ជាតិ
តើ​ទូត​អាមេរិក​ថ្មី អាច​កែប្រែ​ទំនាក់ទំនង​កម្ពុជា​-​អាមេរិក ឱ្យ​ប្រសើរ​ឡើងវិញ​ទេ​?
19, Sep 2019 , 10:24 am        
រូបភាព
រូបពីTwitter របស់លោក Patrick Murphy ឧបការីរងក្រសួងការបរទេសអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ដែលទទួលការតែងតាំងជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា
រូបពីTwitter របស់លោក Patrick Murphy ឧបការីរងក្រសួងការបរទេសអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ដែលទទួលការតែងតាំងជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា
​ភ្នំពេញ​៖ ព្រឹទ្ធសភា​អាមេរិក បានអនុម័ត​សម្រេច​តែងតាំង​លោក Patrick Murphy ដែលជា​ឧបការ​រី​រង​នៃ​ក្រសួងការបរទេស​អាមេរិក ដែល​ទទួលបន្ទុក​កិច្ចការ​អាស៊ី​បូព៌ា​និង​ប៉ាស៊ីហ្វិក  ធ្វើជា​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា កាលពី​ថ្ងៃទី​១ សីហា ជំនួស​លោក William Hiedt ដែល​ផុត​អាណត្តិ​កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៨​។ ការតែងតាំង​មន្ត្រីជាន់ខ្ពស់​ការទូត​អាមេរិក មក​ធ្វើ​ការងារ​ផ្ទាល់​ជាមួយ​រដ្ឋាភិបាល​ក្រុងភ្នំពេញ​នេះ ត្រូវបាន​លោក ឈាង វណ្ណា​រិ​ទ្ធ ប្រធាន​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី មើលឃើញថា វា​ជា​រឿង​វិជ្ជមាន​ផង និង​អវិជ្ជមាន​ផង​។​

 
​រឿង​វិជ្ជមាន​ដែល​លោក ឈាង វណ្ណា​រិ​ទ្ធ មើលឃើញ​នោះ គឺ​កម្ពុជា​អាចធ្វើ​ការ​យ៉ាង​ជិតស្និទ​ជាមួយ​លោក Patrick Murphy ដែលជា​មន្ត្រីការទូត​អាមេរិក​មួយរូប យល់ដឹង​ពី​បញ្ហា​ភូមិសាស្ត្រ​នយោបាយ នៅក្នុង​តំបន់​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក​ច្បាស់​។ ជាពិសេស​វា​ជា​ឱកាសល្អ​សម្រាប់​កម្ពុជា អាច​បកស្រាយ​ទាល់​មុខ​ជាមួយ​អាមេរិក តាមរយៈ​លោក Murphy រាល់​បញ្ហា​នានា ដែល​អាមេរិក​សង្ស័យ​លើ​កម្ពុជា ត្រង់​ទៅ​ត្រង់​មក​។ បើតាម​ប្រធាន​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី​រូបនេះ វត្តមាន​លោក Murphy វា​ក៏​បង្ហាញថា រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ មិន​ព្រងើយកន្តើយ​ចំពោះ​កម្ពុជា​នោះដែរ​។​
 
​ជា​បន្ត​សូម​លោក​-​អ្នកនាង​ស្ដាប់​កិច្ច​សម្ភាស​រវាង​លោក រំដួល ចិ​ត្រា អ្នកសារព័ត៌មាន​ថ្មីៗ និង​លោក ឈាង វណ្ណា​រិ​ទ្ធ ប្រធាន​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី ដូចតទៅ​៖



 
​ចំណែក​រឿង​អវិជ្ជមាន​វិញ​នោះ លោក ឈាង វណ្ណា​រិ​ទ្ធ នៅតែ​មើលឃើញថា អាមេរិក មិន​បោះបង់​គោលបំណង​ទប់ស្កាត់​ឥទ្ធិពល​ចិន នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​នេះឡើយ តាមរយៈ​វត្តមាន​លោក Murphy ដែល​ស្គាល់​ភូមិសាស្ត្រ​ច្បាស់ នៅ​តំបន់​ឥណ្ឌូចិន​នេះ ។ សម្រាប់​លោក វណ្ណា​រិ​ទ្ធ កម្ពុជា​នឹង​ក្លាយជា​ទីកន្លែង​ប្រកួតប្រជែង​ឥទ្ធិពល​នយោបាយ​របស់​ប្រទេស​មហាអំណាច ដែល​អាច​អូសបន្លាយ​រយៈពេល​យូរអង្វែង​ទៀត ។​
 
​ប៉ុន្តែ​អ្វីដែល​កម្ពុជា អាច​ធ្វើបាន​ដើម្បី​ទប់ស្កាត់​បញ្ហា​ប្រជែង​អំណាច​របស់​មហា​យក្ស​ចិន និង​អាមេរិក​នេះ គឺ​វា​គ្មានអ្វី​ក្រៅពី​ការបង្រួបបង្រួម​ផ្ទៃក្នុង ដោយ​ប្រកាន់​ជំហរ​រួមគ្នា​តែមួយ ហើយ​ចៀសវាង​ការ​មាន​និន្នាការ​អាមេរិក​និយម ឬ​ចិន​និយម ដែល​នាំ​ឱ្យកម្ពុជា​ផុងខ្លួន​ក្លាយជា​កូនអុក នៃ​មនោ​គម​វិទ្យា​ពួក​មហាអំណាច​ឡើយ​។ នេះ​ជាការ​លើកឡើង​របស់​ប្រធាន​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី​៕

Tag:
 ឈាង វណ្ណា​រិ​ទ្ធ​
  អាមេរិក​
  ការទូត
© រក្សាសិទ្ធិដោយ thmeythmey.com