ជាតិ
ThmeyThmey.com និង CFI បើក​វគ្គ​បណ្តុះបណ្តាល​ជូន​អ្នកសារព័ត៌មាន​វ័យក្មេង​សម្រាប់​វគ្គ​ថ្មី​
09, Aug 2019 , 3:13 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្នុងន័យ​ពង្រឹង​វិជ្ជាជីវៈ​សារព័ត៌មាន​នៅក្នុង​ប្រទេស​កម្ពុជា ទីភ្នាក់ងារ​អភិវឌ្ឍ​ព័ត៌មាន​បារាំង CFI (Canal France International), ក្រោម​គម្រោង​«​ព័ត៌មាន​ទន្លេមេគង្គ​» (Mekong News), ដោយ​សហការ​ជាមួយ​សារព័ត៌មាន​អេឡិចត្រូនិក Thmeythmey.com នឹង​បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​របៀប​សរសេរ​ព័ត៌មាន​សម្រាប់​សារព័ត៌មាន​អេឡិចត្រូនិក (​អន​ឡាញ​) នៅ​ខែសីហា​នេះ​នៅ​ទីក្រុង​ភ្នំពេញ​។​


 
​វគ្គ​ពិសេស​ដែល​ធ្វើឡើង​នៅ​ថ្ងៃទី​១៤, ១៥ និង​១៦​ខែសីហា​នេះ នឹង​ផ្តោតលើ​របៀប​សរសេរ​, របៀប​ចាប់​មុំ​, គំនិត​ប្រធានបទ​, របៀប​ធ្វើ​សេចក្តីរាយការណ៍​សម្រាប់​សារព័ត៌មាន​អេឡិចត្រូនិក (​អន​ឡាញ​), ការប្រើប្រាស់​រូបភាព និង​ក្រមសីលធម៌​។ លក្ខខណ្ឌ​សម្រាប់​អ្នកចូលរួម​៖ 
 
១) អ្នកសារព័ត៌មាន​វ័យក្មេង (​អាយុ​ក្រោម ៣០​ឆ្នាំ​)​។ 
២) អ្នកសារព័ត៌មាន​កំពុង​បំពេញការងារ​ជូន​ស្ថាប័ន​ណាមួយ​។ 
៣) ត្រូវ​ចូលរួម​សិក្សា​រយៈពេល​៣​ថ្ងៃ (​ព្រឹក និង​ល្ងាច​)​។​
៤) ត្រូវ​ចុះឈ្មោះ​ចូលរៀន​ឲ្យ​បាន​មុន​ថ្ងៃទី​១២ ខែសីហា​នេះ​ជា​កំហិត​។ 
5) ត្រូវ​ផ្តល់ CV​។​
 
​ក្រោយ​ការសិក្សា សិក្ខាកាម​នឹង​ទទួលបាន​វិញ្ញាបនបត្រ​បញ្ជាក់​ការសិក្សា​ពី​ស្ថាប័ន CFI និង thmeythmey.com​។ សាស្ត្រាចារ្យ​ក្នុង​វគ្គ​សិក្សា​នេះ គឺ​ជនជាតិ​បារាំង និង​ខ្មែរ​។ គម្រោង​បណ្តុះបណ្តាល​នេះ ទទួលបាន​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ពី​ក្រសួង​អឺរ៉ុប និង​កិច្ចការបរទេស​នៃ​សាធារណៈរដ្ឋ​បារាំង​។ សូមបញ្ជាក់ថា វគ្គ​បណ្តុះបណ្តាល​នេះ គឺជា​ផ្នែក​មួយ​នៃ​គម្រោង​ធំ​របស់ CFI (Mekong News) សម្រាប់ ៤ ប្រទេស ក្នុងនោះ​មាន​៖ កម្ពុជា មី​យ៉ាន់​ម៉ា ឡាវ និង​វៀតណាម នៅក្នុង​តំបន់​មេគង្គ​។ សូម​អញ្ជើញ​ទំនាក់ទំនង​កញ្ញា ញឹក ស្រី​ល័​ក្ខ (​អ្នកសម្របសម្រួល​វគ្គ​បណ្តុះបណ្តាល​)៖ ០៨៩ ៨២០ ៨៣២​។ អ៊ី​ម៉ែ​ល​៖ [email protected]​។​

Tag:
 CFI
  អ្នកសារព័ត៌មាន​
© រក្សាសិទ្ធិដោយ thmeythmey.com