ONE Championship
កីឡាជាតិ
ជាតិ
គ្រូបង្វឹក សាន សៅ​យ៉ាន់ ថា សុខ ធី ល្អ​ជាង​មុន​ក្រោយ​ចាញ់ Rodtang នៅ ONE
07, Aug 2019 , 8:29 am        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី​
 
​គ្រូបង្វឹក សាន សៅ​យ៉ាន់ បាន​បង្ហើប​ថា​កូនសិស្ស​របស់ខ្លួន សុខ ធី មើលទៅ​មាន​កម្លាំង​ល្អ​ជាង​មុន​បន្ទាប់ពី​ចាញ់ Rodtang Jitmuangnon  កន្លងទៅ​នៅ​ប្រទេស​ថៃ មុន​ត្រៀមខ្លួន​ឡើង​សង្វៀន​ឯក​ភ្នំ​ដើម្បី​ប្រកួត ៣​ទឹក​ដូច​សង្វៀន ONE​។ ថ្មីៗ​នេះ​ជើង​ខ្លាំង Rodtang Jitmuangnon ទើប​ឈ្នះ​ខ្សែក្រវាត់​លំដាប់​ពិភពលោក FLYWEIGHT MUAY THAI WORLD CHAMPIONSHIP  ពី Jonathan Haggerty​។


 
​លោក សាន សៅ​យ៉ាន់ រំលឹកថា បន្ទាប់ពី សុខ ធី ចាញ់​ដោយសារ​ការ​ទាត់​ជើង​ក្រោម របស់ Rodtang គេ​បាន​តាំងចិត្ត​ហ្វឹកហាត់​យ៉ាង​ល្អ​ដើម្បី​ត្រលប់មក​ដូចដើម និង ល្អប្រសើរ​ជាង​មុន​។ ក្រោយ​រង​បរាជ័យ​ទល់នឹង មនុស្ស​ដែក Rodtang សុខ ធី ទើប​ឡើង​សង្វៀន​បាន ២ ប្រកួត​ប៉ុណ្ណោះ ហើយ​ឈ្នះ​ទាំងពីរ​ប្រកួត​។ គ្រូបង្វឹក​ដដែល​ថា សុខ ធី ឈ្នះ​ពិន្ទុ​កីឡាករ​ថៃ Khaokrachang ដោយ​ពិន្ទុ​នៅ​សង្វៀន PNN កាល​ចុងខែ កក្កដា​។ លោក​សង្កេតឃើញថា សុខ ធី វ៉ៃ​ប្រាំ​ទឹក​អត់​អស់កម្លាំង​ស៊ុ​ហ្វ ពោល​កម្លាំង​ស៊ុ​ហ្វ​ល្អ​ជាង​មុន​ច្រើន​។ មុន​ឈ្នះ​ពិន្ទុ​នៅ PNN កា​កា បាន​វ៉ៃ​កីឡាករ​ថៃ Petchprakan ឲ្យ​ចុះចាញ់​ត្រឹម​ទឹក​ទី​៤​នៅ​សង្វៀន​បាយ័ន​។ 


 
​គ្រូបង្វឹក​វ័យ ៤០ ឆ្នាំ​មកពី​ខេត្តបន្ទាយមានជ័យ​បាន​គូសបញ្ជាក់​បែបនេះ​៖«​សុខ ធី បាន​ខិតខំ​ហាត់​ដែល​នាំ​ឲ្យ​គេ​រឹង​ជាង​មុន ដូចដែល​បាន​តាំងចិត្ត ក្រោយ​ចាញ់ Rodtang​។ ខ្ញុំ​មើលឃើញ​ពីរ​ប្រកួត​កន្លងទៅ គេ​ល្អ​។ ហើយ​ចុងខែ​នេះ​នឹង​ត្រៀមខ្លួន​ឡើង​ប្រកួត​បន្តបន្ទាប់​។  កា​កា​នឹង​ឡើង​ប្រកួត ៣ ទឹក​ដូច​សង្វៀន ONE នៅ​ឯក​ភ្នំ នា​ខេត្ត​បាត់​ដំបូង​»​។ 
 
​គ្រូបង្វឹក​ដដែល​រៀបរាប់ថា ការ​វ៉ៃ​ប្រាំ​ទឹក​របស់ កា​កា នៅ​បាយ័ន និង PNN ល្អ​ណាស់ និង​មាន​លំនឹង​ទៀតផង​ថែម​ល្អ​ទាំង​កម្លាំង​ស៊ុ​ហ្វ​។ «​ខ្ញុំ​គិតថា បើ​វ៉ៃ​៣​ទឹក​នៅ​សង្វៀន​ឯក​ភ្នំ រឹតតែ​ល្អ​ទៀតហើយ​។ ព្រោះ​យើង​វ៉ៃ ៥ ទឹក​អត់​សូវ​ហត់​ផង​។ ការប្រកួត ៣ ទឹក​ខុសប្លែកគ្នា​ពី​ប្រាំ​ទឹក​។ បើ​លេង ៣ គឺ បុក​តាំងពី​ដំបូង​។ បើ​យើង​ឈ្នះ ២​ទឹក​គឺមាន​ប្រៀប​ឈ្នះ​តែម្ដង​។ ហើយ​អាជ្ញាកណ្ដាល​ដាច់ខាត​ត្រូវតែ​ប្រាប់​ឲ្យ​កីឡាករ​វ៉ៃ មិនមែន​ឡើងមក​ខ្លាចៗ​ទេ​»​។ នេះ​ជាការ​បញ្ជាក់ អតីត​ម្ចាស់​ខ្សែក្រវាត់​ទម្ងន់ ៥៧ គីឡូក្រាម​កាល​ឆ្នាំ ២០០២​។ 
 
​សុខ ធី បង្ហាញខ្លួន ៣ លើក​នៅ​សង្វៀន​លំដាប់​អន្តរជាតិ ONE ប៉ុន្តែ បរាជ័យ​ទាំង ៣ លើក​តែម្ដង​ដោយសារ​គូប្រកួត​សុទ្ធតែ​លំដាប់​ខ្សែក្រវាត់​នៅ​ថៃ និង ពិភពលោក​។ គេ​ចាញ់​ជើង​ខ្លាំង​ម្ចាស់​ខ្សែក្រវាត់​ជាច្រើន​នៅ​ថៃ Leardsila ចំនួន ២ លើក និង ចុងក្រោយ​ចាញ់​កីឡាករ​ម្ចាស់ផ្ទះ​ថៃ Rodtang Jitmuangnon នៅ​សង្វៀន ONE: WARRIORS OF LIGHT កាល​ថ្ងៃទី ១០ ខែ ឧសភា នៅ​ក្រុង​បាងកក​។ នា​ការប្រកួត​ចុងក្រោយ Rodtang បានផ្ដល់​មេរៀន​ឲ្យ សុខ ធី ខកខាន​ហ្វឹកហាត់​ជាច្រើន​ថ្ងៃ​ដោយសារ​របួស​ជើង​។ 
 
​យ៉ាងណាក្ដី គ្រូបង្វឹក​មកពី​ក្លិប «​សៅ​យ៉ាន​នាគ​» បញ្ចេញ​ទស្សនៈ​ថា ៖«​ខ្ញុំ​ដឹកនាំ​កីឡាករ​ទៅ​ប្រកួត​នៅ​ថៃ បើ​យើង​ឈ្នះ​៣​ទឹក ប៉ុន្តែ​ពីរ​ទឹក​ចុងក្រោយ​យើង​អស់​ស៊ុ​ហ្វ ហើយ​ថយៗ ក៏​គេ​ឲ្យ​យើង​ចាញ់​ដែរ​។ ខ្ញុំ​សង្ឃឹមថា សុខ ធី និង សុខ រិ​ទ្ធ ធ្វើបាន​ល្អ​នា​ចុងខែ សីហា​នេះ​។ ប៉ុន្តែ​ការដាក់​ពិន្ទុ ៣ ទឹក​នៅ​ស្រុក​យើង ខ្ញុំ​មិនទាន់​ច្បាស់ គេ​ដាក់​របៀប​ម៉េច​ទេ​។ ខ្ញុំ​ជឿជាក់ថា កូនសិស្ស​ខ្ញុំ​ធ្វើ​បានល្អ​ទាំង ៣ ទឹក​មិន​រាថយ​»​។ 
 
​បងប្អូន​បង្កើត ត្រកូល​សុខ គឺ សុខ ធី និង សុខ រិ​ទ្ធ ត្រូវគេ​ចាប់​គូ​ឲ្យ​ឡើង​ប្រកួត​នៅ «​សង្វៀន​ប្រដាល់​គុន​ខ្មែរ​ឯក​ភ្នំ​» នា​ចុងខែ សីហា​នេះ​។ តើ បងប្អូន​ត្រកូល សុខ នឹងធ្វើ​បានល្អ​កម្រិតណា​នា​សង្វៀន ៣ ទឹក​នៅ​កម្ពុជា​? 

© រក្សាសិទ្ធិដោយ thmeythmey.com