ជាតិ
នយោបាយជាតិ
មហាធៀ នឹងមកកម្ពុជានៅខែកញ្ញា ដើម្បីពង្រឹងមិត្តភាព ជំនួបរវាងសម្តេច ហ៊ុន សែន និង លោក មហាធៀ នៅភ្នំពេញ កាលពីឆ្នាំ២០០៦ (រូបពី AFP)
× លោក មហាធៀ មហាម៉ាត់ (Mahathir Mohamad) នាយករដ្ឋមន្ត្រីវ័យ៩៤ឆ្នាំរបស់ម៉ាឡេស៊ី នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា នៅដើមខែកញ្ញា ឆ្នាំ២០១៩។ លោក Eldee Husaini Mohd Hashim ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជា លើកឡើងពីគម្រោងធ្វើទស្សនកិច្ចនេះ ក្នុងជំនួបជាមួយអ្នកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា នាព្រឹកថ្ងៃទី៦ ខែសីហា។
បើតាមទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) គោលបំណងនៃដំណើរទស្សនកិច្ចរបស់លោកមហាធៀ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ម៉ាឡេស៊ី ជាពិសេសសំដៅលើ ទំនាក់ទំនងការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម វប្បធម៌ និងទេសចរណ៍ ជាដើម។ លោកឯកអគ្គរាជទូត លើកឡើងថា ម៉ាឡេស៊ី នាំមុខគេក្នុងវិស័យធុរកិច្ច ដោយគិតមកដល់បច្ចុប្បន្ន មានអ្នកវិនិយោគទុនម៉ាឡេស៊ីប្រមាណជាង៤០០ក្រុមហ៊ុន ដែលកំពុងរកស៊ីនៅកម្ពុជា។
អ្នកស្រី ម៉ែន សំអន មានប្រសាសន៍ថា កម្ពុជា ចាត់ទុកម៉ាឡេស៊ី ជាមិត្តល្អ តាំងពីអតីកាល។ អ្នកស្រី បន្តថា ម៉ាឡេស៊ី បានរួមចំណែកក្នុងការស្វែងរកសន្តិភាព និងការស្តារសេដ្ឋកិច្ចកម្ពុជា។ អ្នកស្រីរដ្ឋមន្ត្រី បញ្ជាក់ថា កម្ពុជា បានត្រៀមខ្លួនរួចជាស្រេច ដើម្បីទទួលស្វាគមន៍លោកនាយករដ្ឋមន្ត្រី មហាធៀ៕
© រក្សាសិទ្ធិដោយ thmeythmey.com