទៅ​របស់​ពួកគេ​។ ក្រោម​ការដឹកនាំ​របស់ Lampard ដែល​ស្ទើរតែ​នាំ Derby ឡើងទៅ​លី​គ​កំពូល​អង់គ្លេស​វិញ​ទៅហើយនោះ បានសម្រេច​ទៅ​ចូលរួម​ជាមួយ Chelsea ក្នុងនាម​ជា​អ្នកចាត់ការ​ទូទៅ​។ ថ្មីៗ​នេះ Derby ក៏បាន​តែងតាំង​លោក Phillip Cocu ជា​អ្នកចាត់ការ​ជំនួស​វិញ​។​
 
​និយាយ​អំ​បំណងប្រាថ្នា​ក្នុងនាម​ជា​អ្នកចាត់ការ​ទូទៅ​នៅ​ថ្ងៃ​អា​នាគ​ត Rooney ដែល​បាន​ចូលរួម​ក្រុម MLS All-Stars ជាមួយ AT-Madrid សម្រាប់​ការប្រកួត​កំដៅ​សាច់ដុំ​មុន​បើក​រដូវ​កាល​ថ្មី​បាន​អះអាងថា​៖«​នេះ​ជា​អ្វីដែល​ខ្ញុំ​ចង់​ចូលរួម​បំផុត​។ ខ្ញុំ​នៅតែ​ជា​កីឡាករ​ម្នាក់​ហើយ​ខ្ញុំ​ចង់​បន្ត​លេង​ទៀត រហូតដល់​វេលា​ដែល​ខ្ញុំ​អាច​ចូល​ធ្វើជា​គ្រូបង្វឹក ឬ​អ្នកចាត់ការ​បាន​»៕

Tag:
 បាល់ទាត់​
  Wayne Rooney
  Derby County
© រក្សាសិទ្ធិដោយ thmeythmey.com