ខុន ស៊ី​ចាន់ អ្នកលេង​គុន​ចម្រុះ​លំដាប់​សង្វៀន ONE មាន​គម្រោង​បើក​សាលា​គុន​ខ្លួនឯង​
ONE Championship
កីឡាជាតិ
ជាតិ
ខុន ស៊ី​ចាន់ អ្នកលេង​គុន​ចម្រុះ​លំដាប់​សង្វៀន ONE មាន​គម្រោង​បើក​សាលា​គុន​ខ្លួនឯង​
06, Aug 2019 , 11:19 pm        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី 
 
​កីឡាករ​មានបទពិសោធន៍​នៅ​សង្វៀន​គុន​ចម្រុះ​ថ្នាក់ជាតិ និង អន្តរជាតិ ONE Championship ខុន ស៊ី​ចាន់ បាន​បង្ហើប​អំពី​មហិច្ឆតា​របស់ខ្លួន​ទៅ​ថ្ងៃ​អនាគត ថា​ចង់​បើក​ក្លិប​បង្ហាត់​គុន​ចម្រុះ​មួយ​ដោយ​ខ្លួនឯង​នៅឯ​ស្រុកកំណើត​ក្នុងករណី​ដែល​សហព័ន្ធ​កីឡា​យុទ្ធ​គុន​ចម្រុះ​កម្ពុជា ឬ​ស្ថាប័ន​ពាក់ព័ន្ធ​មានការ​រៀប​ព្រឹត្តិការណ៍​គុន​ចម្រុះ​ជាប្រចាំ​នៅក្នុង​ស្រុក​។

 
​ខុន ស៊ី​ចាន់ ដែល​ចាប់​ផ្ដើមឡើង​សង្វៀន​គុន​ចម្រុះ​តាំង​ឆ្នាំ ២០១៣ បាន​គូសបញ្ជាក់​បែបនេះ​៖«​ខ្ញុំ​ស្រលាញ់​ខាង​ក្បាច់គុន​តាំងពីដើម​មក​... យើង​ចោល​វា​មិនកើត​។ ហើយ​បើ​មាន​គេ​ប្រកួត​គុន​ចម្រុះ​ក្នុងស្រុក​ដូច​គុន​ខ្មែរ​ផុលផុស ខ្ញុំ​មានបំណង​បើក​ក្លិប​គុន​ចម្រុះ​ខ្លួនឯង​មួយ​មើល​លទ្ធភាព​ជាក់ស្ដែង​»​។ 
 
​ម្ចាស់​ខ្សែក្រវាត់ Khmer Warriors Challenge  វគ្គ​ទី​១​នៅ​ឆ្នាំ ២០១៣​ក្នុង​ប្រភេទ​ទម្ងន់ ៥៧ គីឡូក្រាម​បាន​រៀបរាប់​ទៀតថា គោលដៅ​របស់គេ​ចង់​បើក​ក្លិប​ខ្លួនឯង​តែម្ដង ប៉ុន្តែ​បើសិន​បើ​អាច​កៀរគរ​កដៃ​គូ​បាន​ដើម្បី​បង្កើត​ក្លិប​រឹតតែ​ប្រសើរ និង រៀបចំ​កាន់តែ​ល្អជា​ក់​ជាមិនខាន​។ បែបណាក៏ដោយ​នេះ​គ្រាន់​ជា​គិតទុក​ទៅ​ថ្ងៃមុខ​ប៉ុណ្ណោះ ប៉ុន្តែ បច្ចុប្បន្ន បុរស​វ័យ ៣១ ឆ្នាំ​រូបនេះ​នៅ​ចង់​ឡើង​ប្រកួត​បន្តទៀត ព្រោះ​នៅជាប់​កិច្ចសន្យា​ជាមួយ ONE នៅឡើយ​។ អតីត​កូនសិស្ស​របស់លោក ឡោ វុទ្ធី កំពុង​ហ្វឹកហាត់​នៅ​ទី​កំណើត​របស់ខ្លួន​ឯ​ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ ស៊ី​ចាន់ មិន​ត្រឹម​ហ្វឹកហាត់​ខ្លួនឯង​ទេ ប៉ុន្តែ​ថែមទាំង​បង្វឹក​ក្មេងៗ​នៅ​ស្រុកកំណើត​ដែល​ស្រលាញ់​គុន​ខ្មែរ​មួយចំនួន​ទៀតផង​។ 
 
​ពេលមុន​ឡើងទៅ​ប្រកួត​នៅ​សង្វៀន ONE ស៊ី​ចាន់ នឹង​ឡើងមក​ហាត់​ជាមួយ គ្រូបង្វឹក Alan Mccune នៃ​ក្លិប Phnom Penh MMA ។ បច្ចុប្បន្ន អ្នកលេង​គុន​ចម្រុះ​ដដែល​រង់ចាំ​គ្រូបង្វឹក Alan ជាសះស្បើយ​ពី​ជំងឺ​ទឹក​ចូល​សួត​សិន ទើប​ចាប់ផ្ដើម​ហ្វឹក​ហាត់គុន​ចម្រុះ​ឡើងវិញ​ដើម្បី​ត្រៀម​ចេញទៅ​ប្រកួត​។ ស៊ី​ចាន់ សង្កត់ធ្ងន់ថា​៖«​ជំងឺ​របស់​គ្រូ​ខ្ញុំ Alan គាត់​ជិត​ជា​ហើយ​។ ពេល​គាត់ [Alan] ជាសះស្បើយ ១០០% ខ្ញុំ​នឹង​ឡើងមក​ហាត់​ជាមួយ​គាត់​នៅ​ភ្នំពេញ ដើម្បី​ខ្លួន​ឲ្យ​កាន់តែ​ល្អ​ឡើង និង ត្រៀម​ប្រកួត​នៅក្រៅ​ប្រទេស​បន្តទៀត​»​។ 
 
​អ្នកលេង​គុន​ខ្មែរ និង គុន​ចម្រុះ​មកពី​ស្រុក​អន្លង់វែង នឹង​ខំប្រឹង​ឲ្យ​កាន់តែ​ល្អ​ជាង​មុន បន្ទាប់ពី​ធ្វេសប្រហែស​ចាញ់  Rudy Agustian ត្រឹម​ទឹក​ទី​១ ដោយ​ក្បាច់​ឃ្លេ នា​ប្រកួត​ចុងក្រោយ​នៅ​សង្វៀន ONE Championship កាល​ខែ កុម្ភៈ នៅ​ប្រទេស​សិង្ហ​បុរី​។ 
 
​ខុន ស៊ី​ចាន់  បាន​ផ្ដើម​អាជីព​ហ្វឹកហាត់​ប្រដាល់​គុន​ខ្មែរ​នៅ កងពលធំ​អន្តរាគមន៍​ខេត្តព្រះវិហារ ដែល​គ្រូបង្វឹក លោក ឡោ វុទ្ធី ត្រូវជា​បងប្រុស​របស់​អតីត​កីឡាករ​គុន​ខ្មែរ​ល្បីឈ្មោះ ឡោ សំណាង​។ ក្រោយមកទៀត រូបគេ​បាន​ចូលខ្លួន​ប្រមូលផ្ដុំ​ហ្វឹកហាត់​ក្បាច់គុន​ចម្រុះ​ប្រកួត​ជើងឯក Khmer Warriors Challenge ពេល​រៀបចំឡើង​ដោយ ស៊ី​ធី​អិន និង MyTV នៅ​ឆ្នាំ ២០១៣​។ គ្រានោះ​ជា​ពេលដែល​រូបគេ​បាន​រៀន​ក្បាច់គុន​ជាច្រើន​រួមមាន គុន​ចម្រុះ យូ​ដូ តេ​ក្វាន់​ដូ ចំបាប់ និង គុន​ខ្មែរ​ជាដើម​។ 
 
​ស៊ី​ចាន់ ឈ្នះ​ខ្សែក្រវាត់ Khmer Warriors Challenge ជា​លើកដំបូង​ក្នុង​ព្រឹត្តិការណ៍​មិន​ធ្លាប់មាន និង​ជា​ឆ្នាំ​ដំបូង​ក្នុង​ព្រឹត្តិការណ៍​គុន​ចម្រុះ​នៅ​កម្ពុជា​ដែល​រៀបចំ​ផ្ដួចផ្ដើម​ដោយ​សព​លោក ម៉ា សេរី​។ កីឡាករ​ពោរពេញ​ដោយ​បទពិសោធន៍​មកពី​ក្លិប Phnom Penh MMA រូបនេះ ឡើង​ប្រកួត​ចម្រុះ​ចំនួន ៦ ដង​ក្នុងនោះ ឈ្នះ ៣ ដង និង ចាញ់ ៣ ដង​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com