សង្គមស៊ីវិល ព្រួយបារម្ភពីស្ថានភាពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ក្រោយរដ្ឋាភិបាលសម្រេចលុបចោលថ្ងៃសំខាន់ៗមួយចំនួន ក្នុងប្រតិទិនឈប់សម្រាកប្រចាំឆ្នាំ២០២០ ដែលក្នុងនោះមានថ្ងៃទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ ជាដើម។ តែរដ្ឋាភិបាល អះអាងថា ប្រតិទិនថ្មី គ្រាន់តែកាត់បន្ថយថ្ងៃឈប់សម្រាកប៉ុណ្ណោះ ប៉ុន្តែមិនហាមការប្រារព្វរបស់បុគ្គល ឬស្ថាប័នណាឡើយ។
បុណ្យជាតិសំខាន់ៗ ដែលរដ្ឋាភិបាលសម្រេចលុបចេញពីប្រតិទិនឆ្នាំ២០២០នោះ រួមមាន បុណ្យមាឃបូជា, ទិវាជាតិនៃការចងចាំ ថ្ងៃទី២០ ឧសភា, ទិវាកុមារអន្តរជាតិ ១ មិថុនា, កិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា និងថ្ងៃទី១០ ធ្នូ នៃទិវាសិទ្ធិមនុស្សអន្តរជាតិជាដើម។
ទាក់ទងនឹងការលុបថ្ងៃឈប់សម្រាកខាងលើនេះ បានធ្វើឱ្យមន្ត្រីសង្គមស៊ីវិលបារម្ភពីស្ថានភាពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ លោក ស៊ឹង សែនករុណា មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃសមាគមសិទ្ធិមនុស្សអាដហុក បាននិយាយថា កម្ពុជាកំពុងតែដើរផ្ទុយពីគោលការណ៍សិទ្ធិមនុស្ស និងប្រជាធិបតេត្យ ខណៈកម្ពុជា ក៏ជារដ្ឋនៃសមាជិកនៃអង្គការសហប្រជាជាតិ ដែលព្រមទទួលយកសច្ចាប័ណ្ណលើអនុសញ្ញាផ្សេងៗផងដែរ។ ក្នុងន័យនេះលោក ករុណា សំដៅលើការលុបចោលថ្ងៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ដែលលោកយល់ឃើញថា រដ្ឋាភិបាលហាក់បង្ហាញពីជំហរគ្មានឆន្ទៈ លើកកម្ពស់សិទ្ធិមុស្ស និងប្រជាធិបតេយ្យក្នុងសង្គមបន្តទៀត។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ មន្ត្រីជាន់ខ្ពស់សមាគមអាដហុករូបនេះ បាននិយាយដូច្នេះថា៖«យើងមានការបារម្ភ និងសោកស្ដាយណាស់ ដោយមិនដឹងថា តើកម្ពុជាយើងទៅមុខទៀតបន្តដើរលើផ្លូវបែបណាឱ្យបានច្បាស់លាស់នោះទេ។ ទាំងខ្ញុំ និងសកម្មជនសិទ្ធិមនុស្សផ្សេងៗទៀត កំពុងមានការព្រួយបារម្ភ និងកំពុងយកចិត្តទុកដាក់តាមដានទៅលើការគោរពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា»។
លោក អំ សំអាត នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ បាននិយាយថា កម្ពុជាមានភាពល្អប្រសើរដូចសព្វថ្ងៃនេះ គឺដោយសារមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ដែលធ្វើឲ្យខ្មែរគ្រប់ភាគីត្រូវរ៉ូវគ្នា និងបញ្ចប់សង្គ្រាមស៊ីវិល។
«នៅពេលយើងលប់ចំថ្ងៃនេះទៀត វានឹងមានការរិះគន់បន្ថែមទៀតថា ប្រទេសកម្ពុជាមិនមានឆន្ទៈក្នុងការលើកកម្ពស់លិទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សជាដើម។ ជៀសមិនផុតទេពីផលប៉ះពាល់ បើយើងរក្សារវាក៏បង្ហាញថាប្រទេសកម្ពុជានៅតែរក្សា និងគោរពទៅតាមគោលការណ៍នៃបទដ្ឋានអន្តរជាតិ ស្តីពីសិទ្ធិមនុស្សឲ្យបានល្អប្រសើរផងដែរ»។ នេះជាការយល់ឃើញរបស់មន្ត្រីឃ្លាំមើលសិទ្ធិមនុស្ស ដែលបានបន្ថែមថា ក្នុងកាលៈទេសៈនេះកម្ពុជានឹងរងការរិះគន់ពីបណ្ដាប្រទេសដែលគោរពលិទ្ធិប្រជាធិបតេយ្យ ព្រោះកម្ពុជាកំពុងស្ថិតនៅក្រោមការវាយតម្លៃពីសហភាពអ៊ីរ៉ុបករណី EBA ជាដើម។ លោកស្នើឲ្យរដ្ឋាភិបាលគួរគិតគូរឡើងវិញនៅឆ្នាំបន្ទាប់លើករណីនេះ។
តែយ៉ាងណារដ្ឋាភិបាលអះអាងថា ការលុបថ្ងៃឈប់សម្រាកទាំងនេះ វាមិនធ្វើឱ្យប៉ះពាល់ដល់សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនោះទេ។ លោក ប៊ូ ជុំសេរី អនុប្រធាននៃគណៈកម្មធិការជាតិរៀបចំបុណ្យជាតិនិងអន្តរជាតិ បានពន្យល់ថា ការប្រារព្ធទិវានានា នៅថ្ងៃសំខាន់នេះ គឹនៅតែប្រព្រឹត្តទៅជាធម្មតា ប៉ុន្តែគ្រាន់តែមិនមានការឈប់សម្រាកជាផ្លូវការដូចកន្លងមកប៉ុណ្ណោះ។ បើតាមលោក សេរី មូលហេតុដែលកម្ពុជាកាត់បន្ថយថ្ងៃឈប់សម្រាកនេះ ដើម្បីកុំឱ្យប៉ៈពាល់ដល់ចង្វាក់ការងារររកស៊ី របស់វិនិយោគិននៅកម្ពុជា។
អនុប្រធាននៃគណៈកម្មធិការជាតិរៀបចំបុណ្យជាតិនិងអន្តរជាតិ បាននិយាយថា៖«បើខ្ញុំមើលទៅ (ការលុបថ្ងៃសម្រាកនេះ)វាមិនអីទេ ព្រោះនរណាចង់ធ្វើអ្វី(ប្រារព្វពិធី)ធ្វើទៅ ជាសិទ្ធិរបស់គេ។ ប៉ុន្តែគ្រាន់តែថាមន្ត្រីរាជការយើងមិនឈប់ទេ។ ហើយវាក៏មិនទៅបិទសិទ្ធិអីដែរ។ ដូចជាទិវារុក្ខទិវា យើងធ្វើធម្មតា គ្រាន់តែយើងមិនឈប់»។
មន្ត្រីសិទ្ធិមនុស្សរូបនេះ បានសង្កេតឃើញថា បច្ចុប្បន្នរដ្ឋាភិបាលហាក់បង្ហាញទំនោរទៅកាន់ប្រទេសដែលមាននិន្នការកុម្មុយនីស្ត ដែលប្រាសចាកពីខ្លឹមសារនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣តុលា ១៩៩១។ ជាក់ស្ដែងការលុបថ្ងៃឈប់សម្រាកសំខាន់ៗ ដូចជាថ្ងៃសន្ធិសញ្ញាទីក្រុងប៉ារីស និងសិទ្ធិមនុស្សនេះតែម្ដង។
ជុំវិញកង្វល់នេះ លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បាននិយាយថា កម្ពុជានៅតែប្រារព្ធទិវាសិទ្ធិមនុស្សជារៀងរាល់ឆ្នាំ។ ប៉ុន្តែលោកក៏គាំទ្រឲ្យមានលុបចោលថ្ងៃសិទ្ធិមនុស្សនោះដែរ ព្រោះកម្ពុជាមានថ្ងៃឈប់ច្រើន ដែលធ្វើឱ្យវិនិយោគនៅកម្ពុជាមិនសប្បាយចិត្ត។ «តាមពិតទៅសិទ្ធិសេរីភាពក្នុងការសម្តែងមតិ និងការអបអរដូចជាមិនមានការហាមឃាត់អ្វីនោះទេ ។ប៉ុន្តែចំពោះថ្ងៃឈប់សម្រាកប្រហែលជាច្រើនពេក។ យើងទទួលស្គាល់ទាំងអស់គ្នាថាពិតជាធុញទ្រាន់។ អ្នកវិនិយោគគេបានរិះគន់ច្រើនណាស់ តិចឈប់ តិចឈប់។ នរណាក៏គេរិះគន់ដែថាប្រទេសយើងឈប់ច្រើនជាងគេ»។ នេះជាការលើកឡើងរបស់លោក កែវ រ៉េមី។
ចំពោះករណីនេះ លោក មាស នី យល់ថា ការកាត់បន្ថយថ្ងៃឈប់សម្រាកជារឿងល្អ ប៉ុន្តែក៏គួរលុបចោលទិវាណា ដែលមិនសំខាន់សម្រាប់សង្គមជាតិដែរ ជាពិសេសទិវារបស់បក្សជាដើម។ អ្នកវិភាគរូបនេះ បាននិយាយដូច្នេះថា៖«ថ្ងៃ៧ មករា ជាថ្ងៃកំណើតទី២ តែយ៉ាងណាក៏ដោយ ក៏ប៉ុន្តែកម្ពុជាមិនទាន់បានទទួលជោគជ័យលើការឯកភាពជាតិ និងសាម្គីជាតិនោះទេ។ ប៉ុន្តែថ្ងៃទី២៣ តុលាវិញ បាននាំមកនូវការឯកភាពជាតិ និងសន្ដិភាពពិតប្រាកដមកឲ្យស្រុកខ្មែរយើង»។
រដ្ឋាភិបាលសម្រេចលុបថ្ងៃសម្រាកនេះ ធ្វើឡើងក្រោយពីអ្នកវិនិយោគ និងម្ចាស់អាជីវកម្មគ្រប់ប្រភេទ ធ្លាប់រអ៊ូរទាំពីផលប៉ះពាល់ដល់ចង្វាក់ផលិតកម្មរបស់ពួកគេកន្លងមក។ ការឈប់សម្រាកច្រើន វាធ្វើឲ្យសង្វាក់ផលិតកម្មមានភាពយឺតយ៉ាវ និងស្ទះ ដែលធ្វើឲ្យការផលិតមានការចំណាយខ្ពស់ ហើយពិបាកនឹងប្រកួតប្រជែង។ ត្រង់ចំណុចនេះលោក តែ តាំងប៉ សម្ព័ន្ធសហគមន៍សហគ្រាសធុនតូច និង មធ្យមកម្ពុជា បានថ្លែងប្រាប់សារព័ត៌មានថ្មីៗថាវិស័យឯកជនបានស្នើទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយសុំមិនឲ្យមានការឈប់លើកថ្ងៃបន្ថែម លើសពីថ្ងៃបុណ្យជាតិឡើយ ។ បើតាមលោក តុងប៉ ការកាត់បន្ថយថ្ងៃឈប់ជារឿងមួយល្អសម្រាប់ពង្រឹងការផលិតសហគ្រិន។
សម្រាប់អ្នកវិភាគសេដ្ឋកិច្ចវិញ ក៏មើលឃើញពីផលវិជ្ជមាននៃការកាត់បន្ថយថ្ងៃឈប់សម្រាកនេះដែរ។ តាមរយៈការគណនាបែបសេដ្ឋកិច្ច លោក គី សេរីវឌ្ឍន៍ បានព្យាករថា កម្ពុជា នឹងកើនចំណូលថវិកាជាតិយ៉ាងតិច ១៥០លានដុល្លារអាមេរិក បើសិនជារដ្ឋាភិបាលសម្រេចលុបចោលថ្ងៃបុណ្យជាតិមិនសំខាន់ចំនួន ៧ ថ្ងៃ ចេញពីថ្ងៃឈប់សម្រាកប្រចាំឆ្នាំបច្ចុប្បន្ននេះ៕