ជាតិ
ព្រះមហាក្សត្រ
ប្រធានាធិបតី​ស្រីលង្កា មក​ទស្សនកិច្ច​នៅ​កម្ពុជា ដើម្បីពិភាក្សា​ពី​បញ្ហា​តំបន់ និង​អន្តរជាតិ​
07, Aug 2019 , 9:24 am        
រូបភាព
រូបពី AFP
រូបពី AFP
​ភ្នំពេញ​៖ ប្រ​ធានាធិប​តី​ស្រីលង្កា លោក ម៉ៃ​ទ្រី​ប៉ា​ឡា ស្រ៊ី​សេនា (Maithripala Sirisena) មក​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី​៧ ដល់​១០ សីហា តប​តាម​ការអញ្ជើញ​របស់ ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​កម្ពុជា​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​។​

 
​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​លោក ស្រ៊ី​សេនា ក៏​ជួបពិភាក្សា​ជាមួយ​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន លើ​បញ្ហា​តំបន់​និង​អន្តរជាតិ ដែលជា​ក្តី​ព្រួយបារម្ភ​និង​ផលប្រយោជន៍​រួម​ផងដែរ​។ បន្ថែម​ពីនេះ​ភាគី​ទាំងពីរ ក៏មាន​ចុះហត្ថលេខា​លើ​ឯកសារ​កិច្ចសហប្រតិបត្តិការ​មួយចំនួន​។​
 
​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ដដែល ប្រធានាធិបតី​ស្រីលង្កា ក៏​ចូលរួម​ក្នុង​ពិធី​ដាំ​ដើមឈើ​តំណាង​ប្រទេស​ស្រីលង្កា នៅ​មជ្ឈមណ្ឌល​វិបស្សនា​ភ្នំ​ឧ​ត្តុ​ង្គ រួម​ទៅ​ទាំង​ទស្សនា​ប្រាសាទ​នានា​នៅក្នុង​ឧទ្យាន​អង្គរ នៃ​ខេត្តសៀមរាប​ទៀតផង​។​
 
​នេះ​ជា​ដំណើរ​ទស្សនកិច្ច​លើកដំបូង​មកកាន់​កម្ពុជា​របស់​ប្រធានាធិបតី ម៉ៃ​ទ្រី​ប៉ា​ឡា ស្រ៊ី​សេនា ដើម្បី​ពង្រីក​កិច្ចសហប្រតិបត្តិការ​នៅក្នុង​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វប្បធម៌ រវាង​កម្ពុជា​និង​ស្រីលង្កា​។ គួរ​បញ្ជាក់ថា កម្ពុជា និង​ស្រីលង្កា បាន​ភ្ជាប់​ទំនាក់ទំនង​ការទូត​ចាប់តាំងពី​អំឡុង​ឆ្នាំ​១៩៥០​មកម្ល៉េះ​៕
 

Tag:
 ព្រះមហាក្សត្រ​
 ​ហ៊ុន សែន​
  ស្រីលង្កា
© រក្សាសិទ្ធិដោយ thmeythmey.com