អន្តរជាតិ
UN ស្នើដាក់ទណ្ឌកម្មជំនួញក្រុមយោធាមីយ៉ាន់ម៉ាដែលផ្គត់ផ្គង់យុទ្ធនាការបំពានសិទ្ធិមនុស្ស
×
ដោយ៖ ងួន សុភាវត្តី
បេសកកម្មស្វែងរកការពិតរបស់អង្គសហប្រជាជាតិ ជំរុញឲ្យមានការពិចារណាដាក់ទណ្ឌកម្មកាត់ផ្តាច់លំហូរហិរញ្ញវត្ថុនៃជំនួញធំៗរបស់ក្រុមយោធាមីយ៉ាន់ម៉ា។ នេះដោយសារគេរកឃើញថា អាជីវកម្មរបស់ក្រុមហ៊ុនដែលមានយោធានៅពីក្រោយនេះ ក៏ស្ថិតនៅពីក្រោយអំពើហិង្សាប្រឆាំងជនជាតិភាគតិចផ្សេង ជាពិសេសជនជាតិរ៉ូហ៊ីងយ៉ានៅរដ្ឋ Rakhine ។
ក្រុមស៊ើបអង្កេតអង្គសហប្រជាជាតិ តាមរយៈរបាយការណ៍ស្វែងរកការពិតមួយ បានអំពាវនាវឲ្យមានការដាក់ទណ្ឌកម្មប្រឆាំងក្រុមហ៊ុនជាប់ពាក់ព័ន្ធនឹងក្រុមយោធាមីយ៉ាន់ម៉ា និងហាមឃាត់មិនអោយមានការលក់អាវុធទៅអោយមីយ៉ាន់ម៉ាទៀត។
ក្រុមនេះបានបន្តថា ប្រាក់ចំណូលដែលបានមកពីអាជីវកម្មក្នុងនិងក្រៅស្រុក បានជួយពង្រឹងសមត្ថភាពយោធាមីយ៉ាន់ម៉ាក្នុងការបន្តប្រព្រឹត្តហិង្សាប្រដាប់អាវុធប្រឆាំងសិទ្ធិមនុស្ស។
បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារ AFP របាយណ៍របស់អង្គសហប្រជាជាតិកម្រាស់ ១១១ ទំព័រ បង្ហាញថា អង្គភាពចំនួន ៤៥ នៅមីយ៉ាន់ម៉ាដែលបានផ្ដល់ជំនួយដល់យោធាមីយ៉ាន់ម៉ាក្នុងទំហំទឹកប្រាក់ជាង ១០លានដុល្លារនៅក្នុងខែសីហា ២០១៧។ បន្ទាប់ពីមានការផ្តល់ជំនួយនេះ យោធាមីយ៉ាន់ម៉ាចាប់ផ្តើមធ្វើសកម្មភាពហិង្សាផ្សេងៗនៅរដ្ឋRakhine តែម្ដង។
របាយណ៍នោះបានបញ្ជាក់ថា មានក្រុមហ៊ុនយ៉ាងតិច ៥៩ រួមមាន ក្រុមហ៊ុនបារាំង បែលហ្ស៊ិក ស្វ៊ីស ហុងកុង និងចិន គឺជាដៃគូជាមួយសហគ្រាសដែលមានយោធាមីយ៉ាន់ម៉ានៅពីក្រោយ។ របាយណ៍នោះក៏បានលើកឡើងអំពីប្រទេសយ៉ាងតិច ១១ ដែលបានលក់អាវុធដល់មីយ៉ាន់ម៉ាមានដូចជា អ៊ីស្រាអែល ឥណ្ឌា កូរ៉េខាងត្បូង និងចិនជាដើម។
លោក Marzuki Darusman អ្នកដឹកនាំបេសកម្មរបស់អង្គសហប្រជាជាតិបាននិយាយថា ការឆ្លើយតបរបស់អាស៊ានទៅបញ្ហានៅរដ្ឋ Rakhine គឺមានការយឺតយ៉ាវណាស់។ លោកបានបន្តថា ប្រទេសទាំងអស់នៅលើពិភពលោកគួរតែព្យាយាមកាត់បន្ថយជំនួយដល់យោធាមីយ៉ាន់ម៉ាតាមការដាក់ទណ្ឌកម្ម និងជំរុញមិនឲ្យមានការធ្វើអាជីវកម្មជាមួយក្រុមហ៊ុនរបស់ពួកយោធា។
ការបញ្ចេញរបាយការណ៍ស្វែងអង្គការសហប្រជាជាតិនេះធ្វើឡើងបន្ទាប់ពីអាមេរិកប្រកាសដាក់ទណ្ឌកម្មហាមឃាត់ការធ្វើដំណើរប្រឆាំងមេដឹកនាំយោធារបស់មីយ៉ាន់កាលពីខែមុន។ វាជាវិធានការក្តៅបំផុតមួយប្រឆាំងក្រុមយោធាមីយ៉ាន់ម៉ា រាប់ចាប់តាំងពីវិបត្តិជនភៀសខ្លួនរ៉ូហ៊ីងយ៉ាកើតឡើងក្នុងឆ្នាំ ២០១៧។
សព្វថ្ងៃ តុលាការព្រហ្មទណ្ឌអន្តរជាតិក៏នៅបន្តនីតិវិធីស៊ើបអង្កេតលើបញ្ហារំលោភសិទ្ធិធ្ងន់ធ្ងរ និងបទឧក្រិដ្ឋមនុស្សជាតិប្រឆាំងប្រជាជនរ៉ូហ៊ីងយ៉ានៅមីយ៉ាន់ម៉ា៕
Tag:
មីយ៉ាន់ម៉ា
UN
រ៉ូហ៊ីងយ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com