​អស់ពី​កម្ពុជា នៅតែ​២​ប្រទេស​ប៉ុណ្ណោះ​ដែល​យក «​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​» ជា​ថ្ងៃ​ឈប់សម្រាក​
អន្តរជាតិ
​អស់ពី​កម្ពុជា នៅតែ​២​ប្រទេស​ប៉ុណ្ណោះ​ដែល​យក «​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​» ជា​ថ្ងៃ​ឈប់សម្រាក​
06, Aug 2019 , 4:47 pm        
រូបភាព
​ឆ្នាំ​២០១៩​នេះ ជា​ឆ្នាំ​ចុងក្រោយ​ដែល​កម្ពុជា​យក «​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​» (International Human Rights Day) ជា​ថ្ងៃ​ឈប់សម្រាក​សាធារណៈ (Public Holiday)​។ យោងតាម​អនុក្រឹត្យ​ចុះ​ថ្ងៃទី​២ ខែសីហា ថ្ងៃ​១០​ធ្នូ លែង​ជា​ថ្ងៃ​វិស្សមកាល​នៅ​កម្ពុជា​ទៀតហើយ​ចាប់ពី​ឆ្នាំ​២០២០​។ ដូច្នេះ​ចាប់ពី​ឆ្នាំ​២០២០ ទៅ នៅសល់តែ​ប្រទេស​ណា​មី​ប៊ី និង​គិរី​បាទី ប៉ុណ្ណោះ ដែល​យក «​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​» ជា​ថ្ងៃ​ឈប់សម្រាក​។​

 
«​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​» (International Human Rights Day) ត្រូវបាន​ប្រារព្ធ​ជា​លើកដំបូង​នៅ​ឆ្នាំ​១៩៥០ និង​បន្ត​រៀបចំ​ជា​រៀងរាល់ឆ្នាំ​នៅ​ជុំវិញ​សាកលលោក​។ ទិវា​នេះ ត្រូវ​ប្រារព្ធ ជាពិសេស​នៅ​បណ្តា​ប្រទេស​ជា​សមាជិក​របស់​អង្គការសហប្រជាជាតិ ប៉ុន្តែ​មិនមែនជា​ថ្ងៃ​ឈប់សម្រាក​ជាទូទៅ​នោះឡើយ​។ កន្លងមក មានតែ​ប្រទេស​ណា​មី​ប៊ី និង​កម្ពុជា ប៉ុណ្ណោះ​ដែល​យក​ទិវា​សិទ្ធិ​អន្តរជាតិ ជា​ថ្ងៃ​ឈប់សម្រាក​សារ​ធារ​ណៈ (Public Holiday) ខណៈ​ប្រទេស​គិរី​បាទី នឹង​អនុវត្ត​លើកដំបូង​ចាប់ពី​ឆ្នាំ​២០១៩​នេះ​។  


 
​តាម​អនុក្រឹត្យ​ដែល​ចុះហត្ថលេខា​ដោយ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​២ ខែសីហា ឆ្នាំ​២០១៩ កម្ពុជា  «​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ១០​ធ្នូ​» និង​ថ្ងៃ​មួយចំនួនទៀត លែង​ស្ថិតក្នុង​បញ្ជី​ថ្ងៃ​ឈប់សម្រាក​សាធារណៈ​ទៀតហើយ ចាប់ពី​ឆ្នាំ​២០២០​។ កម្ពុជា​បានកំណត់​ថ្ងៃនេះ ជា​ថ្ងៃ​ឈប់សម្រាក​តាំងពី​ក្រោយ​ការបោះឆ្នោត​អណ​ត្តិ​ទី​១ ឆ្នាំ​១៩៩៣ មក​។ 
 
​តាមរយៈ​គេហទំព័រ​ផ្លូវការ UN ថ្ងៃ​សិទ្ធិមនុស្ស​អន្តរជាតិ ត្រូវបាន​ប្រារព្ធ​ធ្វើជា​រៀងរាល់ឆ្នាំ នៅ​ថ្ងៃទី​១០ ខែធ្នូ ពោល​គឺជា​ថ្ងៃ​ដែល​មហាសន្និបាត​អង្គការសហប្រជាជាតិ (UNGA) កាលពី​ឆ្នាំ​១៩៤៨ បានអនុម័ត​សេចក្តីប្រកាស​ជា​សាកល​ស្តីពី​សិទ្ធិមនុស្ស ​។ គោលដៅ​នៃ​ប្រារព្ធ​ធ្វើជា​រៀងរាល់​ឆ្នាំនេះ គឺ​ដើម្បី​អំពាវនាវ​ឲ្យ​ប្រជាជន​នៅ​ជុំវិញ​សាកលលោក​ឈ្វេងយល់ និង​ជំរុញ​សម្រាប់​សិទ្ធិ​ពួកគេ​។ 


 
​ប្រទេស​ណា​មី​ប៊ី (Namibia) ដែល​ស្ថិតនៅ​ទ្វីបអាហ្វ្រិក បាន​យក​ទិវា​សិទ្ធិ​ជា​ថ្ងៃ​ឈប់សម្រាក​តាំងពី​ទសវត្សរ៍​៩០​មក ដោយ​បញ្ចូល​ជាមួយ​ទិវា​សិទ្ធិនារី (International Human Rights Day and Namibian Women’s Day)​។ ការ​ប្រារព្ធ​នៅ​ឆ្នាំ​ខ្លះ​ចំ​ថ្ងៃទី​១០ ខែធ្នូ រីឯ​ឆ្នាំ​ខ្លះទៀត​នៅ​ថ្ងៃទី​១១ ខែធ្នូ​។​
 
​ដោយឡែក​គិរី​បាទី (Kiribati) ដែលជា​ប្រទេស​កោះ​នៅ​តំបន់​អូ​សេ​អា​នី នឹង​យក​ទិវា​សិទ្ធិមនុស្ស​ធ្វើជា​ថ្ងៃ​ឈប់សម្រាក ចាប់ពី​ឆ្នាំ​២០១៩ នេះ​តទៅ ដោយ​បញ្ចូល​ជាមួយ​ទិវា​សន្តិភាព (Human Rights and Peace Day)​។ ការ​ប្រារព្ធ​ត្រូវ​កំណត់​យក​ថ្ងៃ​ចន្ទ ឬ​ថ្ងៃ​សុក្រ ដែល​នៅ​កៀក​បំផុត​នឹង​ថ្ងៃទី​១០ ខែធ្នូ ពោលគឺ​មិនមែន​កំណត់​យក​ថ្ងៃទី​១០ ខែធ្នូ ចំ​នោះឡើយ​។​
 
​តាមពិតទៅ អាហ្វ្រិក​ខាងត្បូង ក៏មាន​ប្រតិទិន​ឈប់សម្រាក​សម្រាប់​ទិវា​សិទ្ធិមនុស្ស​ផងដែរ ប៉ុន្តែ​ពួកគេ​ធ្វើឡើង​នៅ​ថ្ងៃទី​២១ ខែមីនា ដើម្បី​រំលឹក​ដល់​ការសម្លាប់​រង្គាល​នៅ​ក្រុង Sharpeville នា​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​១៩៦០ ពេល​តវ៉ា​ប្រឆាំង​របប​អាប៉ាថេត (Apartheird)​។ អាហ្វ្រិក​ខាងត្បូង​បានប្រកាស​ជា​ថ្ងៃ​ឈប់សម្រាក ក្រោយ​ពេលដែល​លោក Nelson Mandela ក្លាយជា​ប្រធានាធិបតី​ទីមួយ​ដែលជា​ប់​ដោយសារ​ការបោះឆ្នោត​៕


 

Tag:
 ថ្ងៃ​សិទ្ធិមនុស្ស​អន្តរជាតិ​
  ចំណេះដឹង​ទូទៅ​
  ថ្ងៃបុណ្យ​ជាតិ​
© រក្សាសិទ្ធិដោយ thmeythmey.com